ម៉ោង​៥​ល្ងាច​នេះ កម្ពុជា ប៉ះ​ ឡាវ ​មិត្តភាព​នៅ​​ថៃ ត្រៀមជម្រុះ World Cup ប្រចាំ​ទ្វីប​អាស៊ី​

  • 2015-08-29 15:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ នៅ​លើ​ទីលាន​កីឡដ្ឋាន Rajamangala stadium ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​វេលា​ម៉ោង ៥ ល្ងាច​ថ្ងៃ​សៅរិ៍ ទី ២៩ ខែ សីហា ឆ្នាំ ២០១៥ នេះ​ ដើម្បី​ត្រៀម​យុទ្ធនាការ​ជម្រុះ​ 2018 FIFA World Cup Russia ជាមួយ​ក្រុម​យក្ស​​ប្រចាំ​តំបន់​អាស៊ី ដូចគ្នា។

 
 

ក្រុម​កម្ពុជា ត្រូវ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជើង​ទី១ ពូល E នៃ​ពាន​រង្វាន់ ​2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី ជាមួយ​​ម្ចាស់​ផ្ទះ​​ជប៉ុន នៅ​ថ្ងៃ​ទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ខាង​មុខ​នៅ​កីឡដ្ឋាន Saitama Stadium 2002 ក្នុង​ទីក្រុង Saitama។ ៥ ថ្ងៃ​បន្ទាប់​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង មួយ​នេះ​នឹង​ត្រឡប់​មក​កាន់​រាជធានី​ភ្នំពេញ វិញ​ទទួល​ភ្ញៀវ​ក្រុម​ជម្រើសជាតិ​ស៊ីរី នៅ​ថ្ងៃ​ទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥។ កម្ពុជា ស្ថិត​ក្នុង​ពូល E ជាមួយ​ ជប៉ុន, ស៊ីរី, សិង្ហបុរី និង អាហ្វហ្គានីស្ថាន។

 

ចំណែក​ក្រុម​ឡាវ ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុងHwaseong ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​នៅ​​ថ្ងៃ​ទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ហើយ​នៅ​ថ្ងៃ​ទី ៨ ខែ កញ្ញា ក្រុម​ឡាវ ត្រូវ​បើក​ទ្វា​កីឡដ្ឋាន New Laos National Stadium នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​របស់​ខ្លួន ស្វាគមន៍​ក្រុម​គុយវ៉ែត ក្នុង​វគ្គ​ជម្រុះ​​ពូល G នៃ​ពាន​រង្វាន់ 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី។ ឡាវ ស្ថិត​ក្នុង​ពូល G ជាមួយ​ក្រុម​​ កូរ៉េខាងត្បូង, លីបង់, គុយវ៉ែត និង មីយ៉ាន់ម៉ា។

 

ក្រុម​ជម្រើស​ជាតិ​ឡាវ

 

មុន​ជួប​គ្នា​នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​ប៊ូតាន់​ដោយ​លទ្ធផល ២ ទល់ ០ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ មុន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្លិប Army United ក្នុង​​លីក​កំពូល​របស់​ថៃ។ ចំណែក​ក្រុម​ជម្រើស​ជាតិ​ឡាវ បាន​ប្រមូល​ផ្ដុំ​កីឡា​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ដូច​គ្នា​ដែរ ហើយ​បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ Nakhon Ratchasima FC សមាជិក​ក្នុង​លីក​កំពូល​ថៃ​ដែរ កាល​ពី​ថ្ងៃ​ទី២៧ សីហា កន្លង​​​ដោយ​លទ្ធផល ៣ ទល់ ១ នៅ​កីឡដ្ឋាន 80th Birthday Stadium ក្នុង​ខេត្ត​ Nakhon Ratchasima ​ប្រទេស​ថៃ។

 

សម្រាប់​ជំនួប​មិត្តភាព​ចុង​ក្រោយ​រវាង​ក្រុម​កម្ពុជា និង​ឡាវ ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២ ខែ​មិថុនា កន្លង​ទៅ​ដោយ​​លទ្ធផល​បញ្ចប់​ទៅ​ស្មើ​គ្នា ១ ទល់ ១។ កាល​នោះ​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី មក​ពី​ក្លិប​បឹងកេត​បាន​រក​គ្រាប់​ឱ្យ​កម្ពុជា នៅ​នាទី ៤៦ ស្រប​ពេល​កីឡាករ Sangvone Phimmasen របស់​ឡាវ​រក​គ្រាប់​បាល់​១​គ្រាប់​វិញ​នៅ​នាទី ៤៩ ក្នុង​ការ​ប្រកួត៕

 

 

 

ចុះ​នៅ​ល្ងាច​នេះ​វិញ តើ​កម្ពុជា ឬ ឡាវ​ អាច​ទទួល​លទ្ធផល​វិជ្ជមាន​មុន​ចេញ​ដំណើរ​ទៅ​ជួប​ក្រុម​យក្ស​ប្រចាំ​តំបន់​អាស៊ី?

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី