លោក ហង់ ​ជួន​ណា​រ៉ុន​ សរសើរ​​បុរស​បរទេស​​ធ្លាប់​​លក់​​ផ្ទះ​​លក់​​ឡាន​មក​​ជួយ​​កម្ពុជា​

  • 2015-08-25 21:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​ កីឡា លោក ហង់ ជួន​ណា​រ៉ុន បាន​កោត​សរសើរ​នូវ​កិច្ច​ការ​ងារ ព្រមទាំង​ទឹក​ចិត្ត​របស់​លោក Scott Neeson ​នាយក​ប្រតិបត្តិ​អង្គការ​មូល​និ​ធិ​កុមារ​កម្ពុជា និង ​ជា​អតីត​អ្នក​ដឹក​នាំ​រឿង​ហូ​លី​វូដ ធ្លាប់​បាន​លក់​ផ្ទះ​ និង ​ឡាន​យក​ទ្រព្យសម្បត្តិ​មក​ជួយ​កុមារ​កម្ពុជា​ ជា​ច្រើន​ឆ្នាំកន្លង​មកនេះ។​

 

 

លោក ហង់ ជួន​ណា​រ៉ុន

 

 

ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​សា​លា​ឈ្មោះ​ The Neeson- Cripps Academy (NCA) ​នៅ​ក្បែរ​អតីត​ទី​តាំង​កន្លែង​ចាក់​សំរាម​នៅ​ស្ទឹង​មាន​ជ័យ​ ដែល​លោក Scott Neeson សម្រេច​សាង​សង់​ដល់​សិស្ស​ក្រី​ក្រ​តំបន់​នោះ លោក ហង់ ជួន​ណា​រ៉ុន បាន​និយាយ​ថា៖ "ខ្ញុំ​សូម​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​សកម្មភាព​របស់​ស្ថាបនិក​អង្គការ​មូល​និធិ​កុមារ ក្នុង​ការ​លើក​ស្ទួយ​សិស្ស​ក្រី​ក្រ​ឲ្យ​ទទួល​បាន​ការ​អប់​រំ ដែល​នេះ​ជា​កាយវិការ​ដ៏​ប្រពៃ និង​គួរ​ឲ្យ​កោត​សរសើរ​ជា​ទី​បំផុត"។

 

លោក​បន្ត​ថា សកម្មភាព​នេះ​ពិត​ជា​គួរ​មោទនភាព​ក្រៃ​លែង​។ ​តំបន់​នេះ​ធ្លាប់​ជា​តំបន់​ចាក់​សំរាម ហើយ​ប្រជាជន​នៅ​ទី​នេះ​ភាគ​ច្រើន​ក្រី​ក្រ​លំបាក​ និង ​មិន​បាន​ចូល​រៀន​ជាប់​លាប់​ទេ តែ​បាន​ប្រែ​ក្លាយ​ជា​សាលារៀន​និង​ពួក​គេ​មាន​ឱកាស​ទទួល​ចំណេះ​ដឹង។ ​វិទ្យាល័យ NCA ផ្ដោត​ការ​អប់រំ​ជា​សំខាន់​​លើ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតសាស្ត្រ​ដែល​មាន​កម្ពស់​ប្រាំ​ជាន់ សង់​លើ​ផ្ទៃ​ដី ៥០០០ ម៉ែត្រ​ការេ ។

 

 

លោក Scott Neeson

 

 

 

 

លោក Scott Neeson បាន​មក​រស់​នៅ​កម្ពុជា​អស់​ជាង ១១ ឆ្នាំ​មក​ហើយ ដោយ​បាន​លះ​បង់​ការងារ​ជា​អ្នក​ដឹក​នាំ​រឿង​ហូលីវូដ​នៅ​អាមេរិក ព្រម​ទាំង​លក់​ផ្ទះ លក់​ទូក លក់​ឡាន និង​​ ជួល​បុគ្គលិក​​ក្នុង​ប្រទេស​របស់​លោក​ម្នាក់​​ដើម្បី​មក​កាន់​ប្រទេស​កម្ពុជា ​បង្កើត​អង្គការ​មូល​និ​ធិ​កុមារ​កម្ពុជា (CCF) ដែល​ជា​កន្លែង​ផ្ដល់​នូវ​ការ​សិក្សា ការ​ហូប​ចុក ថ្នាំ​ពេទ្យ កន្លែង​​បណ្ដុះបណ្ដាល​គំនិត​ជា​អ្នកដឹកនាំ ដល់​កុមារ​​កម្ពុជា​រាប់​សិប​​នាក់៕

 

សូមអាន៖  អតីត​​អ្នក​​ដឹក​​នាំ​​រឿង​​ហូ​លី​វូដ​ កសាង​​សាលា​រៀន​​ឲ្យ​​សិស្ស​​ក្រី​ក្រ​​នៅ​​ខ្មែរ

 

អត្ថបទ៖ លឹម សុ​នា