Rooney៖ ជា​រឿង​អស្ចារ្យ​សម្រាប់​កូន​ខ្ញុំ ដែល​​ឃើញ​ខ្ញុំ​ពាក់​អាវ​ Everton

  • 2015-08-03 22:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney ​ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United បាន​លើក​ឡើង​ថា វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ ដែល​កូន​ប្រុស​​ និង​ប្រពន្ធ​របស់​ខ្លួន បាន​​មើល​លោក​ពាក់​អាវ​ក្រុម​ Everton ​​ដែល​ជា​ក្រុម​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ នាទីក្រុង​ Liverpool​ ម្ដង​ទៀត ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​​យប់​មិញ។

 

 

Kai កូន​ប្រុស​ច្បងរបស់​ Rooney

 

Rooney ដែល​កើត​នៅ​ទីក្រុង​ Liverpool បាន​ចាក​ចេញ​ពី​ក្លិប​នៅ​កីឡដ្ឋាន Goodison Park ​នេះ​ អស់​ពេល​១១​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​ត្រឡប់​ទៅ​លេង​ឲ្យ​ក្រុម​ Everon ១​ប្រកួត​កាល​ពី​ម្សិល​មិញ ក្នុង​ការ​ប្រកួត​សប្បុរសធម៌​របស់​វីរបុរស​ក្លិប​លោក​ Duncan Ferguson ​ខណៈ​ដែល​លទ្ធផល​គឺ​Everton​ បាន​ចាញ់​ក្រុម​ Villarreal ២-១ ហើយ​ប្រធាន​ក្រុម​អង់គ្លេស​រូប​នេះ ពុំ​អាច​​ស៊ុត​បញ្ចូល​ទី​បាន​ទេ។

 

​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​​ស្គាល់​​​ភរិយា​បច្ចុប្បន្ន​ Coleen ​តាំង​ពី​នៅ​វ័យ​ជំទង់ នៅ​ទីក្រុង​​កំណើត​ Liverpool ប៉ុន្តែ​កូនៗ​ប្រុស​​របស់​គេ Kai វ័យ​៥​ឆ្នាំ និង​ Klay វ័យ​២​ឆ្នាំ បាន​​ឃើញ​​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ជា​វីរបុរស​​របស់​ក្រុម​ Man Utd តែ​ម្ដង តាំង​ពី​កើត​មក។

 

យ៉ាងណាក្ដី Rooney បាន​​​​ប្រាប់​ដល់​ Everton TV ថា៖ "វា​ហាក់​ដូច​ជា​ចម្លែក​បន្តិច​សម្រាប់​រូប​ខ្ញុំ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​រីករាយ​ជា​មួយ​នឹង​​អ្នកគាំទ្រ។ នេះ​ក៏​ជា​រឿង​​ដ៏​អស្ចារ្យ​មួយ សម្រាប់​រូប​ខ្ញុំ កូន​របស់​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​ដែរ ដែល​ពួកគេ​បាន​ឃើញ​ខ្ញុំ​ពាក់​អាវ​ឲ្យ​ក្រុម​ Everton ម្ដង​ទៀត"។

 

Rooney ដែល​ចាក​ចេញ​ពី​ក្លិប​នៅ​ស្រុក​កំណើត​តាំង​ពី​វ័យ​១៨​ឆ្នាំ នឹង​ត្រូវ​ដឹក​នាំ​ក្រុម​បិសាច​ក្រហម Man Utd ប៉ះ​ក្រុម​ Tottenham Hotspur ​ក្នុង​ការ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី Premier League​ នា​ថ្ងៃ​សៅរ៍ ទី​០៨ ខែ​សីហា​​ ចុង​សប្ដាហ៍​​ខាង​មុខ​នេះ​ជា​បន្ត​ទៀត៕

 

 

 

 

-ចុចអាន៖ Rooney បង្ហើប​ប្រាប់​គម្រោង​ ចង់​ធ្វើ​ជា​អ្នកចាត់ការ​ក្រុម

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទថ្មី