បង​ប្អួន​គាំទ្រ! U-19 កម្ពុជា​អាច​បង្កើត​ប្រវត្តិ​សាស្ត្រ​​បាន​ទេ ​ប៉ះ​ថៃ​ល្ងាច​នេះ​?

  • 2015-08-30 16:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ១៩​ឆ្នាំ​(U-19​)នឹង​បំណែក​កំណត់​ត្រា​រយៈ​ពេល​ជាង​៤០​ឆ្នាំ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ប្រសិន​បើ U-19​ កម្ពុជា​អាច​យក​ឈ្នះ​ ឬ​ស្មើ​ក្រុម​ខ្លាំង​ថៃ​វេលា​ម៉ោង​៤​ល្ងាច​នេះ​នៅ​កីឡដ្ឋាន​ Laos National Stadium ​នៃ​ពានរង្វាន់​ 2015 AFF U-19 Championship នៅ​ប្រទេស​ឡាវ។ ការ​ប្រកួត​នេះផ្សាយ​បន្ត​ផ្ទាល់​ដោយ PNN។

 

រយៈ​ពេល​៤៣ឆ្នាំហើយពោលគឺនៅឆ្នាំ១៩៧២​ក្រុម​បាល់ទាត់​កម្ពុជា​បាន​ឡើង​ដល់​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​នៃ​ពាន​រង្វាន់​បាល់ទាត់​ទ្វីប​អាស៊ី​ (Asian Cup)។ បន្ទាប់​មក​កម្ពុជា​ធ្លាក់​ចូល​ភ្លើង​សង្គ្រាម​ និង​មិន​ដែលបាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ម្តង​ឡើយ​ទាំង​តំបន់​អាស៊ី​ និង​អាស៊ាន​ ចាប់​តាំង​ពី​ពេល​នោះ​រហូត​ដល់​បច្ចុប្បន្ន​នេះ។

 

ក្រុម U-19 កម្ពុជា (រូបថត៖ Viphoup Phea)

 

ពេល​វេលា​ដែល​អ្នក​គាំទ្រ​​កម្ពុជា​ទាំង​មូល​កំពុង​ទន្ទឹង​រង់​ចាំ​បាន​មក​ដល់​ហើយ​នៅ​ពេល U-19​ កម្ពុជា​ត្រូវ​ប្រកួត​​កាត់​សេចក្តី​ជា​មួយ​ជើង​ខ្លាំង​ថៃ​វេលា​ម៉ោង​៤ល្ងាច​​នេះ​ដើម្បី​កំណត់​វាសនា​ថា​តើ​កម្ពុជា​ឡើង​ទៅ​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ឬយ៉ាង​ណា។

 

ឆ្លង​កាត់​៣​ប្រកួត​កន្លង​មក​ U-19​ កម្ពុជា​មិនទាន់​ចាញ់​ម្តង​ណា​ឡើយ​ពោល​គឺ​ឈ្នះ​ប៊្រុយណេ​ ៥-១,​ ឈ្នះហ្វីលីពីន​១-០ និង​ស្មើ​ម្ចាស់​ផ្ទះ​ឡាវ​០-០​ ដែល​មាន​៧​ពិន្ទុក្នុង​ដៃ​ ឈរ​លេខ​២​ក្នុង​តារាង​ពូលA។ ចំពោះ​ថៃ​វិញ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ​ បន្ទាប់​ពី​ឈ្នះ​ទាំង​៣​ប្រកួត​ ហើយ​ការ​ប៉ះ​ជា​មួយ​កម្ពុជា​នេះ​ជា​ការ​ប្រកួត​​បង្គ្រប់​កិច្ច​ក្នុង​ពូល។

 

លក្ខណ​​សម្រាប់​កម្ពុជា​គឺ​ត្រូវ​ការ​ត្រឹម​ស្មើ​ ឬ​ឈ្នះ​ក៏​បាន​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ទាប់​ ប៉ុន្តែ​ថៃ​នឹង​មិន​បណ្តោយ​ឲ្យ​កម្ពុជា​យក​ឈ្នះ​បាន​ឡើយ​ ពី​ព្រោះ​ប្រសិន​កម្ពុជា​ឈ្នះ​ ថៃ​នឹង​ឈរ​លេខ​២​ក្នុង​ពូល​ ហើយ​កម្ពុជា​ឈរ​លេខ១​ ដូច្នេះ​ថៃ​ទប់​ជើង​ត្រឹម​តែ​ស្មើ​ក៏​ឈរ​លេខ​១​ឡើង​ទៅ​វគ្គ​ខ្វែង​ដែរ។

 

