នេះ...! គឺ​ភាពយន្ត​ខ្មែរ​ដំបូង​គេ ដែល​និយាយ​អំពី​ទឹក​ភ្នែក​ឈើ​ព្រៃ

  • 2014-10-15 23:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“វិញ្ញាណ​លោក​ម្ចាស់​គ្រញូង" គឺ​ជា​ភាពយន្ត​ដំបូង​គេ ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​ខ្មែរ ដែល​ឆ្លុះ​បង្ហាញ​ពី​ទុក្ខ​វេទនា​របស់​អំបូរ​ឈើ​គ្រញូង ប្រភេទ​ឈើ​មួយ​ប្រភេទ​ក្នុង​ព្រៃ​របស់​កម្ពុជា ដែល​ត្រូវ​បាន​រង​ការ​កាប់​ជួញ​ដូរ​យ៉ាង​រង្គាល​ដោយ​មនុស្ស។ នេះ​បើ​តាម​អ្នក​ស្រី ពាន់ ភួង​បុប្ផា។

 

អ្នក​ស្រី នៅ​អះអាង​ទៀត​ថា អ្នក​ស្រី​ចំណាយ​ពេល​យ៉ាង​យូរ​ដើម្បី​គិត​ច្នៃ​ឲ្យ​ចេញ​ជា​សាច់​រឿង​ឡើង គឺ​ចង់​ធ្វើ​ជា​សារ​ពញ្ញាក់​អារម្មណ៍​មួយ​ដល់​គ្រប់​គ្នា ពិសេស​អ្នក​ប្រព្រឹត្ត​ផ្ទាល់​លើ​សកម្មភាព​កាប់​ឈើ​គ្រញូង ឲ្យ​នឹក​គិត​ដល់​ថា ឈឺ​ក៏​ជា​សភាវៈ​មាន​ជីវិត​ដែរ។ "បើ​ទោះ​វា​ជា​រុក្ខជាតិ អត់​មាន​វិញ្ញាណ អត់​ចេះ​និយាយ​ស្ដី ប៉ុន្តែ​វា​ក៏​មាន​ជីវិត​ដូច​យើង​ដែរ យើង​កាប់​វា​មួយ​ដើម ដូច​យើង​សម្លាប់​មនុស្ស​ម្នាក់​ដែរ ពួក​គេ​នឹង​ត្រូវ​ព្រាត់​ប្រាស់​គ្រួសារ បាត់​ទី​ជម្រក រង​ទុក្ខ​ខ្លោច​ផ្សា​ដូច​គ្នា គ្រាន់​តែ​យើង​មិន​ដឹង"។

 

អ្នក​និពន្ធ​ល្បី​ឈ្មោះ​រូប​នេះ សង្កត់​ធ្ងន់​ថា សារ​ជា​រួម​នៃ​រឿង​នេះ គឺ​បំផុស​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​ស្រឡាញ់​ព្រៃ​ឈើ​ទាំង​មូល​មិន​មែន​តែ​ឈើ​គ្រញូង​មួយ​ប្រភេទ​ទេ។ អ្នក​ស្រី ថា ព្រៃ​ឈើ និង​មនុស្ស​ពិត​ជា​មាន​ទំនាក់​ទំនង​ឲ្យ​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ​ហើយ ទើប​វគ្គ​មួយ​នៃ​សាច់​រឿង អំបូរ​ឈើ​គ្រញូង​បាន​សុំ​អង្វរ​ថា "សូម​កុំ​កាប់​បំផ្លាញ​ពួក​ខ្ញុំ​ទៀត បើ​អ្នក​រក្សា​ខ្ញុំ ពួក​ខ្ញុំ​នឹង​រក្សា​អ្នក​វិញ"។

 

