តើលេខ៧ Depay អាចល្បីខ្លាំងដូច Ronaldo & Beckham កាលនៅ Man Utd ដែរទេ?
- 2015-08-21 13:25:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើលេខ៧ Depay អាចល្បីខ្លាំងដូច Ronaldo & Beckham កាលនៅ Man Utd ដែរទេ?
ចន្លោះមិនឃើញ
កីឡាករចំណូលថ្មី Memphis Depay បានស្នើសុំក្រុមបិសាចក្រហម Manchester United ពាក់លេខ៧ បន្ទាប់ពី Angel Di Maria ចាកចេញទៅក្លិប PSG របស់បារាំង។
ទោះបី "លេខ៧" នេះ ធ្លាប់មានតារាឆ្នើមល្បីៗលំដាប់ពិភពលោកដូចជា Cristiano Ronaldo និង David Beckham ពាក់ក្ដី ប៉ុន្តែតារាវ័យក្មេងជម្រើសជាតិហុល្លង់រូបនេះ មានភាពក្លាហានគ្រប់គ្រាន់ ដោយមិនខ្លាចមានសម្ពាធឡើយ ក្នុងការពាក់លេខល្បីនេះ ហើយកន្លងមករូបគេក៏ធ្លាប់និយាយផងដែរថា នឹងធ្វើឲ្យលេខ៧ Man Utd ល្បីល្បាញឡើងវិញ។
តើ Depay អាចនឹងល្បីដូចជំនាន់ Ronaldo និង Beckham ដែរឬទេ? ប៉ុន្តែសូមមើលនូវស្ថិតិ និងស្នាដៃរបស់អតីតតារាឆ្នើមក្រុម Man Utd ទាំង២ថាអស្ចារ្យយ៉ាងណា ដូចខាងក្រោម៖
១. David Beckham (១៩៩២-២០០៣)
Beckham ចូលលេងឈុតធំក្រុម Man Utd នៅឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០០៣ ដោយបានបង្ហាញខ្លួនចូលលេងឲ្យបិសាចក្រហមសរុប ៣៩៤ប្រកួត និងស៊ុតទី៨៥គ្រាប់ ក្នុងតំណែងជាខ្សែបម្រើ។ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស មានប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រនៅជុំវិញពិភពលោក។ Beckham ធ្លាប់ជួយឲ្យ Man Utd ឈ្នះពានជាច្រើនដូចជា Premier League ៦ដង, FA Cup ២ដង, FA Community Shield ២ដង, UEFA Champions League ១ដង និង International Cup ១ដងផងដែរ មុននឹងចាកចេញទៅ Real Madrid។
២. Cristiano Ronaldo (២០០៣-២០០៩)
Ronaldo បានផ្ទេរពីក្លិប Sporting ទៅ Man Utd កាលឆ្នាំ២០០៣ ក្នុងជំនាន់អ្នកចាត់ការល្បីលោក Sir Alex Ferguson ហើយតារាសំណព្វចិត្តក្រុមបិសាចក្រហមរូបនេះ បានពាក់លេខ៧ បន្ទាប់ពី Beckham។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានចូលលេងឲ្យ Man Utd សរុប២៩២ប្រកួត និងស៊ុតចូលទីបាន១១៨គ្រាប់។ Ronaldo ក៏បានជួយឲ្យបិសាចក្រហម លើកពានច្រើនដែរដូចជា Premier League ៣ដង, FA Cup ១ដង, Football League Cup ២ដង, FA Community Shield ១ដង, UEFA Champions League ១ដង និង FIFA Club World Cup ១ដងទៀត។
យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ Depay ដែលផ្ទេរពី PSV តម្លៃជិត៣២លានដុល្លារ កាលពីខែមិថុនារូបនេះ ត្រូវបានគេជឿថាមានសមត្ថភាពគ្រប់គ្រាន់ និងជាបេក្ខភាពស័ក្ដិសមបំផុត ដើម្បីសាងស្នាដៃ និងភាពល្បីល្បាញ ក្នុងនាមកីឡាករលេខ៧របស់ក្លិបបិសាចក្រហមដូចគ្នា៕
-ចុចអាន៖ Depay មានទំនុកចិត្តអាចសាងកេរ្តិ៍ឈ្មោះល្បីជាមួយអាវលេខ៧
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror