នាយ ឃ្លោក បានងារជាឧកញ៉ាមួយទៀត តែនៅតែនឹកទស្សនិកជន
- 2015-08-05 15:30:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ឃ្លោក បានងារជាឧកញ៉ាមួយទៀត តែនៅតែនឹកទស្សនិកជន
ចន្លោះមិនឃើញ
បន្ទាប់ពី ទុំ សារុត ហៅនាយ ឃ្លោក បានដកខ្លួនពីអាជីពកំប្លែងមក លោក ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាឯកឧត្ដមកាលពីដើមឆ្នាំ២០១៤កន្លងទៅ។ បច្ចុប្បន្ន លោក ទុំ សារុត ជាទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានឋានៈស្មើអនុរដ្ឋលេខាធិការ ហើយឥឡូវនេះលោកទទួលបានងារជា"ឧកញ៉ា" មួយទៀត។ ទោះជាបែបនេះក្ដីលោកបានប្រាប់ដល់ Sabay ថានៅតែនឹករលឹកបងប្អូនទស្សនិកជន និងមិត្តរួមអាជីពជានិច្ច។
"ខ្ញុំនៅតែមានមនោសញ្ចេតនានឹករលឹកបងប្អូនទស្សនិកជន ព្រោះធ្លាប់ជាអ្នកបង្កលក្ខណៈសប្បាយ អប់រំតាមឈុតឆាកកំប្លែងដល់បងប្អូន ចឹងហើយខ្ញុំនៅតែនឹកអាល័យដល់បងប្អូនជានិច្ច ព្រោះមានបេះដូងជាអ្នកសិល្បៈ។ ទោះខ្ញុំបានដើរចេញ និងបញ្ចប់អាជីពជាអ្នកសិល្បៈមែនតែអ្វីៗនៅដិតជាប់ក្នុងអារម្មណ៍ ហើយមួយជីវិតនេះខ្ញុំសច្ចាថាបើ មានឱកាសខ្ញុំនៅតែជួយគាំទ្រដល់សិល្បករសិល្បការិនីជំនាន់មុន ក្រោយដែលអត់លទ្ធភាព។”
លោក បន្តថា “អូនអើយ…ឥឡូវនេះទាំងការងាររដ្ឋទាំងឯកជន ការរកស៊ីរបស់បងសុទ្ធតែរវល់ខ្លាំងដូច្នេះអត់មានពេលវេលាគ្រប់គ្រាន់ដើម្បីបន្តអាជីពជាអ្នកកំប្លែងទៀតបានទេ បើទោះខ្ញុំនៅស្រលាញ់ក៏ពិតមែន!។ បើទោះជាខ្ញុំមិនបានបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ក៏ពិតមែន តែខ្ញុំនៅតែមានចិត្ត និងសេចក្ដីស្រលាញ់រាប់អានដល់បងប្អូនទស្សនិកជនជាដរាប”។
លើសពីនេះទៀតពេលថ្មីៗនេះ នាយ ឃ្លោក ទើបតែបានទទួលងារជាឧកញ៉ាបន្ថែមពីលើងារជាឯកឧត្ដមថែមទៀតផង តែលោកសូមមិនបង្ហើបអ្វីច្រើនជាងនេះទៀតទេ។ ហេតុផលដែលធ្វើឲ្យលោកទទួលបានងារជាឧកញ៉ានេះ តាមសាមីខ្លួន គឺថាព្រោះលោកតែងបានជួយកិច្ចការសង្គមរួមមានធ្វើអណ្ដូងទឹកស្អាត វត្តអារាម សាលារៀន ជាដើម៕
អត្ថបទ៖ទ្រី រ៉ាវី