លោក ទូច សុភក្ដិ កាន់សញ្ញាប័ត្រ Master II ពីបារាំង ជំនាញវិស្វកម្ម បានផ្ដល់ បទសម្ភាសន៍ជាមួយ Sabay ដើម្បីចែករំលែកបទពិសោធន៍ ជីវិតរស់នៅលើទឹកដីបារាំងរយៈពេលបីឆ្នាំ ដោយមិនស្គាល់អ្នកណាសោះ។
ម្ចាស់អាហារូបករណ៍ Eiffel ដែលផ្ដល់ ដោយក្រសួងការបរទេស បារាំង បានឱ្យដឹងថា លោកបានបញ្ចប់ Master II រយៈពេលបីឆ្នាំនៅសាលា EPSCI (Ecole Supérieure de Physics et de Chimie Industrielles de la ville de Paris) ក្នុងទីក្រុងប៉ារីស។
តើជីវិតនៅលើទឹកដីបារាំងបីឆ្នាំ មានរឿងរ៉ាវយ៉ាងណាខ្លះ?
ធ្លាប់បរាជ័យតែមិនបោះបង់
ក្រោយបញ្ចប់បាក់ឌុប ឆ្នាំ ២០០៩ ទូច សុភក្ដិ បានប្រឡងអាហារូបករណ៍ចូលវិទ្យាស្ថានបច្ចេកទេសកម្ពុជា ។ អំឡុងពេលសិក្សាផ្នែកវិស្វករនៅក្នុងស្រុក សុភក្ដិ ធ្លាប់ដាក់អាហារូបករណ៍ទៅរៀន នៅសិង្ហបុរី ប៉ុន្តែ ការប្រឡងមិនទទួលបានជាលទ្ធផលឡើយ។ ក្រោយមកទៀត រូបគេ បានដាក់អាហារូបករណ៍ទៅជប៉ុន ទៀត ជាលទ្ធផល សុភក្ដិជាប់ការប្រឡងសំណេរតែធ្លាក់វិញ្ញាសា សម្ភាសន៍។
លុះដល់ឆ្នាំទីបី មានមិត្តភក្ដិដែលរៀនពូកែប្រចាំថ្នាក់បាន ប្រាប់សុភក្ដិឱ្យដាក់អាហារូបករណ៍ទៅបារាំង។ ដំបូងឡើយ សុភក្ដិមិនចង់ចាប់យកឱកាសនេះទេ ព្រោះគិតថា ខ្លួនរៀនមិនពូកែ តែដោយសារមានការជំរុញពី មិត្តភ័ក្ដិ សុភក្ដិ បានសាកល្បងម្ដងទៀត ជាលទ្ធផលគេក៏បានជាប់ដូចបំណង។
ជីវិតដំបូងលើទឹកដីថ្មី
ឆ្នាំ ២០១២ សុភក្ដិ បានទៅដល់ ប្រទេសបារាំងជាលើកដំបូងដោយមានប្រាក់ ឧបត្ថម្ភ ១ ១៦៦ អឺរ៉ូក្នុងមួយខែ គេត្រូវរស់នៅជាមួយ គ្រួសារជនជាតិបារំាងនៅឯខេត្ដ Villeneure sur lot ភាគខាងត្បូងប្រទេស រយៈ ពេល ប្រាំបី សប្ដាហ៍ ដើម្បីហ្វឹកហាត់ការយល់ដឹងពី វប្បធម៌បារាំង។
អតីតម្ចាស់មេដាយប្រាក់គណិតវិទ្យាទី ៩ និង ទី ១២ រូបនេះ បានបន្តទៀតថា ការរស់នៅជាមួយគ្រួសារជនជាតិបារាំង នោះ សុភក្ដិត្រូវបង់លុយឱ្យគេ មួយខែ ៧០០ អឺរ៉ូ ដែលចំណាយលើ ថ្លៃស្នាក់នៅ ទាំងការហូបចុក។ មិនតែប៉ុណ្ណោះ រៀងរាល់ល្ងាច គ្រួសារជនជាតិបារាំងតែងតែបង្ហាត់ សុភក្ដិ ពីរបៀបធ្វើ ម្ហូបបារាំង ការនិយាយភាសា និងផ្នត់គំនិតផ្សេងៗរបស់ជនជាតិបារាំង។ សុភក្ដិផ្ទាល់ក៏ បានធ្វើចូលផ្ទះបាយ ដើម្បីចម្អិនម្ហូបឱ្យជនជាតិបារាំងបានភ្លក់រសជាតិម្ហូបខ្មែរដែរ។
ការចាកចេញពីគ្រួសារជនជាតិបារាំង
សុភក្ដិ ត្រូវចេញពីផ្ទះគ្រួសារជនជាតិបារាំង ដើម្បីទៅរៀនបន្ត នៅទីក្រុងប៉ារីស។ នៅទីនោះ មានជនជាតិខ្មែរដែលរៀននៅសាលា EPSCI ដែរ នាំអ្នកស្រុកស្អាងរូបនេះ ជិះមេត្រូ (រថភ្លើងក្រោមដី) និង ដើរលេងនៅតំបន់ទេសចរណ៍ផ្សេងៗ ដូចជា ប៉ម Effel ជាដើមដើម្បី ផ្ស៊ាំខ្លួនទៅនឹងទឹកដីថ្មី។
មានមិត្តភ័ក្ដិខ្មែរម្នាក់ដែរ ដែលរៀនសាលាជាមួយ ប៉ុន្តែ សុភក្ដិ នៅតែត្រូវជួលផ្ទះមួយតម្លៃ ៧០០ អឺរ៉ូក្នុងមួយខែ ដាច់តែឯង ដោយសារតែខាងសាលាគេមិនឱ្យជនជាតិខ្មែរ នៅផ្ទះជាមួយគ្នាទេ ព្រោះចង់បង្កើនភាសាបារាំងរបស់សិស្ស។ ជីវិតនៅទីនោះហាក់ដូចជាលំបាកបន្តិចសម្រាប់អតីតសិស្សវិទ្យាល័យស៊ីសុវត្ថិរូបនេះ ព្រោះមិនទាន់ស៊ាំនឹងអាកាសធាតុត្រជាក់ ចំណែក អាហារខ្លះវិញក៏ពិបាកក្នុងការបរិភោគ។
ការសិក្សាជាមួយគ្រូជនជាតិបារាំង ទាំងដែលមិនសូវចេះបារាំង
ចេញពីគ្រួសារអ្នកស្រុកចម្ការ លទ្ធផលសិក្សា របស់សុភក្ដិមិនគាប់ប្រសើរឡើយនៅឆមាសទីមួយ ដោយសារតែខ្លួនរៀនភាសាបារាំងបានតិចតួច ពេលដែលគ្រូនិយាយ ខ្លួនស្ដាប់បានតែ ៥០% ប៉ុណ្ណោះ។ ការដែលចេះភាសាបារាំង នេះដោយសារតែខ្លួនក៏ជា អតីតនិស្សិតតិចណូ ដែលសិក្សាភាសាបារាំងបានច្រើននៅថ្នាក់ មូលដ្ឋានដែរ។
សុភក្ដិ (ពាក់អាវស) និង មិត្តភ័ក្ដ
ប៉ុន្តែក្រោយមក ដោយសារការចូលចិត្ត ទំនាក់ទំនង ជាមួយអ្នកដទៃច្រើន សុភក្ដិបានស្គាល់មិត្តភ័ក្ដិ ជនជាតិបារាំងម្នាក់ ដែលជួយជ្រោមជ្រែង ខ្លួនពេលមិនសូវយល់ពីមេរៀន និង មានថ្នាក់ ផ្សេងៗ សម្រាប់និស្សិតដែលរៀនមិនទាន់ សុភក្ដិ បានចាប់ផ្ដើមរៀនទាន់ឡើងវិញ ដោយគ្រូបើកទូលាយ ទទួលយក ចំពោះសំណួរខុសវេយ្យាករណ៍ទាំងឡាយណារបស់សិស្ស។
ការចេះគិត ចេះវិភាគ និង ការនិយាយស្ដី របស់សុភក្ដិ បានផ្លាស់ប្ដូរជាច្រើន ចំណែកលទ្ធផលសិក្សាក៏បានប្រសើរឡើងដែរ។
ការត្រឡប់មកមាតុប្រទេសវិញ ក្រោយបីឆ្នាំ
សុភក្ដិសម្រេចចិត្តមិនស្វែងរកការងារ ធ្វើនៅស្រុកបារាំងដោយត្រឡប់មក ស្រុកកំណើតវិញ និង ស្វែងរក ការងារជាវិស្វករ ហើយឥឡូវនេះកំពុងស្ថិតនៅក្នុងការ ចរចានៅឡើយ។ មូលហេតុដែល សុភក្ដិសម្រេចចិត្តត្រឡប់មកវិញព្រោះ គេគិតថា គេអាច រកបទពិសោធការងារបាន ព្រមទាំងបានរស់នៅជួបជុំ បងប្អូនទៀតផង។
គោលបំណងទៅថ្ងៃមុខ
«ខ្ញុំនឹងដាក់ អាហារូបករណ៍បន្តទៀតនៅពេល ដែលខ្ញុំដឹងច្បាស់ថាខ្ញុំធ្វើការអីនៅស្រុកខ្មែរ អញ្ចឹងខ្ញុំអាចរៀនយកថ្នាក់បណ្ឌិត លើជំនាញខ្ញុំ ហើយមកធ្វើការនៅកន្លែងដដែលបាន»។ សុភក្ដិបានប្រាប់ Sabay។
ម្ចាស់សញ្ញាប័ត្រ Master II រូបនេះក៏មានគម្រោងចង់ បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួនទៅថ្ងៃអនាគត៕
អត្ថបទ៖ ណេង ណេង
រូបថត៖ ផ្ដល់ឱ្យ