យឺត​ពេល​ហើយ​ទើប​ស្តាយក្រោយ

  • 2015-09-03 18:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្ញុំ​មាន​អា​រម្ម​ណ៏​ថា​នឹក​រឿងរ៉ាវ​ពី​អតីតកាល​របស់​ខ្ញុំ​មែនទែន ​បន្ទាប់​ពី​ខ្ញុំ​បាន​អាន​អត្ថ​បទ​របស់​ “ឈុនលី”​ រួចហើយ។​ រឿងរ៉ាវ​របស់​នាង​មិន​ខុស​ពី​ខ្ញុំ​ប៉ុន្មាន​ទេ​ ពោល​គឺ​ខ្ញុំ​នៅតែ​នឹក​មនុស្ស​ម្នាក់​នោះ​ទោះបីជា​ដឹងថា ខ្ញុំ​លែងមាន​ថ្ងៃ​បាន​ជួប​គាត់​ម្តង​ទៀត​ក៏​ដោយ ​ក៏​ខ្ញុំ​នៅ​តែ​ដិតដាម​រូប​គាត់​ជាប់​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជា​រៀង​រហូត​គ្មាន​ថ្ងៃ​អាច​បំភ្លេចបាន។​ អតីតកាល​ទាំងនោះ​ហាក់ដូចជា​ស្រមោល​នៅ​ជាប់​ជាមួយ​នឹង​ខ្ញុំ​រៀងរាល់ថ្ងៃ​ ហាក់​ដូចជា​ធ្វើអោយ​ខ្ញុំ​នៅតែ​មិនអាច​បំភ្លេច​បាន​នៅ​ឡើយ ​ទាំង​គ្រា​ដែល​ធ្លាប់​សប្បាយរីករាយ​ ភាពភ័យខ្លាច ​ភាព​សោកសៅ ​ភាព​បារម្ភ​ទាំងឡាយ​របស់​គាត់​ដែល​មាន​ចំពោះ​ខ្ញុំ​ ក៏ដូចជា​គ្រប់​កូនចៅ​ទាំងឡាយ​របស់​គាត់​ផង​ដែរ។ ​មនុស្ស​ម្នាក់​នោះ​គឺជា ​យាយ​របស់ខ្ញុំ ។​

 

អតីតកាល​

 

កាល​ពី​ខ្ញុំ​នៅ​តូចៗ​ម្ល៉េះ​​ ខ្ញុំ​នៅ​ជាមួយនឹង​ប៉ា​មាក់​ខ្ញុំ​នៅ​ ម្ដុំ​​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ​​​ហើយ​តា​យាយ​របស់ខ្ញុំ គាត់​ទាំង​ពីរ​ស្នាក់នៅ​ ម្ដុំ​បឹងទំពុន។​ គាត់​បាន​បើក​កន្លែង​លក់​ឈើ​នៅ​ទីនោះ ដោយ​មាន​ការជួយ​ធ្វើការ​ពី​កូនប្រុស​របស់​គាត់​ទាំង​ពីរ​នាក់ រួម​ទាំង​កម្មករ​២ ​ទៅ ​៣​នាក់​ទៀត។​ រៀងរាល់ថ្ងៃ​ សៅរ៍​ និង​​អាទិត្យ ​ខ្ញុំ​តែងតែ​ទៅលេង​គាត់​ដោយ​តា​របស់ខ្ញុំ​ជា​អ្នក​មក​យក​ខ្ញុំ​ផ្ទាល់​នៅ​ឯ​ផ្ទះ​តែ​ម្តង។ ​ពេល​ទៅ​ដល់​ទីនោះ​ យាយ​របស់ខ្ញុំ​ចូលចិត្ត​អោយ​ខ្ញុំ​​ញ៉ាំ​​​ផ្លែ​ប៉ោ​ម​ដែល​គាត់​ទិញ​ទុក​អោយ​ខ្ញុំ​ណាស់ ​​ដោយ​និយាយថា​ ឯង​​ញ៉ាំ​​ទៅ​ដើម្បី​អោយ​ឆាប់​ធំ​នឹង​គេ។ ខ្ញុំ​ក៏​ស្តាប់​តាម​គាត់​ ហើយ​ក៏​ញ៉ាំ​រហូត​ជួនកាល​ ធ្វើអោយ​ឆ្អែត​បាយ​ថ្ងៃត្រង់​ក៏​មាន។​ រហូត​​​ដល់​ខ្ញុំ​រៀន​ថ្នាក់​ទី ៨ ប៉ា​ម៉ាក់​ខ្ញុំ​ក៏​បាន​ប្ដូរ​ផ្ទះ​ទៅ​ស្នាក់នៅ​ម្ដុំ​​ផ្សារ​គគីរ ​នៅ​ឯ​ស្រុក​កៀនស្វាយ ហើយ​គាត់​ក៏​បាន​គិតថា អោយ​ខ្ញុំ​នៅ​ជាមួយ​តា​យាយ​នឹង​ហើយ​ដើម្បី​បាន​រៀន​បាន​សូត្រ​​នៅ​ភ្នំពេញ​​ជាជាង​រៀន​នៅ​សាលារៀន​នៅ​កៀនស្វាយ​ ដោយ​គាត់​ខ្លាច​សាលារៀន​នោះ​បង្រៀន​ខ្ញុំ​មិន​បាន​ល្អ។​​​ ដោយ​យល់​ដូចនេះ​ ខ្ញុំ​ក៏​បាន​នៅ​ជាមួយ​ពួកគាត់​ទាំង​ពីរ​ចាប់ពីពេលនោះ​មក។​ វេលា​ដែល​ខ្ញុំ​រស់នៅ​ជាមួយ​ពួក​គាត់​ទាំងពីរ ​​​​គឺជា​វេលា​មួយ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេចបាន​ ពោល​គឺ ទាំង​សប្បាយ ​ទាំង​ពិបាកចិត្ត ​ជួនកាល​ទាំង​ខឹង​ក៏​មាន។​ ពួក​គាត់​ទាំង​២​ថ្នាក់ថ្នម​ខ្ញុំ​ណាស់ តែ​យាយ​របស់ខ្ញុំ​គាត់​ស្រលាញ់​ខ្ញុំ​ខ្លាំង​ជាង​តា​របស់ខ្ញុំ​ទៅទៀត ។​

 

 

រូបតំណាង

 

ពេល​ដែល​គាត់​មក​ពី​ផ្សារ​វិញ គឺ​គាត់​តែងតែ​ទិញ​របស់​ណា​ដែល​ឆ្ងាញ់ៗ​មក​អោយ​ខ្ញុំ​​ញ៉ាំ​​ហើយ​មិន​ដែល​ខាន​ទេ។ ​​​បើ​និយាយ​ពី​ថ្វីដៃ​ធ្វើ​ម្ហូប​របស់​គាត់​វិញ​គឺ​ឆ្ងាញ់​អស្ចារ្យ​ណាស់។ ​​ពេល​ខ្ញុំ​ទៅ​រៀន ​​តា​របស់ខ្ញុំ​គាត់​អោយ​លុយ​ខ្ញុំ​ទៅ​រៀន​មួយ​ថ្ងៃ​មួយ​ម៉ឺន​រៀល (10000៛) គឹ​សំរាប់​ទុក​បង់លុយ​រៀន​គួរ​ពេល​ថ្ងៃ​ទៀត តែ​មិន​ទាន់​បាន​ចេញពីផ្ទះ​ផង ក៏​ត្រូវ​យាយ​របស់​លួច​អោយ​ថែម ប្រាំ​ពាន់​រៀល (5000៛) ទៀត​ទុក​ទិញ​អី​ញ៉ាំ​​​រហូត។ រី​ឯ​ខ្ញុំ​វិញ ពេល​ដែល​បាន​លុយ​ច្រើន​ហើយ ​គិតតែ​ពី​ចាយ​ខ្ជះខ្ជាយ ​ទិញ​នេះ​ទិញ​នោះ​ យកលុយ​ទៅ​លេង​បាល់​រហូតដល់​អស់​លុយ​ពី​ខ្លួន​រលីង។ ​​ពេល​ទៅដល់​ផ្ទះ​វិញ​​ យាយ​ខ្ញុំ​ក៏​សួរ​ថា​​ ព្រឹក​មិញ​បាន​ចាយ​អី​ខ្លះ ហើយ​ខ្ញុំ​ក៏​កុហក​គាត់​ព្រោះ​ខ្លាច​គាត់​ស្តីអោយ​ ក៏​ថា​ខ្ញុំ​យក​លុយ​នោះ​ទៅ​សំរួល​ពិន្ទុ​អស់​ហើយ​យាយ។​

 

ខ្ញុំ​កុហក​គាត់​ដោយ​គ្មាន​ញញើត​សូម្បីតែ​មួយ​ម៉ាត់​សោះ។​​ គាត់​នៅ​តែ​បន្ត​អោយ​លុយ​ខ្ញុំ​បែប​នេះ​ជា​ប្រចាំ​រហូតដល់​ថ្ងៃ​មួយ​ទើប​ខ្ញុំ​ដឹង​ថា​​ លុយ​នោះ​គឺ​គាត់​សន្សំ​ពី​លុយ​ដែល​តា​អោយ​គាត់​យក​ទៅ​ទិញ​ម្ហូប​នៅឯ​ផ្សារ ហើយ​គាត់​ក៏កឹប​លុយ​មួយចំនួនសំ​រាប់​ទុក​អោយ​ខ្ញុំ​ចាយ។ ​តើ​អុ្នក​ដឹង​ទេ​ថា​ ពេល​ដឹង​ភ្លាម ក្នុង​ចិត្ត​ខ្ញុំ​គិត​យ៉ាងម៉េច? គឺ​ខ្ញុំ​នៅតែ​មិន​ដែល​ខ្វល់​ពី​ការលះបង់​របស់​គាត់​ម​កលើ​ខ្ញុំ​ទេ ​ព្រោះ​ខ្ញុំ​ពេល​នោះ​ជា​ក្មេង​ម្នាក់​ដែល​មិន​ចេះ​គិត​អ្វី​ទាំងអស់ គិតតែ​ពី​សប្បាយ​ចាយ​លុយ​ខ្ជះខ្ជាយ​ដដែល។ ​​ពេល​ដែល​ខ្ញុំ​ឡើង​ថ្នាក់​ទី ៩ គាត់​តែងតែ​និយាយ​ថា​ ចៅ​អ្ហា៎​! ចៅ​ឯង​យក​សៀវភៅ​រៀន​ខ្លះទៅ​ ប្រយ័ត្ន​ប្រលង​ធ្លាក់ ​តា​ឯង​វ៉ៃ​ណា។ ខ្ញុំ​លឺ​អីចឹង​ហើយ​​​ ក៏​ធ្វើ​ពុត​ជា​រៀន​ដើម្បី​បោក​ភ្នែក​គាត់​បាន​ម៉ា​ភ្លែត ខ្ញុំ​ក៏​លួច​លេង​ហ្គេម​ទៀត​ដោយ​មិន​ខ្វល់​អី​ទាំងអស់។ ​​​ពេលខ្លះ​គាត់​ក៏​សរសើរ​ខ្ញុំ​ថា ចៅ​ឯង​ខំរៀន​អីចឹង​យាយ​សប្បាយចិត្ត​ណាស់ ​​​ហើយ​ខ្ញុំ​វិញ​ក៏​លួច​សើច​គាត់​ទាំង​ដែល​​​ដឹងថា​គាត់​មិនដឹង​ទេ​ថា ខ្ញុំ​គ្រាន់តែ​រៀន​បោក​ភ្នែក​គាត់​មួយ​ភ្លែតៗ​ប៉ុណ្ណោះ។​

