គៀត សុវណ្ណា​ឡាង មិន​មែន​១ មិន​មែន​២ តែ​៣​រឿង

  • 2015-07-29 17:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ឈាន​ចាប់​អាជីព​ចម្រៀង គៀត សុវណ្ណា​ឡាង ចាប់​បាន​តំណែង​តួឯក​មិន​មែន១ មិន​មែន​២ តែ​ដល់​ទៅ​៣​រឿង​ឯណោះ បន្ទាប់​ពី​បាន​វិល​មក​បន្ត​អាជីព​សម្ដែង​វិញ ក្រោយ​ខក​ខាន​អស់​៤​ឆ្នាំ។

 

 

ដំណើរ​វិល​ត្រឡប់​លើក​នេះ សាមី​ខ្លួន​អះអាង​ថា តប​តាម​ការ​ស្នើ​សុំ​របស់​ប្រិយមិត្ត​ជា​ច្រើន​ដែល​ចង់​ឃើញ​ការ​សម្ដែង​របស់​នាង​វិញ។ ម្ចាស់​បទ "ល្ងង់​ៗ​ទើប​មិន​ឈឺ​ចាប់" រូប​នេះ អះអាង​បន្ថែម​ថា មាន​ផលិតកម្ម​ច្រើន​បាន​ទាក់​ទង​ចង់​បាន​នាង​ដាក់​ក្នុង​ភាពយន្ត​របស់​គេ ប៉ុន្តែ​នាង​ទទួល​តែ​៣​រឿង​ប៉ុណ្ណោះ មាន​ទាំង​រឿង​ដុំ និង​ភាគ។

 

តាម​សារ​អេឡិចត្រូនិក សុវណ្ណា​ឡាង មិន​និយាយ​អ្វី​វែង​ឆ្ងាយ​ឡើយ​ចំពោះ​ភាពយន្ត​ទាំង​៣ សូម្បី​ចំណង​ជើង។ "សុំ​ទោស ប្រាប់​អត់​ទាន់​បាន​ទេ...ព្រោះ​គេ​អត់​អោយ​ប្រាប់ ទាល់​តែ​ថត​ចប់ ទើប​អាច​ប្រាប់​បាន"។ សុវណ្ណា​ឡាង។ បើ​ទោះ​សាមី​ខ្លួន​មិន​ប្រាប់ ប៉ុន្តែ​មួយ​រឿង​ក្នុង​ចំណោម​នោះ ត្រូវ​បាន​គេ​ដឹង​ថា​រឿង "ម៉ែ​ដោះ​ក្រមុំ" របស់​ផលិតកម្ម LD ហើយ​នាង​សម្ដែង​ជា​មួយ ប៉ែន ចំរុង។

 

ទន្ទឹម​នឹង​ការ​បង្ហើប​ពី​ការ​ក្ដាប់​បាន​តំណែង​តួឯក​ដល់​ទៅ​៣​រឿង ដែល​កំពុង​ដំណើរ​ថត​នេះ តារា​ស្រី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ក្នុង​រឿង "ទឹក​ចិត្ត​បង​ស្រី" រូប​នេះ ប្រាប់​ថា នាង​ក៏​បាន​របូត​បាត់​អស់​៥​រឿង​ទៅ​ហើយ​ដែរ។ ប្រការ​នេះ ក៏​ព្រោះ​តែ​នាង​រង់ចាំ​ការ​យល់​ព្រម​ពី​ផលិតកម្ម​ហង្សមាស ខណៈ​នាង​គឺ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម ភ្លេង​រីខត បុត្រ​សម្ព័ន្ធ​មួយ​របស់​ផលិតកម្ម​ខាង​លើ។

 

“ពី​មុន​គាត់(ផលិតកម្ម)​អត់​ព្រម​ទេ តែ​ក្រោយ​មក​គាត់​យល់​វិញ ហើយ​ខ្ញុំ​បោះ​បង់​ចោល​អស់ ៥​រឿង​ហើយ"។ សុវណ្ណា​ឡាង ថ្លែង។

 

 

រឿង​ទាំង​បី​ខាង​លើ កំពុង​ដំណើរ​ថត រឿង​ខ្លះ​ក៏​ត្រៀម​នឹង​បញ្ចប់។ តារា​ស្រី​រូប​នេះ ប្រាប់​ថា ក្រោយ​ពី​បាន​ភ្លើង​ខៀវ​ពី​ផលិតកម្ម​របស់​នាង នាង​នឹង​ទទួល​ថត​ភាពយន្ត​បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាង​មុខ ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត។

 

គៀត សុវណ្ណា​ឡាង បាន​ឈាន​មក​ចាប់​អាជីព​ចម្រៀង​អំឡុង​ឆ្នាំ ២០១១ បន្ទាប់​ពី​បាន​សម្ដែង​ចប់​រឿង "ទឹក​ចិត្ត​បង​ស្រី" ជា​តួ​ឈ្មោះ ​នាង​ភ័ណ្ឌ ត្រូវ​ប្អូន​ស្រី​របស់ នី មល្លិកា។ ក្រោយ​ចូល​ជាមួយ​ហង្សមាស ហើយ​ត្រូវ​បាន​គេ​រុញ​ឲ្យ​មក​ក្លាយ​ជា​តារា​ចម្រៀង​របស់ ភ្លេង​រីខត នា​ពេល​បន្ទាប់។ សុវណ្ណា​ឡាង បាន​ចេញ​បទ​ផ្ទាល់​ខ្លួន​មួយ​ដូច​ជា "ល្ងង់​ទើប​មិន​ឈឺ​ចាប់" និង​បទ "យឺត​ពេល​ហើយ" ជា​ដើម៕

 

ហេង ពិទូ ភ្ញាក់​ផ្អើល​នឹង​ឈ្មោះ​លោក​ត្រូវ​បាន​តែង​តាំង​​ជា​អភិបាល​រង

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម