អ្នកស្ម័គ្រចិត្ត​ខ្មែរ​បរទេស​រាប់​រយ​នាក់ ចុះ​ដាំ​ដើម​កោងកាង ២ ពាន់​ដើម​នៅ​កែប

  • 2015-08-10 20:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  អ្នកស្រី លឹម មូលីរស្មី និង អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន ឯកឧត្ដម ស៊ូ សាវុធ

 

ក្នុង​គម្រោង "តោះ យើង​នាំ​គ្នា​ដាំ​ដើមឈើ ក្រុង​កែប ២០១៥!” ក្រុម​អាជ្ញាធរ​ជាន់ខ្ពស់​ក្រុង​កែប និង​ក្រុម​អ្នក​អ្នកស្ម័គ្រចិត្ត​ខ្មែរ​បរទេសរាប់រយ​នាក់ បាន​នាំ​គ្នា​ចុះ​ដំា​ដើម​កោងកាង ២ ០០០ ដើមលើផ្ទៃដី​ជិត​មួយ​ហិតា នៅ​​ឆ្នេរ ​​ព្រែក​តានេន ដែល​សកម្មភាព​នេះ ​ដឹកនាំដោយ សភាយុវពាណិជ្ជករ​អន្តរជាតិកម្ពុជា (JCI) សាខា​ចតុមុខ កាល​ពី​ម្សិលមិញ​។

 

ក្រុម​អ្នកស្ម័គ្រចិត្តចូលរួម​ក្នុងកិច្ចការសង្គមនេះ មាន​យុវជន​សិស្សានុសិស្សមកពី​ ១០ សាកលវិទ្យាល័យក្នុង​ទីក្រុងភ្នំពេញ មកពីអង្គការ AISEC Cambodia (មាន ១០ ជាតិសាសន៍ចូលរួម) ​មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ។

 

ប្រធាន​គម្រោង "តោះ យើង​នាំ​គ្នា​ដាំ​ដើមឈើ ក្រុង​កែប ២០១៥!”  អ្នកស្រី លឹម មូលីរស្មី មាន​ប្រសាសន៍​​ថា អ្នកស្រី​រីករាយដែល​ឃើញ​យុវជន​ខ្មែរ ​បរទេសជាច្រើន ​ស្ម័គ្រ​ចិត្តចូលរួមជួយគ្នាយ៉ាងសស្រាក់សស្រាំ។ អ្នកស្រីបន្តថា គម្រោង​នេះ ​បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ ​២០១៤​ ក្នុង​គោលបំណង​ បំផុស​​ឱ្យ​យុវជន​ ​ប្រជាពលរដ្ឋ យល់​ដឹង​ពី​សារសំខាន់ ​នៃ​ដើមឈើ និងជំរុញ​ឱ្យ​មាន​សកម្មភាព​​ដាំ​ដើមឈើ​ តាម​តំបន់ តាម​សហគមន៍ ឬ​ តាម​ផ្ទះ​ជាដើម។

មិនតែប៉ុណ្ណោះ អ្នកស្រី​លើកឡើង​​ថា សភាយុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជាសាខា​ចតុមុខ បង្កើត​គម្រោង​នេះ​ឡើង ដើម្បី​​ស្រប​ទៅ​នឹង​​យុទ្ធនាការ​ “ទេសចរ​ម្នាក់​ ដើមឈើ​មួយ​ដើម” របស់​ក្រសួងទេសចរណ៍ផងដែរ ក្នុង​គោលបំណង​ លើក​ស្ទួយ​ទេសចរណ៍​បៃតង និង ​ការ​ការពារ​បរិស្ថាន​។

 

អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កែប​ ឯកឧត្ដម កែន សត្ថា

 

ទន្ទឹមនឹងនោះដែរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កែប​ ឯកឧត្ដម កែន សត្ថា បាន​សម្ដែង​​ក្ដី​រីករាយ និង ​អរគុណ​ដល់ JCI ដែល​បាន​រៀបចំគម្រោងដ៏​ល្អ​​នេះ​ឡើង។

 

ឯកឧត្ដម​ថ្លែង​ថា "អរគុណ​ដល់​សភាយុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា ដែល​បាន​មក​បោះជំរំ ក៏​ដូចជា​​ជាមាន​​គម្រោង Let's Plant KEP 2015 ដើម្បី​សកម្មភាពចូល​​រួម​ថែរក្សា​បរិស្ថាន និង ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នៅ​ខេត្ត​កែប​ផង​ដែរ។ សកម្មភាព​ទាំងអស់​នេះ ​ជា​​គំរូ​អាច​បង្ហាញ​ដល់​មហាជន ប្រជាជន មន្ត្រី​រាជការ និង ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ​នៅ​ខេត្ត​កែប​របស់​យើង"។

 

ថ្នាក់ដឹកនាំជាន់ខ្ពស់​រូបនេះ​​បញ្ជាក់​​ថា ការ​ដាំ​ដើម​ឈើ​រុក្ខវិថី និង​ ដើម​កោងកាង ជា​សារ​មួយ​បង្ហាញ​ដល់​ប្រជាជន​ទូទាំង​ប្រទេស​ និង​សាកល​លោក​ថា កម្ពុជា​កំពុង​​តែយកចិត្ត​ទុកដាក់លើបញ្ហា​បរិស្ថាន និង​យកចិត្ត​លើ​ការ​បង្ការ​ ការ​បម្រែបម្រួល​អាកាស​ធាតុ។

 

យ៉ាងណាមិញ អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន ឯកឧត្ដម ស៊ូ សាវុធ ក៏​សម្ដែង​ការ​​សាទរ​ និង​ អរគុណ​ដល់អង្គការស្ម័គ្រចិត្ត អង្គការ​អន្តរជាតិ ប្អូនៗស្ម័គ្រចិត្ត ដែលបានចូលរួមដាំ​ដើមកោងកាង។

 

លោក​ថ្លែង​ថា "កិច្ចការពារ​បរិស្ថាន រួមចំណែកធំណាស់ សម្រាប់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋយើង។ មាន​ធនធាន​ធម្មជាតិ ជាគោលការណ៍​កាត់បន្ថយ​ភាពក្រីក្ររបស់​ប្រជាជន"។ អ៊ីចឹងយើង​ចូលរួមទាំងអស់គ្នា មិនត្រូវ​ចាំស្អែកឡើយ!"។

 

 

អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន ឯកឧត្ដម ស៊ូ សាវុធ

 

ដើម​កោងកាង ជា​រុក្ខជាតិ​មួយ​ដាំ​បន្សាំ ​និង​រស់​​ក្នុង​ទឹកប្រៃ ដែល​ដើរតួ​យ៉ាងសំខាន់ ជា​របាំង​ការពារ​តំបន់​ឆ្នេរ។ ដើម​កោងកាង​មាន​ដុះ​សឹង​គ្រប់​កន្លែង​តាម​ឆ្នេរសមុទ្រ​កម្ពុជា ហើយ​វា​​មាន​អត្ថប្រយោជន៍ ​ដូចជាផ្ដល់​ជា​សម្ភារៈ​សំណង់ ថាមពល ផ្ដល់​ជម្រក​ដល់​ជីវចម្រុះ បក្សី ការពារ​តំបន់​ឆ្នេរ​ពី​ការ​សឹករិចរិល បន្ថយ​គ្រោះ​ធម្មជាតិ ​ដូចជា​ខ្យល់​ព្យុះ រលក និង ​អាច​រក្សា​លំនឹង​ធម្មជាតិ​នៅ​តំបន់​ឆ្នេរ​ទៀត​ផង។

 

បើ​តាម​អភិបាល​ខេត្ត​កែប ឯកឧត្ដម កែន សត្ថា ព្រៃ​កោងកាង​នៅ​កែប​មាន​ចំនួន ១០៣០ ហិតា ដែល​តំបន់​ខ្លះ​បាន​បង្កើត​ជា​តំបន់​សហគមន៍។ ក្រៅ​ពី​ដើម​​កោងកាង ​២ ០០០ ដើម ក្រុមស្ម័គ្រ​ចិត្តក៏​បានដាំ​ដើមឈើ​ ៤០០ ដើម​ផ្សេង​ទៀត ក្នុងបរិវេណ​អនុវិទ្យាល័យ​សង្គម​រាស្ត្រ​និយមផងដែរ​ ដែលដើមឈើសរុបទាំងអស់ ២ ៤០០ដើមនេះ ជា​ការ​ឧបត្ថម្ភ​របស់​​ក្រសួង​បរិស្ថានខេត្តកែប។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​វត្តមាន​ដ៏​ខ្ពង់ខ្ពស់របស់ ឯកឧត្ដម កែន សត្ថា និង​ រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន ឯកឧត្ដម ស៊ូ សាវុធ កម្មវិធី "តោះ យើង​នាំ​គ្នា​ដាំ​ដើមឈើ ក្រុង​កែប ២០១៥!” កាល​ពី​ថ្ងៃ​ទី ៨-៩ សីហា​កន្លង​ទៅ ក៏​មាន​វត្តមានមន្ត្រី​ក្រសួងទេសចរណ៍ និង ភាគីស្ម័គ្រចិត្ត​ពាក់ព័ន្ធ​ដូចជាក្រុម ក្រុមសហភាព​សហព័ន្ធ​យុវជន​កម្ពុជាជាដើម៕

 

 

 

 
 
 
 
 
 
 
 
 
 
 
 

 

ភ្លៀង​ធ្លាក់​លិច​ទឹក​ចូល​ផ្ទះ​ គួរ​ប្រុង​ប្រយ័ត្ន​អ្វី​ខ្លះ?

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម