សំណល់​សារធាតុ​គ្រីស្តាល់​ដែល​ផ្ទុះ​នៅ​កំពង់ផែ​ក្រុង​ Tianjin ​គ្រាន់​តែ​ប៉ះ​ទឹក​នឹង​ឆេះ​ភ្លាម

  • 2015-08-15 17:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារធាតុ​គ្រីស្តាល់​ស​ៗ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សំណល់​ដែល​ផ្ទុះ​ចេញ​ពី​កំពង់​ផែ​ក្រុងTianjin ​ភាគ​ឦសាន​ប្រទេស​ចិន​នោះ ​គ្រាន់​តែ​ប៉ះ​ទឹក​នឹង​ឆេះ​បង្ក​ជា​អណ្ដាត​ភ្លើង​ភ្លាម។

 

 

អស់​រយៈ​ពេល​២​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​កំពង់​ផែ​ក្រុងTianjin ​ដែល​មិន​ទាន់​មាន​ប្រភព​ណា​ចេញ​មក​បញ្ជាក់​ឱ្យ​ច្បាស់​នៅ​ឡើយ​ទេ ពី​មូលហេតុ​នៃ​ការ​ឆេះ​នេះ។ ខណៈ​ដែល​ពេល​នេះ​នៅ​ជុំ​វិញ​ក្រុង​ទាំង​អស់​គឺ​ពោរពេញ​ដោយ​ម្សៅ​ស​ៗ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សារធាតុ​គ្រីស្តាល់​ សាយ​ភាយ​ក្រោយ​ពី​ការ​មាន​ផ្ទុះ​នោះ។ ដោយ​ម្សៅ​នេះ ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ដោយ​គ្រាន់​តែ​គេ​ចាក់​ទឹក​ទៅ​លើ​វា​បន្តិច​អាច​បង្ក​ជា​អណ្ដាត​ភ្លើង​ឆេះ​បាន។

 

កាសែត​ចិន​បាន​ចុះ​ផ្សាយ​ថា​អ្នក​ពន្លត់​អគ្គីភ័យ​បាន​ព្រមាន​ថា​អាច​នឹង​មាន​ការ​ឆេះ​ទីក្រុងTianjin ​ទាំង​មូល ប្រសិន​បើ​មិន​មាន​ដោះស្រាយ​ឱ្យ​សមស្រប​មួយ​ទេ​នោះ ពីព្រោះ​សារធាតុ​គ្រីស្តាល់​នេះ​មាន​ពាសពេញ​ទីក្រុង​ទាំង​អស់ ហើយ​បើ​មាន​ភ្លៀង​ធ្លាក់​មក​ទៀត​ នោះ​លទ្ធផល​ពិត​ជា​ពិបាក​ស្មាន​ដល់។ យ៉ាង​ណា​មិញ រដ្ឋាភិបាល​នៅ​ទីក្រុង​កំពង់​ផែ​មួយ​នេះ បាន​បញ្ជាក់​ដែរ​ថា​វា​មិន​អាច​បង្ក​ជា​ការ​ឆេះ​ម្ដង​ទៀត​បាន​ទេ ហើយ​ក្រុម​ការងារ​ទាំង​អស់​ក៏​បាន​គ្រប់គ្រង​ស្ថានការណ៍​អស់​ហើយ​ដែរ។

 

 

មក​ដល់​ថ្ងៃ​នេះ​ចំនួន​អ្នក​ស្លាប់​ដោយសារ​តែ​ការ​ផ្ទុះ​នោះ​បាន​ឡើង​ដល់​ជាង​៨៥​​នាក់​ទៅ​ហើយ និង​មាន​អ្នក​រង​របួស​ ៧២១​ ​នាក់​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ​រដ្ឋាភិបាល​ប្រទេស​ចិន​មិន​ទាន់​ចេញ​របាយការណ៍​ពី​ចំនួន​ទឹក​ប្រាក់​នៃ​ការ​ខូចខាត​នៅ​ឡើយ​ទេ៕

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ shanghaiist
អត្ថបទថ្មី