Balotelli បដិសេធ​ ផ្ទេរ​ទៅ​​​លេង​ឲ្យ​​ក្លិប​​​នៅ​អារ៉ាប់រួម

  • 2015-08-10 21:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Mario Balotelli ​របស់​ក្រុម​ Liverpool​ បាន​បដិសេធ​​ផ្ទេរ​ទៅ​លេង​នៅ​ក្លិប​ Al-Ahli Dubai F.C. ប្រទេស​អារ៉ាប់រួម ​បន្ទាប់​ពី​ច្រាន​ចោល​សំណើ​ដេញ​​ថ្លៃ​របស់​​​ក្លិប​ ដែល​លេង​នៅ​លីក​​កំពូល​ UAE Arabian Gulf League មួយ​នោះ។

 

Balotelli (ក្រហម) កាល​លេង​ UCL ទល់​នឹង​ Real Madrid រដូវ​កាល​មុន

 

​យោង​តាម​ The National ពី​ប្រទេស​អារ៉ាប់រួម ​បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ Cosmin Olăroiu ​ក្រុម​ Al-Ahli ​បាន​ដេញ​ថ្លៃ​​លើ​ខ្សែ​ប្រយុទ្ធ​អ៊ីតាលី​រូប​នេះ ប៉ុន្តែ​ត្រូវ​បាន ​Balotelli ​បដិសេធ ដោយ​អ្នក​ចាត់ការ​រូប​នោះ បាន​និយាយ​ថា៖ "យើង​ចង់​បាន​ Balotelli ​ហើយ​យើង​ក៏​បាន​ពិភាក្សា​គ្នា​ជាមួយ​ភ្នាក់ងារ​របស់​គាត់​​លោក​ Mino Raiola ​ហើយ​ដែរ ប៉ុន្តែ​គាត់​បាន​ច្រាន​ចោល​សំណើ​របស់​យើង ព្រោះ​គាត់​ចង់​លេង​ឲ្យ​ក្រុម​ផ្សេង"។

 

​កីឡាករ​អ៊ីតាលី បាន​ផ្ទេរ​ពី​ AC Milan ទៅ​ Liverpool កាល​ដើម​រដូវ​កាល​មុន​ ប៉ុន្តែ​នៅ​រដូវ​កាល​ដំបូង​ជាមួយ​ហង្ស​ក្រហម​ ​កីឡាករ​វ័យ​​២៤​ឆ្នាំ​លេង​មិន​បាន​ល្អ​ទេ ​ដោយ​ស៊ុត​ចូល​ទី​តែ​១​គ្រាប់​គត់​ នៅ​ Premier League ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អនាគត​របស់​​គេ​ កំពុង​តែ​យ៉ាប់យ៉ឺន​រហូត​មក​ដល់​ពេល​នេះ។

 

​Balotelli អាច​នឹង​ចេញ​ពី​ Liverpool នៅ​រដូវ​កាល​នេះ ដោយសារ​​តំណែង​ខ្សែ​ប្រយុទ្ធ​នៅ​ហង្ស​ក្រហម កាន់​តែ​ចង្អៀត​ខ្លាំង​ បន្ទាប់​ពី​លោក​Brendan Rodgers ​ទិញ​ចូល​កីឡាករ​ថ្មីៗ​ដូច​ជា Danny Ings, Roberto Firmino និង​ Christian Benteke ​ដែល​ជា​ជម្រើស​ល្អ​ជាង​​ខ្លួន ហើយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ក៏​ចង់​លេង​ជា​ជម្រើស​ដំបូង ដើម្បី​ជាប់​ជម្រើស​ជាតិ​វិញ និង​អាច​លេង​ Euro 2016 ផង​ដែរ៕

 

-ចុចអាន៖ Balotelli បង្ហាញ​ក្បាច់​អបអរ​​ថ្មី លោត​ផ្លុង​បក​ក្រោយ ​ទោះ​បី…

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ footballchannel.asia

អត្ថបទថ្មី