រក​ឃើញ "កន្ធាយ​ក្បាល​​កង្កែប​" ដែល​​​​ជិត​​ដាច់​​ពូជ​​ ​នៅ​​វត្ត​​សសរ​ ១០០ ខេត្ត​ក្រចេះ

  • 2015-08-21 18:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"កន្ធាយ​ក្បាល​កង្កែប" ​ជា​ល្មូន​​​​ដែល​​ជិត​ផុត​ពូជ​ទៅ​ហើយ​នោះ ត្រូវ​​បាន​មជ្ឈមណ្ឌល​អភិរក្ស​អណ្ដើក-កន្ធាយ​ទន្លេ​មេគង្គ នៃ​អង្គការ​អភិរក្ស​អន្តរជាតិ កំពុង​ធ្វើការ​ថែរក្សាយ៉ាង​យកចិត្ត​ទុកដាក់ នៅ​ក្នុង​បរិវេណ​វត្ត​សសរ ១០០ ស្រុក​សំបូរ ទឹកដី​ខេត្ត​ក្រចេះ។

 

 

បច្ចុប្បន្ន​ "កន្ធាយ​ក្បាល​កង្កែប" ដែល​កំពុង​ប្រឈម​នឹង​ការ​ដាច់​ពូជ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​នៅ​បី​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ពោល​គឺ ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម ប៉ុន្តែ​គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា ខេត្ត​កំពង់ចាមមាន​កម្រិតណានោះ​។ នេះ​បើ​យោង​តាម​​​លោក ស៊ុន យឿង ប្រធាន​គម្រោង​ទន្លេ​មេគង្គ​​ប្រាប់​​ Sabay ​នៅ​ព្រឹក​មិញ​នេះ។

 

លោក ស៊ុន យឿង បន្ថែម​​ថា លោក​បាន​រក​ឃើញ​កន្ធាយក្បាលកង្កែប តាំង​ពី​ឆ្នាំ​ ២០០៧ មក​ម្ល៉េះ ហើយ​សត្វ​រស់​​ក្នុង​ទន្លេ​មេគង្គ​នេះ មាន ​១១ ប្រទេស​ប៉ុណ្ណោះក្នុង​ទ្វីប​អាស៊ីដូចជា កម្ពុជា ឡាវ វៀតណាម និង​ថៃជាដើម។

 

យ៉ាងណា​ការ​បង្កើត​មជ្ឈមណ្ឌល​ អភិរក្ស​អណ្ដើក-កន្ធាយ​ទន្លេ​មេគង្គ ដើម្បី​​អភិរក្ស​កន្ធាយ​រមិច (កន្ធាយ​ក្បាល​កង្កែប) ​កន្ធាយ​ធម្មតា អណ្ដើក និង​ សត្វ​ផ្សេងៗ​ទៀត​ឱ្យ​​រស់រានមានជីវិត ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់។

 

លោក ស៊ុន យឿង បញ្ជាក់​ថា៖​ “មជ្ឈមណ្ឌល​នេះ​​បង្កើត​ឡើង ដោយ​មាន​ការ​សហការ​ជាមួយ​មន្ត្រី​​ជលផល គណៈកម្មការ និង​ព្រះសង្ឃ​វត្តសសរ ១០០ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ និងការពារកន្ធាយ​ក្បាល​កង្កែប, បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ តាមរយៈ​ការងារ ក្នុង​វិស័យ​ទេសចរណ៍ និង​ជួយ​លើក​កម្ពស់​ព្រះពុទ្ធសាសនា [តាម​រយៈ​ការ​លែងសត្វ]"។

 

លោក ស៊ុន យឿង ប្រធាន​គម្រោង​ទន្លេ​មេគង្គ​​ រកឃើញកន្ធាយក្នុង ឆ្នាំ ២០០៧

 

កន្ធាយក្បាល​កង្កែប ចាប់​ផ្ដើមឡើង​កាច់​សំបុក​​ពងក្នុងដី​ខ្សាច់​ ចាប់​ពី​​ខែវិច្ឆិកាដល់​ខែមិថុនារាល់​ឆ្នាំ ហើយ​ពង​របស់​វា នឹង​ចាប់​ញាស់ នៅពេល​មាន​អាយុចន្លោះ ៥២ ថ្ងៃ  ទៅ ៦០ ថ្ងៃ។

 

ជុំវិញ​ការ​អភិរក្ស​ ប្រធាន​គម្រោង​ទន្លេ​មេគង្គ​ខាងលើ​រៀប​ថា មិន​ងាយ​ស្រួល​ឡើយ ព្រោះ​ប្រជាជន​មួយ​ចំនួន ​មិន​ទាន់​យល់​ដឹង​ពីការ​ថែរក្សា ដោយ​ពួកគេ​តែង​លួច​យក​ទៅ​លក់ឱ្យ​ឈ្មួញ ធ្វើ​ជា​ថ្នាំ​សង្កូវ និង​ធ្វើ​ម្ហួប​ជាដើម។ ទោះបីជា​យ៉ាងណាលោក​ថា​ មជ្ឈមណ្ឌល និង​ភាគី​ពាក់ព័ន្ធ នៅ​តែ​​ខិតខំ​ប្រឹងប្រែង និងព្យាយាម​ចុះណែនាំដល់​ពួកគេ។

 

លោក​បញ្ជាក់ថា ក្រោយពី​មាន​ការ​​ណែនាំជម្រុញ​លើកទឹកចិត្ត​ ​និង​មាន​ផ្ដល់​ជា​ថវិកា ប្រជាជន​មួយ​ចំនួន​ ក៏​បាន​​ចុះធ្វើការ​ស្វែងរក និង​ការពារ​ តាម​រយៈយក​សំណាញ់​ហ៊ុំព័ន្ធ​សំបុក​កន្ធាយពង​ឱ្យមជ្ឈមណ្ឌល ហើយ​​ផ្នែក​បច្ចេកទេស​ ក៏​​មជ្ឈមណ្ឌល​​​ជា​អ្នកផ្ដល់ឱ្យ។

 

បច្ចុប្បន្ន​មជ្ឈមណ្ឌល អភិរក្ស​អណ្ដើក-កន្ធាយ​ទន្លេ​មេគង្គអាយុកាល ៤ ឆ្នាំ​ ក្នុង​វត្តសសរ​ ១០០ នេះ បាន​ក្លាយ​ជា​កន្លែង​ទេសចរណ៍​ដ៏ទាក់ទាញ​ សម្រាប់​ភ្ញៀវជាតិ និង​អន្តរជាតិ។ ចំពោះ​​ពេលវេលា​ចូល​ទស្សនា​មជ្ឈមណ្ឌល​នេះ បើក​ចាប់​ពី​ម៉ោង ៨ កន្លះព្រឹក​ដល់ម៉ោង ៤ កន្លះ​ល្ងាច ដោយ​មាន​តម្លៃ​ទស្សនា ៤ ដុល្លារ និង ២ ដុល្លារ សម្រាប់​ភ្ញៀង​អន្តរជាតិ​ជា​យុវវ័យ និង​កុមារ ចំណែក​ប្រជាជន​ខ្មែរ មាន​តម្លៃ ១៥០០ រៀល និង ​៥០០ រៀល៕

 

 

 

 

បើ​ចង់​ Trekking ​គួរ​​យករបស់​​អ្វី​តាម​ខ្លួនខ្លះហ្ន៎?

 

អត្ថបទ៖ អ៊ុំ សុភក្តិ

រូបភាព៖ ផ្ដល់ឱ្យ   ​   

អត្ថបទពេញនិយម