ធ្វើបបរហូបលេងៗនៅផ្ទះ បែកគំនិតបើកលក់ខ្លួនឯងពង្រីកបានសាខា ៤ ចំណូលរាប់រយដុល្លារ
- 2015-08-07 23:42:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើបបរហូបលេងៗនៅផ្ទះ បែកគំនិតបើកលក់ខ្លួនឯងពង្រីកបានសាខា ៤ ចំណូលរាប់រយដុល្លារ
ចន្លោះមិនឃើញ
បបរមាន់ស្រែ ដែលគ្រួសារមួយតែងអង្គុយហូបជុំៗគ្នាលេងនៅផ្ទះ ស្រាប់តែទទួលការគាំទ្រខ្លាំងរហូតពង្រីកបាន ៤ សាខា បន្តបន្ទាប់ ក្រោយទើបបើកលក់បាន ៣ ខែ ប៉ុណ្ណោះ។
ក្នុងហាងមានតម្រៀបតុឈើនិងកៅអីត្រៀបត្រា ថ្វីត្បិតតែវាមិនមែនជាហាងលំដាប់ផ្កាយយ៉ាងណាក៏ដោយ ក៏វាខុសប្លែកឆ្ងាយពីរទេះរុញលក់បបរតាមចិញ្ចើមផ្លូវដទៃទៀត ដែលទទួលការពេញនិយមខ្លាំងសម្រាប់ជាអាហារសម្រន់ពីប្រជាជនខ្មែរ។
បបរគ្រឿងមាន់ស្រែលាយប្រហិតត្រី បូកផ្សំនឹងជីរួមទាំងសណ្ដែកបណ្ដុះជាបន្លែសរីរាង្គ ដែលម្ចាស់ហាងបានអះអាង និង មិនប្រើប៊ីចេងធ្វើឲ្យអ្នកចូលទទួលទានបបរនេះរួច លាន់មាត់សរសើរថាឆ្ងាញ់។
លោក សង្វារ សំកុល ប្រធានគ្រប់គ្រងទូទៅហាងបបរមាន់ស្រែខាងលើនេះ បានប្រាប់ Sabay ថា ដំបូងឡើយ ម្ដាយក្មេកលោកគ្រាន់តែធ្វើហូបលេងៗជាមួយក្រុមគ្រួសារប៉ុណ្ណោះ តែដោយម្នាក់ៗរួមទាំងអ្នកជិតខាងលាន់មាត់ថា ឆ្ងាញ់ ក៏សហការគ្នាបើកហាងបបរ ២៥០០ រៀល តែម្ដងទៅ។
ហាងបបរនេះទើបបើកបាន៣ខែប៉ុណ្ណោះ តែទទួលការគាំទ្រខ្លាំងរហូតមានគេសុំសិទ្ធទិញ Franchise បន្តទៅបើកលក់នៅសៀមរាបផងដែរ។ ម្ចាស់ហាងដែលចាយទុនអស់ ២០ ០០០ ដុល្លារ ពង្រីកសាខាទី៤នៅក្បែរស្តុប TK ដែលជាមធ្យមរកចំណូលបាន ៦០០-៧០០$ ក្នុងមួយថ្ងៃ ប្រាប់ថា កន្លងមកលោកធ្លាប់ធ្វើការឲ្យគេ និង បើកអាជីវកម្មជាច្រើនតែបរាជ័យ។ ដោយឡែកហាងបបរនេះជាជំនួញជោគជ័យមួយសម្រាប់លោក ព្រោះហាងនេះមិនត្រឹមផ្ដល់រសជាតិបបរឈ្ងុយឆ្ងាញ់ដល់អ្នកហូបទេ តែផ្ដល់នូវអនាម័យ សេវាកម្ម រួមទាំងបរិយាកាសល្អផងដែរ។
ហាងបបរមាន់ស្រែមាន៤សាខា ដែលសាខាទី១នៅផ្សាកណ្ដាល សាខាទី២នៅទល់មុខសាកលវិទ្យាល័យបៀលប្រាយ ទី៣នៅទល់មុខ IFL និង សាខាទី៤ ក្បែរស្តុប TK៕
លោក សង្វារ សំកុល
សូមអាន ៖ មកលេងកំពត កុំភ្លេចទាចៀន ស្រុកឈូក
អត្ថបទ៖ លឹម សុនា