តួ Stunt ហូលីវូដ​ដើម​កំណើត​ខ្មែរ Jean-Paul Ly ត្រៀម​មក​ថត​រឿង​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា

  • 2015-09-02 16:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ Stunt ហូលីវូដ​មាន​ដើម​កំណើត​ខ្មែរ Jean-Paul Ly នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ម្ដង​ទៀត ដើម្បី​ចូលរួម​សម្ដែង​ភាពយន្ត​ជា​លើក​ដំបូង​សម្រាប់​ទឹក​ដី​កំណើត​របស់​ឪពុក-​ម្ដាយ អំឡុង​ចុង ២០១៥ ខាង​មុខ​នេះ។

 

 

តាម​រយៈ​សារ​ឆ្លង​ឆ្លើយ​ជាមួយ Sabay តារា​សម្ដែង​ក្នុង​ឈុត​គ្រោះថ្នាក់​របស់​ហូលីវូដ​រូប​នេះ​ បញ្ជាក់​ថា បច្ចុប្បន្ន​រូប​គេ​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​នៅ​ឡើយ ដើម្បី​បន្ត​ការ​សិក្សា​នៅ​ក្នុង​សាលា​កុន ហើយ​ចំពោះ​ដំណឹង​នោះ​ជា​ការ​ពិត​មែន។ Jean Paul Ly បន្ថែម​ថា៖ "បាទ! ខ្ញុំ​ជា​តួ​សំខាន់​ម្នាក់​នៅ​ក្នុង​រឿង​ហ្នឹង ហើយ​ជា​សម្ដែង​ភាពយន្ត​លើក​ដំបូង​ហើយ​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ផលិតកម្ម​ធំ​មួយ”។

 

តារា​ហូលីវូដ​កូន​កាត់​ខ្មែរ-បារាំង​វ័យ ៣១ ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា រូប​គេ​នឹង​សម្ដែង​ជា​តួ​សំខាន់​រួម​គ្នា​ជាមួយ​តារា​សម្ដែង សាវីន ហ្វីលីព និង​ លោក អ៊ូ ណារ៉ា ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​អំឡុង​ចុង​ឆ្នាំ ២០១៥ ជា​រយៈ​ពេល​ដែល​រូប​គេ​កំពុង​ទន្ទឹង​រង់ចាំ។ តារា​សម្ដែង​ក្នុង​ឈុត​គ្រោះ​ថ្នាក់​ដដែល​អះអាង​កន្លង​ថា ពិត​ជា​មោទនភាព​ប្រសិន​បើ​បាន​សម្ដែង​លើ​ទឹក​ដី​ប្រទេស​កម្ពុជា ជា​កន្លែង​កំណើត​ឪពុក​-ម្ដាយ​របស់​គេ។

 

តារា​សម្ដែង Jean -Paul Ly បាន​ធ្វើ​ដំណើរ ៣ លើក​ហើយ មក​កាន់​ប្រទេស​កម្ពុជា ទី​កំណើត​ឪពុក​-ម្ដាយ​ ដើម្បី​ស្វែង​រក​ដៃ​គូ​សហការ​ផលិត​ខ្សែ​ភាពយន្ត​វាយតប់​លំដាប់​អន្តរជាតិ ខណៈ​មើល​ឃើញ​ថា វិស័យ​នេះ​ចាប់​ផ្ដើម​មាន​ការ​រីកចម្រើន​បណ្ដើរៗ ទោះ​មិន​ទាន់​ដល់​ប្រទេស​ជឿនលឿន​ក៏​ដោយ។ ប៉ុន្តែ​ភាពយន្ត​ទាំង​នោះ​ផ្ដោត​លើ​កំប្លែង និង ​មនោសញ្ចេតនា​ប៉ុណ្ណោះ ខណៈ​ភាពយន្ត​បែប​វាយ​ប្រហារ​មាន​គុណភាព​នៅ​តិចតួច​នៅ​ឡើយ។

 

អ្នក​លេង​គុន​ចម្រុះ​រូប​នេះ​ចាត់​ទុក​ថា ជា​ជ្រុង​មួយ​ថ្មី​សម្រាប់​ទស្សនិកជន ប្រសិន​បើ​រូប​គេ​អាច​បាន​សហការ​ផលិត​ភាពយន្ត​បែប​វាយ​ប្រហារ​មាន​គុណភាព​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា៕

 

អាន​អត្ថបទ៖ក្រោយ​បរាជ័យ Cambodian Idol មុត សាវ៉ៃ ត្រៀម​ចេញ​បទ​ចម្រៀង​ហើយ

អាន​អត្ថបទ៖ ប្លែកៗ​ច្នៃ​របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ទៅ​ជា​​ម៉ូត​សម្លៀក​បំពាក់​គួរ​ឲ្យ​ទាក់​ទាញ

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម