បុរសវ័យកណ្ដាលម្នាក់ស្រាប់តែកើតរោគបាក់ទឹកចិត្ត និងខកបំណងជាខ្លាំងនៅហាងលក់គ្រឿងអលង្កាមួយកន្លែងនៅទីក្រុងសៀងហៃ បន្ទាប់ពីកូនស្រីរបស់គាត់យល់ព្រមរៀបការជាមួយមិត្តប្រុសជនជាតិជប៉ុនដែលនាងស្គាល់និងស្រលាញ់គ្នាកាលពីទៅរៀននៅជប៉ុន។
បុរសជាមិត្តប្រុសមានឈ្មោះ NagaO បានធ្វើដំណើរពីជប៉ុនមកដល់សៀងហៃដើម្បីសុំមិត្តស្រីរបស់គេដែលមានដើមកំណើតនៅសៀងហៃនេះរៀបការ។ តែសំណាងមិនល្អ ឪពុករបស់នាងមិនពេញចិត្តឱ្យកូនស្រីគាត់រៀបការជាមួយបុរសនេះទេ។
ឪពុករបស់នារីនោះបានលើកឡើងចំណុចដែលគាត់មិនពេញចិត្តចំពោះ NagaO ដូចជាថា ជើងរបស់គេខ្លីពេក ហើយធ្មេញក៏មិនត្រង់ជួរស្អាត ម្យ៉ាងទៀត ពេលគាត់ឃើញបុរសនេះដំបូង គាត់មានអារម្មណ៍ថាគេជាមនុស្សបោកប្រាស់។ លោកឪពុករូបនោះក៏បានដាក់លក្ខខណ្ឌធ្ងន់មួយ គឺថាបើគាត់ព្រមឱ្យពួកគេរៀបការ NagaO មិនត្រូវត្រលប់ទៅជប៉ុនវិញជាដាច់ខាតក្នុងរយៈពេល៥ឆ្នាំ។
មិនគួរឱ្យជឿ បុរសស្មោះស្នេហ៍ក៏យល់ព្រមតាមគ្រប់លក្ខខណ្ឌរបស់អនាគតឪពុកក្មេក ហើយគិតថាគាត់យល់ព្រមចំពោះសំណើរៀបការរបស់គេហើយ ថ្ងៃមួយ គេក៏បានទិញចិញ្ចៀនពេជ្រមួយវង់ក្នុងហាងមួយ និងបានលុតជង្គង់សុំនាងរៀបការ។
ម្ដាយឪពុកនារីខាងលើក៏បានរូតរះទៅកាន់ហាងនោះភ្លាមៗ បន្ទាប់ពីបានដឹងដំណឹងនេះ។ តែពេលទៅដល់ ឃើញនៅសល់តែស្រទាប់ផ្កាកុលាបដែលនៅរាយពេញដី ក្រោយសំណើរៀបការដ៏រ៉ូមេនទិកបញ្ចប់។ បុរសជាឪពុកបានទន់ជង្គង់ក្រឹបទៅលើដី ហើយបន្ទោសអ្នកលក់ថា ហេតុអីក៏នាងលក់ចិញ្ចៀនឱ្យបុរសជប៉ុននោះ?
អ្នករាល់គ្នាដែលបានឃើញហេតុការណ៍នេះព្យាយាមលួងគាត់ថាបុរសជប៉ុននោះមើលទៅល្អណាស់ ហើយអ្នកទាំងពីរក៏មើលស្រលាញ់គ្នាប្ដូរផ្ដាច់ណាស់ដែរ តែឪពុករបស់នាងបែរជាគំហកឱ្យពួកគេវិញថា «កុំល្ងង់ចាញ់បោកគេពេក! ក្នុងលោកនេះអស់ប្រុសចិនហើយឬ?»។ ទោះយ៉ាងណា ជាង១ម៉ោងកន្លះក្រោយ នារីជាកូនក៏មកលើកឪពុករបស់នាងឡើង ហើយពន្យល់មូលហេតុដែលនាងសុខចិត្តទទួល NagaO ព្រោះតែគេជាមនុស្សល្អ និងអាចមើលថែនាងបាន៕
ចុចអាន៖ មិនគួរឲ្យជឿ! មួយម៉ឺនដុល្លារធ្វើឲ្យបុរសម្នាក់ដាច់ចិត្តលក់សង្សារមួយយប់
ប្រែសម្រួល៖ សុគន្ធី
ប្រភព៖ sinanews