Angelina Jolie ជួបផលិតករជើងចាស់ខ្មែរ រៀបចំសម្រាប់ការថតកុន
- 2015-07-29 00:37:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie ជួបផលិតករជើងចាស់ខ្មែរ រៀបចំសម្រាប់ការថតកុន
ចន្លោះមិនឃើញ
ក្រោយបានប្រកាសថានឹងផលិតខ្សែភាពយន្តចេញពីសៀវភៅ "ពីដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ឥឡូវនេះកំពូលតារាហូលីវូដ Angelina Jolie បានមកធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ មុននេះបន្តិច តារាសម្ដែងដែលបានយកកូនខ្មែរទៅចិញ្ចឹម បានទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបុប្ផាណា ដែលជាកន្លែងប្រមូលផ្ដុំឯកសារ និងផលិតកុនទាក់ទងនឹងខ្មែរក្រហមជាច្រើន។
Angelina ថ្លែងឲ្យដឹងថា៖ "ខ្ញុំមានកិត្តិយស និងមោទនភាពណាស់ក្នុងការនាំយករឿង "ពីដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" មកបង្ហាញជាខ្សែភាពយន្ត។ ខ្សែភាពយន្តនេះផ្អែកលើការចងចាំដ៏ក្ដុកក្ដួលរបស់អ្នកនិពន្ធ លឿង អ៊ឹង ដែលកាលនោះគាត់មានអាយុ៥-៨ឆ្នាំ។ ភាពយន្តនេះនឹងថតចេញពីការចងចាំរបស់ក្មេងស្រីរូបនេះ វាគឺជាការមើលឃើញរបស់កុមារម្នាក់ពីសង្គ្រាម ការយល់ និងទស្សនៈរបស់កុមារម្នាក់នោះអំពីសង្គ្រាម"។
អ្នកនាង Angelina Jolie និងលោក រិទ្ធី ប៉ាន់ ផលិតករភាពយន្ដខ្មែរ
ដោយហេតុថានៅសម័យនោះ លឿង អ៊ឹង នៅជាកុមារនៅឡើយ ហេតុនេះ Angelina Jolie នឹងត្រូវធ្វើការងារជាមួយមជ្ឈមណ្ឌលបុប្ផាណា និងប្រវត្តិវិទូផ្សេងទៀត ព្រមទាំងជជែកជាមួយមនុស្សជាច្រើន ដែលបានហែលឆ្លងកាត់សង្គ្រាម ដើម្បីឲ្យប្រាកដថាព្រឹត្តិការណ៍ដែលនឹងបង្ហាញនៅក្នុងខ្សែភាពយន្តគឺត្រឹមត្រូវពិតប្រាកដមែន។
ពួកគេនឹងចំណាយពេលវេលាពីរបីខែខាងមុខនេះ ក្នុងការស្វែងរកទីកន្លែងថត ជ្រើសរើសតួសម្តែង ហើយអ្វីដែលសំខាន់ខ្លាំងបំផុតនោះ គឺការស្រាវជ្រាវរាល់ព្រឹត្តិការណ៍ទាំងអស់ ដើម្បីឲ្យប្រាកដថា វាត្រឹមត្រូវតាមប្រវត្តិសាស្ត្រ នោះគេមិនត្រឹមតែគោរពដល់ លឿង អ៊ឹង និងគ្រួសាររបស់គាត់ប៉ុណ្ណោះទេ គឺគោរពដល់អ្នកទាំងឡាយដែលទទួលរងការឈឺចាប់ក្នុងសម័យខ្មែរក្រហមទៀតផង។
សៀវភៅនោះរៀបរាប់ពីរឿងរ៉ាវរបស់កុមារីម្នាក់ ហើយក្រុមផលិតខ្សែភាពយន្តនេះនឹងដាក់បញ្ចូលបទពិសោធន៍របស់អ្នកដទៃៗទៀតនៅក្នុងខ្សែភាពយន្តនេះផងដែរ។ តាមរយៈសាច់រឿងរបស់ លឿង អ៊ឹង គឺពូកគេកំពុងតែបង្ហាញពីរឿងជាច្រើនទៀត ដូច្នេះខ្សែភាពយន្តនេះមិនត្រឹមតែបង្ហាញពីការចងចាំរបស់ក្មេងស្រីតែម្នាក់ទេ ប៉ុន្តែវាជាការចងចាំរួមរបស់ប្រជាជនកម្ពុជាផងដែរ។