បើ​ទោះ​និយាយ​ឆ្លុះ​បង្ហាញ​ពី​វិនាស​កម្ម​របស់​ឈើ​គ្រញូង ប៉ុន្តែ​រឿង​នេះ នៅ​មាន​លាយ​ឡំ ឈុត​ឆាក​ស្នេហា បែប​បុរាណ និង​កំប្លុក​កំប្លែង ជា​ច្រើន​ផង​ដែរ ដែល​តួ​សម្ដែង​សុទ្ធ​ជា​តារា​ល្បី​ៗ​មាន​ដូច​ជាលោក អ៊ុន សិទ្ធា និង កញ្ញា តូតា ជា​តួ​ឯក លោក ស៊ឹម សុភ័ណ្ឌ លោក ដួង សុខគា អ្នកនាង ទូច ស្រី​លក្ខណ៍ ឌីជេ ឃ្លាំង នេន ទុំ និង​តារា​កិត្តិយស​ជា​ច្រើន​ទៀត។

 

តាម​សាច់​រឿង "វិញ្ញាណ​លោក​ម្ចាស់​គ្រញូង" ផ្ដើម​ចេញ​ពី​នាយ តំ ជា​អ្នក​ស្រុក​ភូមិ​ម្នាក់​ដែល​ចូល​ចិត្ត​លេង​ល្បែង​ភ្នាល់​អុក។ ថ្ងៃ​មួយ​គេ​បាន​លេង​ល្បែង​អុក​ភ្នាល់​​ឈ្នះ​បាន​គ្រែ​គ្រញូង​បុរាណ​មួយ​ពី​លោក​ដង្ខៅ​ដន សម្ដែង​ដោយ​ឌីជី ឃ្លាំង។ តាម​ហោរា​បាន​ទាយ​ថា គ្រែ​គ្រញូង​នោះ​មាន​ដួង​វិញ្ញាណ​ថែ​រក្សា អ្នក​ដែល​អាច​ដេក​លើ​នោះ​បាន​មាន​តែ​ស្រី​ក្រមុំ។

នាយ តំ និង​ប្រពន្ធ​ក៏​បាន​ប្រគល់​គ្រែ​នោះ​ឲ្យ​ទៅ​ប្អូន​ថ្លៃ​របស់​គេ ឈ្មោះ "កែវ" ដែល​ជា​ស្រី​ក្រមុំ។ កែវ​បាន​គ្រែ​នោះ នាង​សប្បាយ​ចិត្ត​ណាស់។ នាយ តំ តែង​លួច​គយគន់​សម្រស់​កែវ​ជា​ប្អូន​ថ្លៃ ឃើញ នាង​ស្រស់​ស្អាត​ធ្វើ​ឲ្យ​គេ​ត្រេក​ត្រអាល។ ទ្រាំ​មិន​បាន យប់​មួយ​គេ​បាន​លួច​ចូល​បន្ទប់​ចាប់​បង្ខំ​នាង តែ​ត្រូវ​ដួង​វិញ្ញាណ​ថែ​រក្សា​គ្រែ គឺ​លោក​ម្ចាស់​គ្រញូង​ចេញ​មក​ជួយ។ ម្ដង​ជា​ពីរ​ដង លោក ម្ចាស់​គ្រញូង និង​នាង​កែវ ក៏​បាន​ស្រលាញ់​គ្នា ប៉ុន្តែ​ជាមួយ​គ្នា​នោះ ពួក​បាន​រង​ការ​ឈ្នានីស​ពី​អ្នក​ស្រុក ធ្វើ​ឲ្យ​ពួក​គេ​ជួប​ឧបសគ្គ​ជា​ច្រើន។

 

ចង់​ដឹង​ច្បាស់​ពី​ដំណើរ​រឿង​ត​ទៅ​មុខ​ទៀត កុំ​ភ្លេច​តាម​ដាន "វិញ្ញាណ​លោក​ម្ចាស់​គ្រញូង" នឹង​មាន​ចាក់​ផ្សាយ​ជូន​ទស្សនា​នៅ​រោងភាពយន្ត​លំដាប់​អន្តរជាតិ Major Cineplex By Cellcard នៅ​ថ្ងៃ​​ទី ២៣ តុលា ២០១៤​ខាង​មុខ​នេះ​ហើយ៕

 

អត្ថបទ៖ ទារិកា

 

 

 

 

 

 

 

 

អត្ថបទពេញនិយម