ទីសក្ការៈស័ក្ដិសិទ្ធិ២កន្លែងនៅសៀមរាប សិស្សត្រៀមបាក់ឌុបនិយមទៅបន់ស្រន់
- 2015-08-18 16:33:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីសក្ការៈស័ក្ដិសិទ្ធិ២កន្លែងនៅសៀមរាប សិស្សត្រៀមបាក់ឌុបនិយមទៅបន់ស្រន់
ចន្លោះមិនឃើញ
ហេតុផល "អាគមផ្សំអាយូស" នេះហើយទើបធ្វើឲ្យសិស្សត្រៀមប្រឡងបាក់ឌុបនៅខេត្តសៀមរាប រៀងរាល់ឆ្នាំនាំគ្នាទៅទីសក្ការៈស័ក្ដិសិទ្ធិបំផុតដើម្បីបន់ស្រន់សុំសំណាងល្អ និងទំនុកចិត្តក្នុងពេលប្រឡងឲ្យជាប់។ តើទីសក្ការៈទាំងនោះមានឈ្មោះអ្វីខ្លះ? តើរាល់ការបួងសួងនៅទីនោះអាចជួយអ្វីដល់ការប្រឡងបាក់ឌុបរបស់យុវសិស្សនៅខេត្តសៀមរាបដែរទេ? សូមស្តាប់ការរៀបរាប់របស់ពួកគេដូចតទៅ៖
សឿ សុធី ជាសិស្សថ្នាក់ទី១២ A នៃវិទ្យាល័យ ១០ មករា ១៩៧៩ បាននិយាយថា ប្អូននឹងទៅអុជ ធូបបន់ស្រន់នៅព្រះអង្គចេកព្រះអង្គចមមុនថ្ងៃប្រឡងមួយថ្ងៃ។ កត្តានេះព្រោះគេមានជំនឿថា ឫទ្ធានុភាពនៃព្រះរូបទាំងពីរព្រះអង្គដែលបន្សល់ទុកតាំងពីសម័យបុរាណ នឹងជួយឲ្យការប៉ងប្រាថ្នាគ្រប់យ៉ាងក្លាយទៅជាការពិត។
សុធីបានរៀបរាប់ថា៖ «ពេលប្រឡងឆមាសក៏ខ្ញុំបារម្ភខ្លាំងដែរ! ភ័យឡើងជ្រួលច្របល់រកមើលសៀវភៅមិនកើតទេ តែពេលបានទៅបែរបន់នៅកន្លែងព្រះអង្គណឹង អារម្មណ៍ខ្ញុំក៏ស្ងប់ជាងមុន។ ពេលខ្លះខ្ញុំក៏អត់ជឿថាវិធីហ្នឹងមានប្រសិទ្ធភាពដែរ តែធ្វើទៅក៏បានផល អញ្ចឹង សង្ឃឹមថាបន់ម្តងទៀតមុនប្រឡងធំហ្នឹង វាប្រហែលអាចជួយខ្ញុំឲ្យមានអារម្មណ៍ល្អ ហើយចងចាំមេរៀនច្រើន»។
ព្រះអង្គចេកព្រះអង្គចម
ប្រហាក់ប្រហែលគ្នានឹងការអះអាងរបស់សុធី យុវតី វ៉ា វន្នី សិស្សវិទ្យាល័យ ១០ មករា ១៩៧៩ បានពន្យល់ថា ការបួងសួងនៅព្រះអង្គចេកព្រះអង្គចម ធ្វើឲ្យនាងមានអារម្មណ៍រីករាយ ហើយបង្កើនភាពជឿជាក់លើខ្លួនឯង។ ដោយឡែកពេលកៀកថ្ងៃប្រឡងកញ្ញានឹងទៅស្រោចទឹកនៅវត្តអង្គរតាមពាក្យណែនាំរបស់ចាស់ទុំក្នុងផ្ទះបន្ថែមទៀត។
«ខ្ញុំដឹងតើ! ការជឿលើអបិយជំនឿពេកវាហួសសម័យហើយ តែវាក៏មិនអត់ប្រយោជន៍ដែរ ព្រោះពេលទៅបួងសួង ឬក៏ទៅស្រោចទឹកជាមួយមិត្តភក្តិមានគ្នាច្រើនៗ វាសប្បាយណាស់ ហើយពេលយើងសប្បាយធ្វើអីក៏ល្អ មើលសៀវភៅអីក៏ចូលទាំងអស់ហ្នឹង»។ វន្នីបញ្ជាក់ដូច្នេះ។
ចំណែកឯយុវជន ណារិត សិស្សថ្នាក់ទី១២ B នៃវិទ្យាល័យ ១០ មករា ១៩៧៩ ម្នាក់ទៀត ក៏បានអះអាងផងដែរថា ប្អូននឹងទិញចេក ធូប ទៀន និងផ្កា យកទៅថ្វាយព្រះអង្គចេកព្រះអង្គចម នៅមុនថ្ងៃប្រឡងបាក់ឌុបចូលមកដល់។ ណារិតបានបន្តថា ជំហានបន្ទាប់មក គេនឹងទៅវត្តអង្គរ គឺបួងសួងជាថ្មីម្តងទៀត ដើម្បីឱ្យការប្រឡងបាក់ឌុបនៅថ្ងៃខាងមុខដំណើរទៅឱ្យរលូន នឹងទទួលបានជោគជ័យ១០០%។ ក្រៅពីការបន់ស្រន់ យុវជនសម្បុរសណ្តែកបាយរូបនេះក៏មិនភ្លេចការខិតរៀនសូត្រដែរ ណារិត បាននិយាយថា «បងអើយ! អាការអុជធូបទៀន ស្រោចទឹកអីហ្នឹងវាមិនបុរាណអីពេកទេ សំខាន់ធ្វើយ៉ាងណាអោយតែយើងសប្បាយ ហើយមានអារម្មណ៍អានមេរៀនទៅវាបានទៅហើយ។ ខ្ញុំអត់ខ្មាសគេទេ អ្នកណាក៏គេធ្វើចឹងដែរ រឿងហ្នឹងគឺអាគមផ្សំអាយូសណា៎បង» ។
លោកតា រាជ នៅប្រាសាទអង្គរវត្ត
ចុះបេក្ខជនប្រឡងបាក់ឌុបដទៃទៀតវិញ មានគម្រោងទៅបួងសួងបន់ស្រន់កន្លែងណាដែរដើម្បីឱ្យការប្រឡងទទួលបានជោគជ័យបន្ថែមលើការខិតខំប្រឹងរៀនសូត្ររបស់អ្នក?
អត្ថបទ៖ សួស សីហា