គោលបំណងរបស់គម្រោងភាពយន្តនេះ គឺមិនមែនដើម្បីរម្លឹកដល់ការភ័យខ្លាច រន្ធត់ នៃសង្គ្រាមនោះទេ តែគឺដើម្បីនាំយកតួអង្គជាច្រើនមកបង្ហាញជូនទស្សនិកជនជុំវិញពិភពលោកនូវរឿងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីប្រាប់ទៅមនុស្សទាំងឡាយឲ្យស្គាល់ពីប្រទេសកម្ពុជាដែលអ្នកនាង Angelina Jolie ថា ស្រឡាញ់ និងគោរព ហើយក៏បង្ហាញពីវប្បធម៌ និងជីវភាពគ្រួសារខ្មែរដែលនាងតែងតែកោតសរសើរ។
ក្រុមផលិតកុននេះបានរៀបចំចាប់ពីខែកក្កដានេះទៅ ហើយនឹងចាប់ផ្ដើមថតនៅខែវិច្ឆិកាដល់ចុងខែមករា។ ខ្សែភាពយន្តនេះនឹងថតនៅក្នុងស្រុក ជាមួយតួសម្ដែង និងក្រុមការងារកម្ពុជា ហើយនិងនិយាយជាភាសាខ្មែរ។ ខ្សែភាពយន្តនេះផលិតឡើងជាមួយប្រជាជនកម្ពុជា និងដើម្បីប្រជាជនកម្ពុជា។
"ខ្ញុំទន្ទឹងរង់ចាំ ឱកាសនេះដើម្បីរួមការងារជាមួយក្រុមផលិតកម្មកម្ពុជា និងសិល្បករដ៏មានទេពកោសល្យរបស់កម្ពុជា។ ខ្ញុំមានក្ដីរំភើបចំពោះអ្វីៗគ្រប់យ៉ាង និងអ្នកគ្រប់គ្នាដែលខ្ញុំបានជួប ហើយខ្ញុំដឹងថា កត្តានេះនឹងរួមចំណែកធ្វើឲ្យគម្រោងភាពយន្តមួយនេះជោគជ័យ" ។ Angelina Jolie បញ្ជាក់យ៉ាងដូច្នេះ។
Angelina Jolie បន្ថែមថា៖ "ខ្ញុំសង្ឃឹមថា ពិភពលោកអាចមើលឃើញអ្វីៗដែលមជ្ឈមណ្ឌលបុប្ផាណាបានកសាងឡើង និងអ្វីដែលមជ្ឈមណ្ឌលកំពុងធ្វើ។ ការងារដ៏ល្អិតល្អន់របស់ពួកគេក្នុងការស្ដារឡើងវិញនូវបណ្ណសារពីអតីតកាល និងធ្វើការជាមួយយុវជនក្មេងៗ រួមទាំងអ្នកធ្វើការស្ម័គ្រចិត្ត ដើម្បីឆ្ពោះទៅរកអនាគតដ៏ល្អប្រពៃមួយ រួមគ្នា គឺពិតជាគួរឲ្យយកគំរូតាមណាស់ ហើយខ្ញុំមានកិត្តិយសណាស់ក្នុងការរួមការងារជាមួយលោក រិទ្ធី ប៉ាន់ ដែលជាបុគ្គលមួយរូប ខ្ញុំត្រូវរៀនសូត្រតាមច្រើន។ ខ្ញុំពិតជាមានការដឹងគុណណាស់ចំពោះការជួយជ្រោមជ្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយនិងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា"។
ទន្ទឹមនឹងនោះ អ្នកនាង Angelina Jolie ក៏រំពឹងថា នឹងទទួលបានការណែនាំផ្លូវពីសំណាក់ប្រជាជនកម្ពុជា ដើម្បីប្រាប់រឿងរ៉ាវរបស់ពួកគេតាមបែបផែនមួយដែលល្អ និងស្វាគមន៍អ្នកដែលមកជួយនាង ដើម្បីឲ្យនាងយល់ថែមទៀតពីអ្វីដែលប្រជាជនកម្ពុជាមានអារម្មណ៍ថាសំខាន់ក្នុងចែករំលែក»៕
-ចុចអាន៖ Angelina Jolie នឹងផលិតខ្សែភាពយន្តរៀបរាប់ពីការឈឺចាប់របស់ប្រជាជនកម្ពុជា