កាន់​តែ​ពិសេស​ទៀត​នោះ​ ប្រសិន​បើ​កម្ពុជា​ស្មើ​ ឬឈ្នះ​ថៃ​វេលា​ម៉ោង​៤​ល្ងាច​នេះ​នោះ​ នឹង​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ឡាវ​ខក​បំណង​យ៉ាង​ខ្លាំង​ និង​គ្មាន​ន័យ​អ្វី​ទេ​សម្រាប់​ការ​ប្រកួត​ជា​មួយ​ហ្វីលីពីន​វេលា​​ម៉ោង​៧​យប់​នេះ។ ផ្ទុយ​ទៅវិញ​ ប្រសិន​បើ​កម្ពុជា​ចាញ់​ថៃ​នោះ​ កម្ពុជា​ និង​ ឡាវ​ត្រូវ​ចាំ​អ៊ុត​មើល​គ្រាប់​បាល់​ចំណេញ​ ថា​តើ​ក្រុម​ណា​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​នឹង​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ពី​ព្រោះ​មាន​ពិន្ទុ​ស្មើគ្នា។

 

ក្រុម​U-19 ថៃ (រូបថត៖ សហព័ន្ធ​បាល់ទាត់​​ឡាវ)

 

សម្រាប់​អ្នក​ជំនាញ​បាល់​ទាត់​កម្ពុជា​សុទ្ធ​តែ​រំពឹង​ខ្ពស់​ថា​ កម្ពុជា​នឹង​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាក់​ជា​មិន​ខាន​ឡើយ។ មុន​ការ​ប្រកួត​ជា​មួយ​ហ្វីលីពីន​កាល​ពី​ពីរ​ថ្ងៃ​មុន​លោក​គ្រូ ប្រាក់​ សុវណ្ណារ៉ា​ លោក​គ្រូ​មាស​ ចាន់ណា​ និង​លោកគ្រូ​ សំ​ វ៉ាន់ដេត​ សុទ្ធ​តែ​អះអាង​ថា​ កម្ពុជា​នឹង​ឡើង។ កាល​ពី​យប់​មិញ​បុរស​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ ពូកែ​វិភាគ​សាច់​បាល់​លោគ្រូ​ ភា​ សុភក្ត្រា​ បាន​បញ្ចេញ​យោបល់​ក្នុ​ង Facebook​ ថា​ ៖«ខ្ញុំ​មាន​ជំនឿ​ចិត្ត​ខ្លាំង​សម្រាប់​​ឳ​កាស​ឡើង​ខ្វែង​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​សំអាង​លើ​ហេតុផល​ពីរ​ចំបង​ ទី​មួយ​យើង​មិន​ត្រូវ​ការ​គ្រាប់​ឈ្នះ​ (ការពារ​ជា​ចំបង)​ ទី​ពីរ​ថៃ​ទម្លាក់​ជើង​ទំរង់​ ឬ​កម្រិត​នៃ​ការ​លេង​នៃ​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ពេល​ប៉ះ​យើង​ ខណៈ​ដែល​ពិន្ទុ​គេ​ឈរ​លេខ​១​ក្នុង​ពូល​រួច​ស្រេច​ទៅ​ហើយ»។

 

ចំពោះ​កីឡាករ​វិញ​ ចិន​ វណ្ណៈ​ ខ្សែ​ការពារ​ដែល​រក​បាល់​បាន​១​គ្រាប់​ឲ្យ​កម្ពុជា​នៅ​ពេល​ឈ្នះ​ប៊្រយណេ​ ៥-១​ នោះ​មិន​បាន​នៅ​ជួយ​មិត្ត​រួម​ក្រុម​ឡើយ​គឺ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សារ​មានបញ្ហា​សុខភាព។ ចំពោះ​ ច្រឹង​ ពលរដ្ឋ​ ដែល​ជួយ​ឲ្យ​កម្ពុជា​ឈ្នះ​ហ្វីលីពីន​១-០​ ក៏​មិន​ទាន់​ច្បាស់​ចូល​លេង​ឬ​យ៉ាង​ណា​នោះ​ដែរ​ដោយ​សារ​មាន​បញ្ហា​ប៉ះ​ទង្គិច​ និង​បាន​សែង​ចេញ​ពី​ទីលាន​ពេល​​ប្រកួត​ជា​មួយ​ហ្វីលីពីន។ ក្រៅ​ពី​នោះ​ គ្មាន​កីឡាករ​ណា​ម្នាក់​មាន​បញ្ហា​គួរ​ឲ្យ​កត់​សំគាល់​ឡើយ។

 

កម្ពុជា​អាច​បំបែក​កំណត់ត្រា​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ? កម្ពុជា​អាច​ធ្វើឲ្យ​ម្ចាស់​ផ្ទះ​ខក​បំណង​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​ ឬយ៉ាង​ណា?

 

អត្ថបទ៖​ ជាន​ ចាន់រ៉ា