បាល់ទាត់​ធ្វើ​ឲ្យ​ ឈិន ឈឿន​ ឃ្លាត​​ឆ្ងាយ​ពី​គ្រួសារ​តាំង​ពី​អាយុ​១៣​ឆ្នាំ​

  • 2015-08-27 16:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈិន ​ឈឿន​​​ ជា​កីឡាក​រ​ខ្សែ​បម្រើ​ស្លាប​ដ៏​ឆ្នើម​​​របស់​ការពារ​ជាតិ ​និង​ជម្រើស​ជាតិ​តាំង​ក្រុម​អាយុ​១៣​ឆ្នាំ​រហូត​​​ដល់​ក្រុម​ធំ​ពោល​គឺ​រយៈ​ពេល​ប្រហែល​ជា​១៥​ឆ្នាំ​ហើយ។ តាំង​ពី​យុវជន​រហូត​ដល់​ក្រុម​ធំ​របស់​ជម្រើស​ជាតិ​ ​កីឡាករ​រូប​នេះ​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​ក្នុង​ព្រឹត្តិការណ៍​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ស្ទើរ​រាប់​មិន​អស់។ និយាយ​ពី​ឈ្មោះ​ ឈិន ឈឿន អ្នក​គាំទ្រ​បាល់ទាត់​ខ្មែរ​ស្ទើរ​គ្រប់​គ្នា​ហើយ​ ស្គាល់​កីឡាករ​រូប​នេះ​ ប៉ុន្តែ​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ស្គាល់​ប្រវត្តិ​របស់​កីឡាករ​រូប​នេះ​ច្បាស់​នោះ​ទេ។

 

ឈិន ឈឿន កើត​នៅ​ថ្ងៃ​ទី ១០ កញ្ញា ១៩៩២ មាន​កម្ពស់ ១,៦៦ ម៉ែត្រ ទម្ងន់ ៥៧ គីឡូក្រាម។ ស្រុក​កំណើត​នៅ​ភូមិ​ព្នៅ​ទី២ ឃុំ​ព្នៅ​ទី២ ស្រុក​ស៊ីធ​កណ្ដាល ខេត្ត​ព្រៃវែង​ដែល​មាន​ឪពុក​ឈ្មោះ បៀន ឈិន និង​ អ្នកម្ដាយ​ឈ្មោះ ម៉ីន សុខន ជា​កសិករ។ រូប​គេ​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​​បង្កើត​៣​នាក់​។ ​បងស្រី​ឈ្មោះ​ មួន យុទ្ធា និង បង​ប្រុស​ទី២ ឈ្មោះ ឈិន ឈៀង។

 

កាល​ពី​កុមារភាព​ក្នុង​វ័យ​១៣​ឆ្នាំ​ឈិន​ ឈឿន ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​ដើម្បី​ហ្វឹកហាត់​​បាល់ទាត់។ ទោះបី​ជា​​មាន​កំណើត​នៅ​ឯ​ខេត្ត​ព្រៃវែង​យ ក៏​កីឡាករ​រូប​នេះ​​​ធំ​ពេញ​វ័យ​នៅ​​រាជធានី​ភ្នំពេញ​។ កីឡាករ​រូប​នេះ​ជា​អតីត​សិស្ស​វិទ្យាល័យ​ព្រះយុគន្ធរ និង​ជា​កីឡាករ​បាល់ទាត់​ប្រចាំ​វិទ្យាល័យ​មួយ​នេះ។

 

ជីវិត​បាល់ទាត់​ ឆ្នាំ ២០០២ ជា​ជំហាន​ដំបូង​​ដែល​ ឈិន ឈឿន ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​បាល់ទាត់ និង​បាន​ជាប់​ជម្រើស​​ជាតិ​យុវជន​ក្រោម​អាយុ​១៣ ឆ្នាំ (U13)។ ឆ្នាំ​នោះ​ រូប​គេ​បាន​​ឃ្លាត​​ឆ្ងាយ​ពី​គ្រួសារ​ត្រឹម​វ័យ​១៣ ឆ្នាំ​ មក​រស់​នៅ​រាជធានី​ភ្នំពេញ​ ដោយ​ស្នាក់​នៅ​ជាមួយ​អ៉ុំ​ដើម្បី​បន្ត​ជីវិត​ជា​អ្នក​កីឡាករ និង​ការ​សិក្សា។​ឆ្នាំ ២០០៥ ឈិន ឈឿន​លេង​ឲ្យ​ក្លិប​យុវជន​នៃ​ក្ដី​សង្ឃឹម​ និង​បាន​​ជួយ​ក្រុម​ឲ្យ​លើក​ពាន​រង្វាន់ MILO ២០០៥។

 

២​ឆ្នាំ​បន្ទាប់​បាន​ កីឡាករ​ដែល​មាន​កម្ពស់​១,៦៦​ម៉ែត្រ​រូប​នេះ​​បាន​ជាប់​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ​១៧ ឆ្នាំ(U-17) ពោល​គឺ​ឆ្នាំ​២០០៧ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ AFC U-17 Championship 2008 ដែល​​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល​ E ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ អីរ៉ង ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ AFC U17 Championship 2008 នេះ។

 

 

ជីវិត​នៅ​​ក្លិប​ក្រសួង​ការពារ​ជាតិ​ ឆ្នាំ​២០០៧ ឈិន ឈឿន​ បាន​ចូលរួម​ជាមួយ​ក្លិប​ក្រសួង​ការពារ​ជាតិ​ និង​មិន​បាន​ជាប់​ជា​ជម្រើស​១១​នាក់​ដំបូង​នោះ​ទេ​ដោយ​​​ភាគ​ច្រើន​​បាន​ចូល​លេង​នៅ​ចុង​ម៉ោង។ ​ឆ្នាំ ២០០៨ ​ទើប​កីឡាករ​រូប​នេះ​មាន​មុខ​១១​នាក់​ដំបូង​ជា​ញឹកញាប់។ រូប​គេ​បាន​ស៊ុត​គ្រាប់​បាល់​ឲ្យ​ក្រសួង​ការពារ​ជាតិ​បាន​២​គ្រាប់​នៅ​ឆ្នាំ​២០០៩។ ឆ្នាំ​បន្ទាប់​មក​រូប​គេ​បង្ហាញ​ខ្លួន​ឲ្យ​ការពារ​ជាតិ​ស្ទើរ​​គ្រប់​ការ​ប្រកួត ដោយ​រក​គ្រាប់​បាល់​បាន​ជា​ញឹក​ញាប់​ ហើយ​ជាប់​ជម្រើស​១១​នាក់​ដំបូង​របស់​ការពារ​ជាតិ​រហូត​ដល់​សព្វ​ថ្ងៃ។

 

ជាប់​ឈ្មោះ​​ក្នុង​បញ្ជី​​​ជម្រើស​ជាតិ​ អ្វីៗ ​ដែល​ខិតខំ​ប្រឹងប្រែង​កាល​ពី​វ័យ​ក្មេង​របស់ ឈិន ឈឿន ​ពិត​ជា​មិន​​ខក​បំណង​ឡើយ។ បន្ទាប់​ពី​បង្ហាញ​​ទម្រង់​លេង​ល្អ​​នៅ​ក្លិប​ក្រសួង​ការពារ​ជាតិ មាន​ភាព​រហ័ស​ ល្បឿន​ សហការ​ក្រុម និង ភាព​បំណិន​ប្រសប់​ក្នុង​ការ​គ្រប់គ្រង ​បាល់ ធ្វើ​ឲ្យ​លោក​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េ​ខាង​ត្បូង Lee Tae Hoon​ ពេញ ​ចិត្ត និង​​ជ្រើសរើស​ឲ្យ​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក្រុម​ធំ។ ដើម​ឡើយ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ លោក​គ្រូ​បង្វឹក​ឲ្យ​ពាក់​អាវ​លេខ​៨ ពេល​ចូល​ប្រកួត​ម្ដងៗ ប៉ុន្តែ​​ក្រោម​មក​ប្ដូរ​ទៅ​ពាក់​លេខ​១៧​វិញ។

 

ពាន​រង្វាន់​ AFC Challenge Cup ជំហាន​ដំបូង​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​គឺ​ ឈិន ឈឿន​លេង​ជា​មួយ​ក​មិត្ត​រួម​ជាតិ​នៅ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​នៃ​កម្មវិធី​ពាន​រង្វាន់​ AFC Challenge Cup ​ដែល​ប្រទេស​ម៉ាល់ឌីវ​ជា​ម្ចាស់​ផ្ទះ និង​មាន​ កម្ពុជា​ តាហ្ស៊ីគីស្ថាន​ កៀរហ្សីគីស្ថាន ​និង​ ម៉ាល់ឌីវ នៅ​ពូល​ជាមួយ​គ្នា។ នៅ​ទីនោះ​ រូប​គេ​បាន​ចូល​លេង​បាន​តែ​២​ប្រកួត​នោះ​ទេ(ប្ដូរ​ចូល) ពោល​គឺ​ជំនួប​ជាមួយ​ម្ចាស់​ផ្ទះ​ ម៉ាល់ឌីវ និង កៀរហ្សីគីស្ថាន​។ លទ្ធផល​នៅ​ពេល​នោះ​ កម្ពុជា​ ចាញ់​ម្ចាស់​ផ្ទះ​​ម៉ាល់ឌីវ ៤-០ ចាញ់​​តាហ្ស៊ីគីស្ថាន​ ៣-០ និង​ចាញ់​ កៀរហ្ស៊ីគីស្ថាន​ ៤-៣។​ ៣​​គ្រាប់​របស់​កម្ពុជា​បាន​​មក​ពី​ការ​ស៊ុត​២​​គ្រាប់​របស់​គួច សុកុម្ភៈ​ និង​ មួយ​គ្រាប់​របស់​ខ្សែ​ការពារ​សុក រិទ្ធី។

 

ជម្រុះ ​World​ Cup 2014​ ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ World Cup ឆ្ពោះ​ទៅ​កាន់​ប្រទេស​ប្រេស៊ីល២០១៤​ កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​ឡាវ។ ជំនួប​ជើង​ទី១ នៅ​ថ្ងៃ​ទី​ ២៩​ខែ​មិថុនា​ ឆ្នាំ​២០១១​ ឈិន ឈឿន​ជាប់​ឈ្មោះ​ជា​ជម្រើស​១១​នាក់​ដំបូង​របស់​លោក​ Lee ។ ជា​លទ្ធផល កម្ពុជា​ឈ្នះ​ ឡាវ​​ ៤-២។ កាន់​តែ​មាន​ទំនុក​ចិត្ត​បន្ថែម​ពី​លោក​គ្រូ​បង្វឹក​ នៅ​ក្នុង​ការ​ប្រកួត​ក្នុង​ជើង​ទី​២ ថ្ងៃ​​ទី​១​ កក្កដា​ឆ្នាំ​ដដែល រូប​គេ​ជាប់​ឈ្មោះ​ជា​ជម្រើស​១១​នាក់​ដំបូង​ ដោយ​អាច​លេង​បាន​រហូត ១២០ នាទី​ពេញ(ថែម​ម៉ោង​១៥​នាទី​២​ដង) ថែម​ទាំង​ជួយ​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​ឡាវ​បាន​១​គ្រាប់​ដែរ​នៅ​នាទី​៤៥។ សរុប​លទ្ធផល​ទាំង​២​ជើង​​កម្ពុជា​ចាញ់​ឡាវ ៨-៦ នៅ​ក្នុង​វគ្គ​ជម្រុះ​​​​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​​ឆ្នាំ​២០១៤​ប្រចាំ ​ទ្វីប​អាស៊ី។

 

ជម្រុះ​ World Cup 2018 ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ World Cup 2018 ឈិន​ ឈឿន​ជាប់​ជម្រើស​ជាតិ​កម្ពុជា​ទាំង​វគ្គ​ជម្រុះ​ជុំ​ទី​១ និង​ជុំ​ទី២។ ថ្វី​ត្បិត​មិន​អាច​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​ឈិន​ ឈឿន​ក៏បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ឲ្យ​ឈ្នះ​ម៉ាកាវ​៣-០ នៅ​ក្នុង​ផ្ទះ​ និង១-១ នៅ​ទឹក​ដី​ម៉ាកាវ។ សម្រាប់​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​ទ្វីប​អាស៊ី​ រូប​គេ​ជាប់​ជម្រើស​ជាតិ​ទៀត​ដោយ​បាន​ចូល​រួម​ប្រកួត​ជា​មួយ​មិត្ត​រួម​ជាតិ​ទាំង​ក្នុង​ដី​ និង​ក្រៅ​ដី​នៅ​ក្នុង​ពូល E។

 

កីឡា​ស៊ីហ្គេម​ Sea Games​ ឈិន ឈឿន បាន​បង្ហាញ​ខ្លួន​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​បាន​៣​លើក​ហើយ​រហូត​ដល់​ឆ្នាំ​២០១៥​នេះ​គឺ​ស៊ីហ្គេម​ឆ្នាំ​២០១១​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ​ស៊ីហ្គេម​ឆ្នាំ​២០១៣​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និង​ចុង​ក្រោយ​នេះ​ស៊ីហ្គេម​ឆ្នាំ​២០១៥​នៅ​ប្រទេស​សិង្ហបុរី។

 

នៅ​​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នេះ​ ឈិន ឈឿន​បាន​បង្ហាញ​ខ្លួន​ស្ទើរ​គ្រប់​ការ​ប្រកួត។ នៅ​ស៊ីហ្គេម​ឆ្នាំ​២០១១ ឈិន ឈឿន​បាន​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ឲ្យ​កម្ពុជា​គឺ​ពេល​កម្ពុជា​ចាញ់​សិង្ហបុរី ២-១ និង​កម្ពុជា​ចាញ់​ឥណ្ឌូណេស៊ី​ ៤-១។ ​មួយ​គ្រាប់​​ ឈិន ឈឿន​ពេល​ស៊ុត​ចូល​សិង្ហបុរី​គឺ​ជា​ការ​ស៊ុត​ដ៏​អស្ចារ្យ​បំផុត។

 

ការ​ប្រកួត​ដែល​ពេញ​ចិត្ត​បំផុត ការ ​ប្រកួត​ដែល​ធ្វើ​ឲ្យ​កីឡាករ​​រូប​នេះ សប្បាយ​ចិត្ត​ជាង​គេ គឺ ​នៅ​វគ្គ​ជម្រុះ​ពាន​រង្វាន់ World Cup ក្នុង​តំបន់​ទ្វីប​អាស៊ី​ កាល​ដែល​ក្រុម​កម្ពុជា​​ប៉ះ​ជាមួយ​ប្រទេស​ឡាវ។ មិន​ថា​នៅ​ជើង​ទី​១​ ឬ​ជើង​ទី​២​ រូប​គេ​នឹង​មិត្ត​រួម​ជាតិ​បាន​ខិតខំ​ប្រឹងប្រែង​លេង​អស់​ពី​កម្លាំង​ចិត្ត​ កាយ។ បើ​ទោះ​ជា​លទ្ធផល​ចុង​ក្រោយ​កម្ពុជា​ចាញ់​ឡាវ​ក្នុង​លទ្ធផល​ទាំង​២​ជើង​៨ – ៦។ លើស​ពី​នេះ​​​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​ដែល​កម្ពុជា​ឈ្នះ​ម៉ាកាវ​៣-០ នៅ​ស្តាត​ចាស់​ដែល​មាន​អ្នក​គាំទ្រ​មើល​ច្រើន​បំផុត​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា។

 

ស្នាដៃ​​កន្លង​មក -ជួយ​ឲ្យ​​​ក្លិប​យុវជន​នៃ​ក្ដី​សង្ឃឹម​លើក​ពាន​រង្វាន់ MILO ២០០៥​ -ជួយ​ឲ្យ​ ក្លិប​ក្រសួង​ការពារ​ជាតិ លើក​ពាន​រង្វាន់ សម្ដេច ហ៊ុន សែន ឆ្នាំ ២០១០ -ជួយ​​ឲ្យ​ វិទ្យាល័យ ព្រះយុគន្ធរ លើក​ពាន​ជើង​ឯក​​វិទ្យាល័យ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០១២

 

បំណង​ប្រាថ្នា​ទៅ​អនាគត ទោះ​ជា ត្រូវ​ចំណាយ​ពេល​ចាប់​ពី​កុមារ​ភាព រហូត​មក​ដល់​ពេល​នេះ​ក៏​ដោយ តែ​ខ្សែ​បម្រើ​នៅ​ក្លិប​ក្រសួង​ការពារ​ជាតិ​​រូប​នេះ​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​រក​ស៊ី​ជួញ​ដូរ​ទៅ​វិញ​នា​ថ្ងៃ​អនាគត។ មិន​គិត​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​បាល់ទាត់ ឬ កិច្ចការ​នានា​ក្នុង​វិស័យ​បាល់ទាត់​នោះ​ទេ ដោយ​​បញ្ជាក់​ថា មិន​សូវ​មាន​ចំណង់​ចំណូល​ចិត្ត​ការងារ​ខាង​ផ្នែក​​កីឡា​នេះ​ទេ គ្រាន់​តែ​ចូល​ចិត្ត​លេង​បាល់​តែ​ប៉ុណ្ណោះ​។

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី