​ក្រោយ​បរាជ័យ Cambodian Idol មុត សាវ៉ៃ ត្រៀម​ចេញ​បទ​ចម្រៀង​ហើយ

  • 2015-09-02 12:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ជ្រុះ​ពី​កម្មវិធី Cambodian Idol អតីត​បេក្ខនារី មុត សាវ៉ៃ ពេល​នេះ​កំពុង​ត្រៀម​ចេញ​បទ​ចម្រៀង​ក្នុង​ផលិតកម្ម The Best Media ដោយ​កំពុង​ហ្វឹកហាត់​ប្រើប្រាស់​សំឡេង​នៅ​ឡើយ។

 

 

ចាងហ្វាង​ផលិតកម្ម ធី វន្ថា បាន​បញ្ជាក់​ថា៖" ដោយ​សារ​ខ្ញុំ​ឃើញ​ការ​ស្រលាញ់ ការ​ខិតខំ​របស់​គាត់ ដូច​អ្វី​ដែល​ខ្ញុំ​ជួយ​អ្នក​ដទៃ​ដែរ ខ្ញុំ​ចង់​ឱ្យ​ពួក​គាត់​បាន​សម្រេច​ក្ដី​ស្រមៃ​របស់​គាត់"។ យុវជន​វ័យ ២៣ ឆ្នាំ​រូប​នេះ​បន្ថែម​ថា អ្វី​ដែល​រូប​គេ​អាច​ធ្វើ​បាន គឺ​ផ្ដល់​ឱកាស​ឱ្យ​នាង​ក្លាយ​ជា​អ្នក​ចម្រៀង​ម្នាក់ ដែល​អាច​ដើរ​ដល់​គោលដៅ​ចង់​បាន​នា​ពេល​ណា​មួយ ក្រោយ​ពី​មាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន និង​អ្នក​គាំទ្រ​របស់​នាង​ផង​ដែរ។

 

ធី វន្ថា បន្ថែម​ថា​ បច្ចុប្បន្ន មុត សាវ៉ៃ កំពុង​ហាត់​សម​បទ​ចម្រៀង​នៅ​ឡើយ មិន​ទាន់​បាន​ថត​ជា​សំឡេង​នោះ​ទេ។ ចាងហ្វាង​ផលិតកម្ម​វ័យ​ក្មេង​ដដែល​បញ្ជាក់​ថា បទ​ដំបូង​របស់​នាង ត្រូវ​ច្រៀង​រួម​គ្នា​ជាមួយ​តារា​ចម្រៀង​ផ្សេង​ទៀត​នៅ​ក្នុង​ផលិតកម្ម។ ចំពោះ​បទ​បន្ទាប់​​ទៀត សាវ៉ៃ នឹង​ច្រៀង​ទោល​ម្នាក់​ឯង ហើយ​រៀបរាប់​ពី​ជីវិត​ផ្ទាល់​ខ្លួន។

 

ទោះ​បី​ជា​យ៉ាង​ណា អ្នក​និពន្ធ​ទំនុក​ច្រៀង និង​បទ​ភ្លេង​ខាង​លើ​បន្ថែម​ទៀត​ថា សំឡេង​របស់​អតីត​បេក្ខភាព Cambodian Idol ខាង​លើ​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ទាមទារ​ការ​កែតម្រូវ​បន្ថែម​ទៀត​ដើម្បី​បំពេញ​ចំណុច​ខ្វះ​ខាត។ ប៉ុន្តែ​យោង​តាម​ការ​ខិតខំ និង​ក្ដី​ស្រលាញ់ លោក​ជឿជាក់​ថា ស្ត្រី​អ្នក​ថត​រូប​មក​ពី​ខេត្ត​កំពង់​ចាម​ខាង​លើ អាច​មាន​ការ​វិវត្តន៍​ខ្លួន​ទៅ​មុខ​បាន​ឆាប់​មិន​ខាន។

 

ដោយ​ឡែក​ចំពោះ​អ្នក​ចម្រៀង​ផ្សេង​ទៀត​នៅ​ក្នុង​ផលិតកម្ម ក៏​ធ្លាប់​មាន​ចំណុច​ខ្វះ​ខាត​ដូច​គ្នា​ដែរ ប៉ុន្តែ​ដោយ​សារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ទើប​អ្នក​គ្រប់គ្រង​រូប​នេះ ​សម្រេច​ជ្រើសរើស​យក។

 

The Best Media ជា​ផលិតកម្ម​ថ្មី​មួយ​បង្កើត​ឡើង​ដោយ​យុវវ័យ ១ ក្រុម ដែល​មាន​និន្នាការ​ផលិត​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​មិន​ចម្លង​បរទេស។ ​បច្ចុប្បន្ន​នេះ​ផលិតកម្ម​មួយ​នេះ​មាន​តារា​ចម្រៀង ៦ រូប​ប៉ុណ្ណោះ ហើយ​កំពុង​ដំណើរ​ជា​ជំហាន​បណ្ដើរៗ ក្នុង​ការ​ផលិត​បទ​ចម្រៀង​ថ្មី​បន្តបន្ទាប់ រួម​ទាំង​ការ​ផលិត​កម្មវិធី​ទូរទស្សន៍​ផង​ដែរ៕

 

អានអត្ថបទ៖  ភិន សុដាលីស ឆ្លើយ​តប​ថា ​មិន​បាន​ចេញ​ពី​ផ្ទះ​ទេ និង​ សំណូមពរ​លោក​ឪពុក…

អាន​អត្ថបទ៖  ប៉ែន តុលា ជម្រះ​បញ្ជី​ជា​មួយ ភិន សុដាលីស

អត្ថបទ៖ សំ ជំនាញ