ញាន ផល្លឹក​ឈាន​ទៅ​បង្កើត​រថយន្ត​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ អនាគត​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស

  • 2015-09-01 16:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ញាន ផល្លឹក បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី Star 8 ក្នុង​គម្រោង​បង្កើត​យានជំនិះ​ប្រើប្រាស់​ថាមពល​​ពន្លឺ​ព្រះអាទិត្យ ​ដែល​គោលដៅ​បម្រើ​ទីផ្សារ​ក្នុង​ស្រុក និង​អនាគត​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។

 

 

លោក ញាន ផល្លឹក​បាន​ប្រាប់​ថា ដោយ​សម្លឹង​ឃើញ​ឱកាស​ទីផ្សារ​ការ​ផលិត​យានជំនិះ​ពន្លឺ​ព្រះអាទិត្យ​កំពុង​ទទួល​បាន​គាំទ្រ​និង​ការ​ផុលផុស​កាន់​តែ​ខ្លាំង លោក​ក៏​​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​អូស្ត្រាលី Star 8 ដើម្បី​ឈាន​ទៅ​បង្កើត​គម្រោង​ផលិត​យានជំនិះ​ប្រើប្រាស់​ពន្លឺ​ព្រះអាទិត្យ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​អ្នក​ប្រើប្រាស់។

 

លោក​ថា ការ​ផលិត​យានជំនិះ​ប្រើ​ពន្លឺ​ព្រះអាទិត្យដែល​ជា​ប្រភព​ថាមពល​ស្អាត​ អាច​កាត់បន្ថយ​ការ​បញ្ចេញ​ជាតិពុល​នៅ​ក្នុង​បរិស្ថាន​ និង​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​កាន់​តែ​ប្រសើរ។

 

ក្នុង​តួនាទី​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​ផ្នែក​ស្រាវជ្រាវ លោក​ញាន ផល្លឹក​កំពុង​បង្កើត​រថយន្ត​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​ជា​ដំណាក់​កាល​ដំបូង​ មុន​ឈាន​ទៅ​ផលិត​យានជំនិះ​ដទៃ​ទៀត​ដោយ​​ទាញ​ប្រភព​ថាមពល​ដែល​​​មិន​ចេះ​រីង​ស្ងួត​នេះ​។

 

 

លោក​ញាន ផល្លឹក​បាន​អះអាង​ថា ពលរដ្ឋ​ជា​ច្រើន​បារម្ភ​ពី​ការ​ការ​កើន​ឡើង​តម្លៃ​ប្រេង​ឥន្ធនៈ ដែល​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​​នាំ​ក្តី​កង្វល់​ចំពោះ​បរិស្ថាន​។ ដូច្នេះ​គម្រោង​បង្កើត​យានជំនិះ​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ មិន​ត្រឹម​តែ​ជួយ​លើក​ស្ទូយ​ដល់​ជីវភាព​រសន់ៅ​របស់​ពលរដ្ឋ ប៉ុន្តែ​ក៏​បាន​រួម​ចំណែក​ជួយ​លើក​កម្ពស់​ដល់​ការពារ​បរិស្ថាន​កាន់​តែ​​ប្រសើរ​។

 

តាម​ស្ថាបនិក​រូប​នេះ​​ថា លោក​កំពុង​ជំរុញ​ក្នុង​ការ​ផលិត​ឡាន​ប្រើ​ពន្លឺ​ព្រះអាទិត្យ​នេះ ដើម្បី​បម្រើ​ទីផ្សារ​ប្រើប្រាស់​ក្នុង​ស្រុក និង​អនាគត​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​ខាង​ក្រៅ​​ដោយ​គោលដៅ​ចម្បង​លក់​តាម​​ប្រទេស​នៅ​តំបន់​អាស៊ី៕

 

បន្ត​អាន៖ ខ្លាំង​ផ្នែក​បច្ចេកវិទ្យា មិន​ប្រាកដ​​រៀន​​ចេះចប់​ជំនាញ​​បច្ចេកវិទ្យា។

បន្តអាន៖ ការ​សាង​​សមិទ្ធផល​​ដ៏​អស្ចារ្យ ធ្វើ​ឲ្យ​យុវជន​ខ្មែរ​លេច​ធ្លោ​ក្នុង​វិស័យ​​បច្ចេកវិទ្យា។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

រូបថត៖ លោក ញាន ផល្លឹក

អត្ថបទថ្មី