រៀល សុធារ៉ា ៨ឆ្នាំតស៊ូ​​នៅប្រទេស​មហា​អំណាច បាន​ទាំងចំណេះ​​ទាំង​ភាព​រឹងមាំ

  • 2015-08-14 12:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ខ្មែរ​ភាគ​ច្រើន​ ដែល​ចូល​ទៅ​កាន់​សាលា​ភាសា ​គឺ​ដើម្បី​បង្កើន​ឱកាស​ជ្រៀត​ខ្លួន​ទៅ​ក្នុង​ទីផ្សារ​ការ ងារ​ រក​កន្លែង​ឈរ​ជើង​រឹងមាំ​ដែល​អាច​បាន​ចំណូល ស្ថិរភាព ហើយ​ខ្លះ​ទៀត​គិត​ទៅដល់​អាជីព​ជាក់លាក់​មួយ​សម្រាប់​អនាគត​វែងឆ្ងាយ។ រី​ឯ​គោល​បំណង​​បន្ត​សិក្សា ស្វែង​រក​សញ្ញាប័ត្រ​ពី​បរទេស​ភាគច្រើន​កើតមាន​លើ​យុវជន​ពូកែៗ​ដែល​បាន​ទទួល​លទ្ធផល​ល្អ នៅ​ក្នុង​ប្រវត្តិ សិក្សា​របស់​ខ្លួន។ ​ចំណែក​ រៀល ​សុធារ៉ា​ ដែល​ជា​កូន​ប្រុស​អ្នកជនបទ មក​ពី​ខេត្ត​កំពង់​ធំ ក៏​មិន​ដែល​នឹកស្មាន​ឡើយ​ថា នឹង​ត្រូវ​ចំណាយ​ពេល​វេលា វែងជាង១០ឆ្នាំ​សិក្សា​នៅ​បរទេស​។ ​

ចប់​ថ្នាក់ទី១២​ភ្លាម ចាកចេញ​ពី​គ្រួសារ​ទាំង​មិន​មាន​ការ​គាំទ្រ

 

 

នៅ​ថ្ងៃទី ៣០ ខែ វិច្ឆិកា ២០០៧ យុវជន​វ័យ​២២ឆ្នាំ រៀល​សុធារ៉ា ​បាន​សំពះ​លា​ឪពុកម្ដាយ​ដើម្បី​មក​បន្ត​ការ​សិក្សា​បរិញ្ញាបត្រ​នៅ​ក្រុង​មូស្គូ​ប្រទេស​រុស្សី បើ​ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​អ្នកមាន​គុណ​និង​ការ​បង្អាក់ មិន​លើក​ទឹកចិត្ត​ពី​ សាច់ញាតិ​ដទៃ​ទៀត​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​ការ​ចេញ​ទៅ​រៀន​នៅ​បរទេស។

 

«គឺ​យើង​ទទួល​ព័ត៌មាន​មិនល្អ​ច្រើន​ណាស់ ដូចជា​ខ្លះ ថា រុស្សី​ពុំ​មែន​ជា​កន្លែង​ល្អ​សម្រាប់​អ្នកមាន​ជីវភាព​ពុំ​ធូរធារ​យើង ទេ​ ហើយ​ថា​លក្ខខណ្ឌ​សិក្សា​មាន​ភាព​តឹងតែង​ភាសា​រៀន​មិន​ងាយ​ចេះ​ អី ជា​ដើម ។ ទោះ យ៉ាងណា​ខ្ញុំ​នៅ​តែ​ជម្នះ​​ត្រូវតែ​ទៅ បំណាច់​បាន ប្រលង​ជាប់​ហើយ ដូច្នេះ​អនាគត​នៅចំពោះមុខ​គឺ​ជា​ការ​ផ្សងព្រេង​ដែល​មាន​ ឆន្ទៈ​ជាដើម​ទុន​សម្រាប់​យកឈ្នះ​លើ​ការ​ភ័យ​ខ្លាច​​​ និង​​​ ការ​បាក់​ទឹកចិត្ត​។

 

ចាប់ផ្ដើម​ចេញ​រក​ប្រាក់​ខ្លួន​ឯង ហើយ​អ្វី​ក៏​ធ្វើ អោយ តែ​សុចរិត

 
 

ដើម្បី​ទ្រទ្រង់​ជីវិត​នឹង បន្ត​ការ​សិក្សា​ដែល​មាន​តែ ប្រាក់​ឧបត្ថម្ភ​លុយ​រុស្សី​តិចតួច​មិនដល់​៤០ដុល្លារ​អាមេរិក​ក្នុង១​ខែ ដូច្នេះ​ សុធារ៉ា​ត្រៀម​លក្ខណៈ​ជាស្រេច​ក្នុង​ការ​ទទួល​យក​ការ​លក់ ពលកម្ម​គ្រប់​សព្វ​បែបយ៉ាង​ ទោះបី​ជា​ខ្លួន​​មាន​សុខភាព​មិន​ល្អ​តែងតែ​កោសខ្យល់​ញឹកញាប់​កាល​ពី​នៅ​ស្រុកខ្មែរ​ជាមួយ​ម្ដាយ​ក៏ដោយ​។

 

«​ការងារ​ជា​អ្នក​លាង​ឡាន​ ជា​អ្នក​ធ្វើ​ម្ហូប ​ជា​អ្នក​ម៉ាស្សា ​​​ចុង​ក្រោយ​នេះ​ជា​គ្រូ​បង្រៀន​ភាសាខ្មែរ ​គឺ​ខ្ញុំ​ឆ្លងកាត់​មក ​ប៉ុន្តែ​មិនមែន​ងាយស្រួល​ដូច​ស្ដាប់​លឺ​ពេលនេះ​ឡើយ។ នៅ​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ស្លៀកពាក់​ចេញ​ទៅ​ក្រៅ​ជា​មួយ​មិត្ត​ម្នាក់​ជា​ជនជាតិ​រុស្សី ដើម្បី​រក​កន្លែង​ធ្វើការ ​គឺ​ខ្ញុំ​ចេញ​ទៅ​ជាមួយ​នឹង​ភាព​រងា អាហារ​មិន​គ្រប់ ​រាងកាយ​ស្ដើង​ស្គម រៀន​គ្មាន​ម៉ោង​គេង​គ្រប់ ​ប៉ុន្តែ​ បាន​ត្រង់​ចិត្ត ដែល​ពោរ​ពេញ​ដោយ​ក្ដី​សង្ឃឹម​។ ខ្ញុំ​ជឿ​ថា​ យ៉ាង​ហោច​ណាស់​នឹង​​មាន​ការងារ​ណាមួយ​សម្រាប់​ខ្ញុំ ។ ទោះ​បី​ជា​បាន​កម្រៃ​ប៉ុណ្ណា ក៏​ខ្ញុំ​នឹង​ធ្វើ។ តែ​ទីបំផុត​ ខ្ញុំ​បាន​បាត់បង់​ការ​ជឿជាក់​នេះ​វិញ​ ដោយសារ​តែ​​ដើរ​ដល់​​ហាង​ចំនួន​១០ ​តែ​មិន​មាន​អ្នកណា​ព្រម​ទទួល​យក​ខ្ញុំ ទាំងអស់​។ ប្រសិន​បើ​ខ្ញុំ​បោះបង់​ចោលការ​តស៊ូ​នៅ​ពេលនោះ​ គឺ​​បើ​ខ្ញុំ​ស្ដាប់​តាម​ការ​ត្អូញត្អែរ​នៃ​កម្លាំង​កាយ​និង​កម្លាំងចិត្ត​ ខ្ញុំ ប្រហែល​ជា​មិន អាច​ឈាន​ដើរ​ដល់កន្លែង​ទី១១​ដែល ជា​កន្លែង​ព្រម​ទទួល​យក​ខ្ញុំ​នោះ​ឡើយ។

 

បាន​ការងារ​ក្រៅ​ម៉ោង ជា​ការ​ចាប់ផ្ដើម​នូវ​សង្គ្រាម «លត់ដំ»

 
 

ជា​រឿងពិបាកបំផុត នៅ​ពេល​ដែល​សិក្សា​ឆ្នាំ​ដំបូងៗ ភាសា​ក៏​ខ្សោយ ​មិន​សូវ​ស្គាល់​គេ​ឯង ហើយ​ត្រូវ​ទិញ​ឯកសារ​ច្រើន​ ខ្វះ​លុយ​និង​ត្រូវ​ធ្វើការ​ពេល​យប់​ទៀត។​ គេង​បាន​មួយ​ម៉ោង​រឺ​ពីរ​ម៉ោង​ ​ហូប​សន្សំសំចៃ​ ភាសា​នៅ​មិន​ទាន់​រីកចម្រើន​លឿន​ ដូច្នេះ​​លទ្ធ​ផល​របស់​សុធារ៉ា គឺ ប្រលងធ្លាក់ ៣ មុខវិជ្ជា។ « អត់​មា​ន​ផ្លូវ​អី​ផ្សេង​ទេ គឺ​មាន​តែ​សិល្បៈ​ការ​​ធ្វើ​ចិត្ត​អោយ​សប្បាយ​ក្នុង​ស្ថានភាព​លំបាក​នេះ​ហើយ​ដំណោះស្រាយ​ចំពោះ​មុខ មាន​តែមួយគត់ គឺ​ត្រូវការ​ប្រាក់​ថែម​ទ្វេ​ដើម្បី​រៀន​ត្រៀម​ប្រលង​សង។

 

ពុទ្ធឱវាទ​ជួយ​អោយ​យក​ឈ្នះ​ឧបសគ្គ ​ដោយ​ការ​តស៊ូ យកឈ្នះ​មនុស្ស​អាក្រក់​ដោយ​អំពើ​ល្អ

 
 

បន្ថែម​ពី​លើ លទ្ធផល​មិន​ល្អ​ក្នុង​ការ​សិក្សា​ នៅ​ឯ​ការងារ​ក្រៅ​ម៉ោង​​របស់​ខ្លួន​ក៏​មិនមែន​បាន​រលូន​ទៅ​ភ្លាមៗ​ដែរ។​ នៅកន្លែង​លាង​ឡាន សុធារ៉ា​ត្រូវ​ប្រឈម​នឹង​​មិត្ត​រួម​ការងារ​ជា​អ្នក​កាន់​សាសនា​ផ្សេងៗ ដែល​មាន​វប្បធម៌​ខុសគ្នា​ ជំនឿ និង​ទម្លាប់​រស់នៅ​ខុសគ្នា ដូច្នេះ​ការ​មិន​យល់​ចិត្ត និង​បរិយាកាស​ខ្លះ​ធ្វើ​អោយ​ពួកគេ មាន​គំនិត​ចង់​ធ្វើបាប រារាំង​ប្រយោជន៍ ​បិទ​ផ្លូវ​ បង្ក​គ្រប់​បញ្ហា​ដល់​យុវជន​ខ្មែរ​រូប​នេះ​ដោយ​ប្រការ​ផ្សេងៗ។

 

​«ខ្ញុំ​គ្មាន​អ្វី​ទាំង​អស់ ​ដើម្បី​តតាំង ​ក្រៅតែ​ពី​បាត​ដៃ​ពីរ ​និង​​ពុទ្ធឱវាទ ដ៏​រឹង​មាំ​ក្នុង​ដួង​ព្រលឹង​! ខ្ញុំ​បាន​ជឿ​ខ្ជាប់​លើ​អំពើ​ល្អ រើស​យក​អំពើ​ល្អ ​ជាទុន​តស៊ូនៅពេលនេោះ។ ដោយសារ​​ខ្ញុំ​មាន​និស្ស័យ​ចូលចិត្ត​ ​គោរព​ព្រះសង្ឃ ប្រគេន​ចង្ហាន់ ខ្ញុំ​ចេះ​ធ្វើម្ហូប​ចែកចាយ ​ដូច្នេះ ខ្ញុំ​នៅ​ទីនេះ​ក៏​បន្ត​ការ​ចែករំលែក​ ទាំង​ខ្លួនឯង​នៅ​ក្រ​រហាម។​​ រយៈពេល​៨ឆ្នាំ​នៅ​រុស្សី​នេះ​ ​​ខ្ញុំ​ធ្វើ​ទាន​ជារឿយៗ​ ពេលខ្លះ​បេះ​ពី​មាត់​ពី​ក តែ​ការ​ធ្វើទាន​សប្បាយចិត្ត​ ឆ្អែត​និង​កក់​ក្តៅ​ទាំង​កាយ​​យើង​នៅ​កណ្ដាល​ទី​រងា ។ ខ្ញុំ​ធ្វើ​ទាន​បាន​៣០០០នាក់យ៉ាងហោច គឺ​ធ្វើ​ទាន​ជាមួួយក្រុម​​កម្មករ​ដែល​លាង​ឡាន​ជាមួយ​គ្នា ទំាង​គេមិនទាន់រាប់រកយើង ទំាង​គេធ្វើបាបយើង រហូតដល់ពួកគេ ចេះដូរចរិត​មក​និយម​ការ​​អោយទាន​ដូចយើង ដែលជាពុទ្ធសាសនិកនេះវិញដែរ។ ផល​បានមែន ដូច្នេះ​ពេលទំនេរ យើង​តែង​​បបួលគ្នា​ចូលគ្នា​ទិញ​អ្វីៗ​មក​​ធ្វើ​អាហារ​ ដើរ​ចែក​តាម​ផ្លូវ ហើយ​ទីបំផុត​អំណាច​នៃ​​ចិត្ត​មេត្តា ​អំណាច​នៃ​អំពើ​ល្អ សត្រូវ​បាន​ក្លាយ​មក​ជា​មិត្ត ​អ្នក​ជាន់​ពន្លិច​បាន​ក្លាយ​មក​ជា​អ្នក​ជ្រោមជ្រែង​ជួយ​។ ដោយសារ​ការ​រិះ​គិត​យក​គុណធម៌​អំពើ​ល្អ​និង​ព្រះពុទ្ធសាសនា​ជា​មគ្គុទ្ទេសក៍ យក​ការ​តស៊ូ​ចិត្ត​ជា​អំណាច​ ​ ហេតុការណ៍​ដ៏​លំបាក​នានា​ចេះតែ​ធ្លាក់​ថយ​ទៅ​ធ្វើ​អោយ​ខ្ញុំ​សុខសាន្ត​ អាច​មាន​វិធី​កាន់តែ​ប្រសើរ​ឡើងៗ​ក្នុង​ការ​រក​ប្រាក់​តាម​សម្មាអាជីវៈ​ ហើយ រៀន​ចប់​ដល់​ថ្នាក់​អនុបណ្ឌិត និង​ចុងក្រោយ​សម្រេចចិត្ត​​បន្ត​ថ្នាក់​បណ្ឌិត​មក​ដល់​សព្វ​ថ្ងៃនេះ។»

 

បាន​ឈរ​ជើង​គ្រាន់​បើ​បន្តិច ចាប់ផ្ដើម​បង្កើត​គម្រោង​ជួយ​អ្នក​ដទៃ

 
 

ដោយសារ​កាល​មក​ដល់​រុស្សី​​ដំបូងៗ មានការ​លំបាក​ខ្លាំង​ជា​បទពិសោធន៍​ស្រាប់ ដូច្នេះ​ សុធារ៉ា​ទុក​ថា​កាតព្វកិច្ច​របស់​ខ្លួន​ជា​និស្សិត​ច្បង​ត្រូវតែ​ជួយ​ប្អូនៗ​ដែល​មក​ដល់​ថ្មីៗ​ជា​បន្តបន្ទាប់។ «យើង​មាន​សមាគម​​​​តំណាង​និស្សិត​នៅ​រុស្ស៊ី​ហើយ​ដែល​មុននេះ​ខ្ញុំ​មាន​តួនាទី​ជា​អនុប្រធាន​ទី១។ ខ្ញុំ​ជាមួយ​ប្រធាន​សមាគម​ លោក អេង​ ប៉ូលីត (​បាន​ធ្វើ​មាតុភូមិនិវត្តន៍) បាន​ទៅ​ទទួល​និស្សិត​ដល់​ព្រលាន​យន្តហោះ ​នាំ​ទៅ​កាន់​ស្ថានីយ​រថភ្លើង​ម៉ោង​កណ្ដាល​អាធ្រាត្រ​ ទាក់ទង​ទៅ​កាន់​សាកលវិទ្យាល័យ ​និយាយ​ជា​រួម​នៅ​ពេល​ដែល​និស្សិត​ទាំងអស់​ត្រូវការ​ យើង​តែង​តែ​បើកចំហ​ទទួល​ជួយ​ពួកគេ​ត្បិត​យើង​ធ្លាប់​យល់​អំពី​ការ​លំបាក​នៅ​ពេល​មក​រៀន​ដំបូងៗ។ យើង​ក៏​សូម​អរគុណ​ចំពោះ​ស្ថានទូត​ខ្មែរ​នៅ​មូស្គូ​ដែល​តែងតែ​ជួយ​និស្សិត​យើង​កន្លង​មក​ ឧទាហរណ៍​ពេល​មួយ​មាន​និស្សិត​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​សាកលវិទ្យាល័យ​ដោយសារ​ប្រលង​មិន​ជាប់។​ យើង​បាន​ខិតខំ​ស្វះស្វែង​ដោះស្រាយ​បញ្ហា​ដោយ​ទៅ​ជួប​ដោយ​ផ្ទាល់​ជាមួយ​សកលវិទ្យាធិការ​ពន្យល់​អំពី​ការ​លំបាក​នានា​ក្នុង​នាម​ជា​និស្សិត​បរទេស​ជាមួយ​នឹង​លិខិត​អម​របស់​ស្ថានទូត​កម្ពុជា​ យើង​ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ ជា​លទ្ធផល​ប្អូនប្រុស​នោះ​អាច​បន្ត​រៀន​ដោយ​បង់​ប្រាក់​បន្តិចបន្តួច។ ​មាន​ករណី​មួយ​ដែល​ខ្ញុំ​នៅ​ចាំ​បំផុត​នោះ ​គឺ​ប្អូនស្រី​ម្នាក់​ត្រូវ​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ ត្បិត​គាត់​មាន​បញ្ហា​សុខភាព ​ខ្ញុំ​ត្រូវ​ទៅ​តាម​ប្អូនស្រី​ជាមួយ​ប្រធាន​សមាគម​និស្សិត​ទាំង​កណ្ដាល​យប់​អធ្រាត្រ។

 

សម្រាប់​យុវជន​ខ្មែរ​ដែល​ចង់បាន​អាហារូបករណ៍​សិក្សា​នៅ​រុស្សី

 
 

សុធារ៉ា​ផ្កាំ​តាមរយៈ ​Sabay ​ថា ​ចាំបាច់​ត្រូវ​តាម​ដាន​ព័ត៌មាន​ដែល​បិទ​ផ្សាយ​នៅ​ការិយាល័យ​អាហារូបករណ៍​ (ជិត​ស្ថានីយ​ទូរទស្សន៍​អប្សរា​បឹង​កេងកង)។ ​ត្រូវ​មាន​សក្ដានុពល​ខាង​រូបវិទ្យា ​គីមីវិទ្យា​ គណិតវិទ្យា ​បូក​ផ្សំ​វប្បធម៌​ទូទៅ​អោយ​ហើយ​ស្រេច។

 

បេក្ខភាព​បណ្ឌិត ​ផ្នែក​ប្រព័ន្ធ​សាធារណការ ​លោក​រៀល​ សុធារ៉ា និង​បញ្ចប់​ការ​សិក្សា​ នៅ​រវាង​១៤​ខែ​ខាងមុខ​តែ​លោក​កំពុង​ចិញ្ចឹម​ចិត្ត​ចង់​បន្ត​ទៅ​ថ្នាក់​បណ្ឌិត​រដ្ឋ​ចំនួន​៥ឆ្នាំ​ថែមទៀត​។ Sabay​ សូម​ជូនពរ​លោក​ជួប​តែ​ជោគជ័យ​ និង​ ​​​សេចក្ដី​សុខ​ត្រឡប់​មក​វិញ​បម្រើ​ជាតិ​ជា​គំរូ​ដ៏​ប្រពៃ​ដល់​យុវវ័យ​ផ្សេង​ទៀត៕