 

ជួន​កាល​ខ្ញុំ​ត​​​មាត់​ជាមួយ​គាត់​ពី​រឿង​នេះ​រឿង​នោះ​ ដោយសារតែ​ខ្ញុំ​និយាយ​ចង់តែ​ឈ្នះ​គាត់​រហូត​ ជួន​មាន​ពេលខ្លះ​គាត់​ខឹង​ខ្ញុំ​ឡើង​ធ្វើអោយ​គាត់​ខូច​អារម្មណ៍​ពេញ​មួយ​ថ្ងៃ​តែម្តង។​​ ទូរ​សព្ទ​ដៃ​របស់​គាត់​ទើបតែ​បញ្ចូល​លុយ ​​ខ្ញុំ​ខូច​ដល់​ថ្នាក់​លួច​បាញ់​លុយ​ទូរ​សព្ទ​របស់​គាត់​យក​មក​ប្រើ​ខ្លួន​ឯង​ម្តង​ជា​ពីរដង រហូត​ដល់​គាត់​ស្រែក​បន្ទោស​អ្នក​នេះ​អ្នក​នោះ​ពេញ​ផ្ទះ តែ​គាត់​មិន​បន្ទោស​ខ្ញុំ​ទេ​ដោយ​គាត់​គិតថា​ខ្ញុំ​មិន​ធ្វើ​ចឹង​ទេ។​ មក​ដល់​ត្រឺម​នេះ ទើប​ខ្ញុំ​ចេះ​គិត​តិច​តិច​ថា ​មិន​គួរ​ណា​ធ្វើ​អីចឹង​អោយ​គាត់​ខឹង​​​​​សោះ ហើយ​ក៏​ធ្លាប់​គិត​ថា​នឹង​ទៅ​សុំ​ទោស​គាត់​ដោយ​ផ្ទាល់ តែ​មិន​ហ៊ាន​សោះ​រហូត​លាក់​ទុក​រឿង​នេះ​មិន​អោយ​អ្នកណា​ដឹង​ទាំងអស់។​

 

នៅ​ពេល​ថ្ងៃ​ដែល​ទំនេរ​ពី​ការសិក្សា​​ ខ្ញុំ​នៅផ្ទះ​​ហើយ​ក៏​ត្រូវ​ពូ​ប្រើ​អោយ​ទៅ​ជួយ​លើក​ឈើ​នៅ​ខាងក្រោម​ផ្ទះ ពេលនោះ​ខ្ញុំ​ក៏​ធ្វើ​ពុត​ជា​យក​សៀវភៅ​រៀន​ដោយ​ខ្ជិល​ទៅ​ធ្វើការ​នោះ​ ស្រាប់តែ​ពូ​ខ្ញុំ​ខឹង​ហើយ​ក៏​ថា​ ឯង​ខ្ជិល​ម្ល៉េះ​​​អ្ហា៎! ​​​ស្រាប់តែ​ពេលនោះ​យាយ​ខ្ញុំ​ចេញមុខ​មក​ការពារ​ខ្ញុំ​ភ្លាម​ដោយ​ថា គ្នា​កំពុង​តែ​រៀន អោយ​វា​ទៅ​ធ្វើការ​ម៉េច​នឹង​កើត ឯង​លើក​ខ្លួនឯងបាន​តើ​ចាំបាច់​ប្រើ​វា​ធ្វើ​អី។​ ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូចជា​មាន​អ្វី​មួយ​ធ្វើអោយ​ខ្ញុំ​ស្រលាញ់​យាយ​ខ្ញុំ​ខ្លាំង​មែនទែន​ តែ​មិន​ហ៊ាន​និយាយ​ចេញមកក្រៅ​ទេ​ព្រោះ​ខ្លាច​គាត់​ថា​ខ្ញុំ​ជោរ ​​ហើយ​ក៏​លាក់​រឿង​នឹង​ទុក​មួយ​ទៀត។

 

ពេលវេលា​ចេះ​តែ​ដើរ​ទៅ​មុខ រហូតដល់​ពេល​ដែល​ខ្ញុំ​ជិត​ប្រលង​បញ្ចប់​ថ្នាក់​ទី ១២​ ពេល​នោះ​ប៉ា​ម៉ាក់​ខ្ញុំ​ក៏​បាន​ដូរ​ផ្ទះ​មក​ស្នាក់នៅ​ភ្នំពេញ​វិញ ហើយ​ខ្ញុំ​ក៏​សុំ​ទៅ​នៅ​ជាមួយ​ប៉ា​ម៉ាក់​ខ្ញុំ​វិញ​ផង​ដែរ។ មួយ​សប្តាហ៍​ចុងក្រោយ​ដែល​ខ្ញុំ​មុន​នឹង​ប្រលង​បាក់​ឌុប​នោះ ខ្ញុំ​ក៏​បាន​ទៅ​និយាយ​ជាមួយ​គាត់​តែ​ពីរ​​នាក់​ ហើយ​គាត់​ក៏​បាន​និយាយប្រាប់​ខ្ញុំ​ថា​ ចៅ​ឯង​ខំ​ប្រលង​អោយ​ជាប់​ណា ​ទោះបី​លំបាក​យ៉ាងណា​ក៏​ត្រូវតែ​ខំប្រឹង​ដែរ​ដើម្បី​អនាគត​របស់​ចៅ​ឯង​ យាយ​ជួយ​ចៅ​ឯង​បាន​តែ​ប៉ុណ្ណឹង​ ​ជា​អ្វី​ដែល​យាយ​អាចជួយ​បាន ​​សល់​ប៉ុន្មាន​គឺ​ចៅ​ឯង​ខ្លួនឯង​ហើយ។ ​គាត់​ក៏​និយាយ​បន្ថែម​ទៀត​ថា ​ពេល​ចៅ​ឯង​រៀន​ពូកែ​ទៅ​ ចៅ​ឯង​បាន​ចូល​ធ្វើការ​រក​លុយ​ខ្លួនឯង​ហើយ ​​​ពេលនោះ​យាយ​ក៏​សប្បាយចិត្ត​ដែរ​ដែល​ឃើញ​ចៅ​ឯង​មាន​អនាគត​ល្អ។ ​​​ពាក្យ​ប៉ុន្មាន​ម៉ាត់​របស់​គាត់​បាន​ធ្វើអោយ​ខ្ញុំ​ដឹង​ពី​ទឹកចិត្ត​ស្រលាញ់​ដែល​គាត់​មាន​ចំពោះ​ខ្ញុំ​យ៉ាង​ខ្លាំង​ដែល​គ្មាន​អ្វី​អាច​ប្រៀបផ្ទឹម​បាន  ​។

 

បន្ទាប់​មក​ខ្ញុំក៏​បាន​ប្រលង​ជា​ប់ទី​១២ ហើយ​គ្រួសារ​របស់​ខ្ញុំ​ពួកគេ​សប្បាយចិត្ត​មែនទែន។ បន្ទាប់​មក​ខ្ញុំ​ក៏​ដាក់​ពាក្យ​ធ្វើការ​ជា​ជំនួយ​ការ​ចុងភៅ តែ​យប់​ដំបូង​គេ​អោយ​ចូល​ Train ​​​​​សិន ទាល់តែ​យប់​បន្តិច​ទើប​បាន​ទៅដល់​ផ្ទះ។ ពេល​ខ្ញុំ​ចេញ​ពី​ក​នែ្ល​ង​មក​ ខ្ញុំ​មើល​ទៅ​វា​ម៉ោង​១០​យប់​ជាង​ទៅហើយ ​​ហើយ​ខ្ញុំ​ក៏​សំរេចចិត្ត​ចូល​ទៅ​គេង​ផ្ទះ​របស់​តា​យាយ​ខ្ញុំ​តែម្តង​ទៅ​ដោយ​បានខ​ល​ប្រាប់​គាត់​មុន ព្រោះ​ផ្ទះ​របស់​ពួក​គាត់​នៅ​ជិត​ជាង​ផ្ទះ​ខ្ញុំ ហើយ​ណាមួយ​ផ្ទះ​ខ្ញុំ​ពេលយប់​​​វា​ស្ងាត់​​​ផង។ មិន​នឹកស្មានថា​ យាយ​របស់ខ្ញុំ​គាត់​នៅចាំ​បើកទ្វារ​អោយ​ខ្ញុំ ​ដោយ​គាត់​មិន​ទាន់​ចូល​សំ​រាន​ទេ ​ហើយ​ពេល​គាត់​ឃើញ​ខ្ញុំ​មក​ដល់​ផ្ទះ ​គាត់​សប្បាយចិត្ត​ខ្លាំងណាស់។ ​​គាត់​រៀបចំ​កន្លែង​អោយ​ខ្ញុំគេ​ង​បាន​យ៉ាង​ស្អាត ​ហើយ​ក៏ចៀន​ពងទា​ទុកអោយ​ខ្ញុំ​ញ៉ាំ​​​ទៀត ​ក្រែង​ល​​​ខ្ញុំ​ឃ្លាន​ពេលយប់ ។

 

ខ្ញុំ​ធ្វើការ​ទីនោះ​តែ ​១ អាទិត្យ ​​ប៉ុណ្ណោះ​ព្រោះ​ខ្ញុំ​គ្មាន​ជំនាញ​ខាង​ធ្វើ​ម្ហូប​សោះ ហើយ​ក៏​សុំ​ឈប់​ដោយ​ខ្លួនឯង ។

 

ពេលវេលា​ចេះ​តែ​បន្ត​ទៅ​មុខ​រហូតដល់​មាន​ថ្ងៃមួយ មាន​រឿងរ៉ាវ​នេះ​កើតឡើង។ ​​​នៅវេលា​ពេល​ល្ងាច​នា​ថ្ងៃមួយ ​​​យាយ​របស់ខ្ញុំ​គាត់​កើត​មាន​រោគសញ្ញា​អ្វី​មិន​ដឹង​ទេ ឡើង​កើត​កន្ទួល​រមាស់​ពេញ​ខ្លួន​ដែល​មើល​ទៅ​គួរ​​អោយ​អាណិត​គាត់​មែនទែន។ ​​តា​គាត់​ក៏​យក​យាយ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​​ ហើយ​ពេទ្យ​ក៏​អោយ​ថ្នាំ​អោយ​គាត់​យក​មក​ពិសា។ ​ស្អែក​ឡើង​ ពេល​ថ្ងៃ​ពេល​ដែល​ខ្ញុំ​ចេញពី​រៀន ខ្ញុំ​ក៏​ទៅ​​ញ៉ាំ​​បាយ​ផ្ទះ​របស់​គាត់។​​​ ពេលទៅដល់​​ ខ្ញុំ​មើល​ទៅ​គាត់​ពិតជា​គួរ​អោយ​សង្វេគ​មែនទែន តែ​ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាង​ម៉េច ​ក៏​និយាយ​ជាមួយ​គាត់​ពីរ​បី​ម៉ាត់​មុនពេល​ត្រលប់​មក​ផ្ទះ​ខ្ញុំ​វិញ។ ​ពេល​ដែល​ខ្ញុំ​រៀប​ទៅផ្ទះ​ គាត់​ក៏​ភ្ញាក់ឡើង​ ហើយ​និយាយ​ប្រាប់​ខ្ញុំ​ថា ​ជិះ​ម៉ូតូ​ទៅផ្ទះ​វិញ​ស្រួលបួល​ណា​ចៅ បន្ទាប់​មក​ខ្ញុំ​ក៏​ឆ្លើយថា​ បាទ​យាយ ហើយ​ខ្ញុំ​ក៏​អូស​ម៉ូតូ​ចេញ​ទៅ ។ ស្រាប់តែ​ពេលនោះ មិនដឹង​ជា​មាន​អារម្មណ៍​អ្វី​ម្យ៉ាង​ទេ ដែល​ធ្វើអោយ​ខ្ញុំ​ងាកមើល​មក​គាត់​ដែល​កំពុងតែ​សំរាន្ត​លើ​អង្រឹង ​ហើយ​អា​រម្ម​ណ៏​នោះ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ដូចជា​កំពុង​តែ​មើល​យាយ​ជា​លើកចុងក្រោយ​អីចឹង តែ​ខ្ញុំ​ខំ​ប្រាប់​ខ្លួនឯង យាយ​មិន​អី​ទេ តែ​តិច​ទៀត​ទៅ​គាត់​នឹង​ជា​ហើយ បន្ទាប់​មក​ខ្ញុំ​ក៏​ចេញទៅ ។​

 

រំលង​បាន​រយៈពេល​ដូច​ជា​ពីរ​ទៅ​បី​ថ្ងៃ ក៏​មាន​ទូរ​សព្ទ​ខ​ល​មក​ប្រាប់​ម៉ាក់​ខ្ញុំ​ថា យាយ​គាត់​ឈឺ​ ឥលូវ​គាត់​មក​សម្រាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ​កាល់ម៉ែត។​ លឺដូចនេះ​ប៉ា​ម៉ាក់​ខ្ញុំ​ក៏​ប្រញាប់​ទៅ​ភ្លាម​ដោយ​អោយ​ខ្ញុំ​នៅ​ចាំផ្ទះ​មើល​ប្អូនៗ ​​ណាមួយ​ម្ដុំ​នោះ​ស្ងាត់​ផង។​ ជំងឺ​​របស់​គាត់​កាន់តែ​ ​​វិវឌ្ឍ​ខ្លាំង​ឡើង ម៉ាក់​របស់​ខ្ញុំ​ក៏​នៅ​សំរាក​មើល​យាយ​របស់ខ្ញុំ​នៅ​មន្ទីរពេទ្យ​ជា​រៀងរាល់ថ្ងៃ។ ដោយ​ឃើញ​ថា​គាត់​ដូច​ជា​មិន​​​បាន​ធូរស្រាល​សោះ ​ពួក​គាត់​ក៏​សំរេចចិត្ត​ប្តូរ​ពេទ្យ​អោយ​យាយ​ខ្ញុំ ទៅ​មន្ទីរពេទ្យ​រុស្សី។ ​ទោះបី​មាន​ការប្តូរ​មន្ទីរពេទ្យ​ក៏ដោយ ក៏​ជំងឺ​របស់​គាត់​មិន​បាន​ធូរស្រាល​ឡើយ។ ​បន្ទាប់មក​ក៏​សំរេច​ចិត្ត​យក​គាត់​មក​ផ្ទះ​វិញ​ម្តង​ ដោយ​អោយ​គាត់​លេបថ្នាំ​ជាប់​រហូត។​ បន្ទាប់មក​​បងប្អូន​ខាង​មីង​ខ្ញុំ​​ក៏​​​សំរេចចិត្ត​ចេញថ្លៃ​ចំនាយ​សំរាប់​អោយ​យាយ​ខ្ញុំ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​​ ដោយ​ពូ​និង​តា​របស់ខ្ញុំ​ជា​អ្នក​ទៅ​កំដរ​គាត់​នៅ​ទីនោះ។​​ គ្រាន់តែ​ទៅ​ដល់​ទីនោះ​ភ្លាម​​​ ពេទ្យ​គេ​ទីនោះ​ក៏​ចាប់ផ្តើម​ធ្វើការ​យ៉ាង​ញាប់ដៃ​ញាប់ជើង​ភ្លាម​​ ដោយ​ធ្វើការ​បូម​ស្លេស​ចេញពី​បំពង​ក​យាយ​របស់ខ្ញុំ​ដើម្បី​អោយ​គាត់​អាច​​និយាយ​​បាន​ធម្មតា​វិញ​​ ហើយ​ក៏​ធ្វើ​អ្វី​ជា​ច្រើន​ទៀត​រហូត​ដល់​យាយ​ខ្ញុំ​ធូរស្បើយ​ច្រើន​ជាង​មុន។ បន្ទាប់​មក​គាត់​ក៏​អាច​និយាយ​ទូរ​សព្ទ​បាន​​​ ហើយ​ប្រាប់​កូនចៅ​ទាំងអស់គ្នា​ថា​​ ម៉ែ​ជា​ហើយ​កូនៗ។ លឺ​ពាក្យ​នេះ​ខ្ញុំ​ក៏​​ដូចជា​កូនចៅ​របស់​គាត់​ទាំងអស់គ្នា ​​មាន​អារម្មណ៍​សប្បាយរីករាយ​ខ្លាំង​ណាស់​នៅពេល​ដែល​បានដឹងថា ​គាត់​បាន​ធូរស្រាល​ជាង​មុន ។

 

អ្នកណា​ទៅ​ដឹង​ព្រះ​អើយ! ​​រៀបនឹង​ចេញពី​មន្ទីរពេទ្យ​បាន​ទៅហើយ​​ ស្រាប់តែ​ជំងឺ​របស់​គាត់​រើ​ឡើង​ម្តងទៀត ម្តង​នេះ​គឺ​ខ្លាំង​មែនទែន។ ​គ្រូពេទ្យ​បាន​ពិនិត្យ​រៀងកាយ​របស់គាត់​ម្តងទៀត ​​ទើប​ដឹង​ថា​គាត់​អាលែកហ្ស៊ី​​ជាមួយ​នឹង​ថ្នាំ​កម្រិត​ធ្ងន់ធ្ងរ​ទៅ​ហើយ ​​ព្រោះ​គាត់​បាន​លេបថ្នាំ​ច្រើនណាស់។ ​​គ្រូពេទ្យ​បាន​និយាយថា បើ​គាត់​នៅ​ព្យាបាល​នៅ​ទីនេះ ​គឺ​​គាត់​នៅ​មាន​សង្ឃឹម​ត្រឹមតែ ​​១០% ​​ចុងក្រោយបង្អស់។​ លឺ​​​ដូ​ចនេះតា​របស់​ខ្ញុំ​ក៏​ពិភាក្សា​ជាមួយ​សាច់ញាតិ​ទាំង​អស់ ​​ហើយ​ក៏​សំរេចចិត្ត​ថា​នាំ​គាត់​មក​ផ្ទះ​វិញ​ចុះ។​​ នៅ​យប់​ចុងក្រោយ​នោះ (ថ្ងៃទី​១២ ​ខែ​ឧសភា​ ឆ្នាំ​២០១៥)​ គាត់​ក៏​បាន​ផ្តាំ​​ផ្ញើ​​បងប្អូន​សាច់ញាតិ​គាត់​ទាំងអស់​​ រហូតដល់​ពេល​ព្រឹក​ថ្ងៃ​ទី ១៣ ​ខែ​ឧសភា​ ឆ្នាំ​២០១៥​ គាត់​និយាយ​អ្វី​លែង​បាន​ទាំងអស់ ពោល​គឺ​គាត់​នៅ​ស្តូកស្តឹង​តែម្តង។ ​​​នៅ​ម៉ោង ១០:៣០​​ ខ្ញុំ​បាន​ទទួល​ទូរ​សព្ទ​របស់​ម៉ាក់​ខ្ញុំ​ថា ​​អោយទៅ​ផ្ទះ​យាយ​អោយ​បាន​លឿន​បំផុត។​​ គ្រាន់​តែ​ស្តាប់​បាន​ត្រឹមនេះ ​​អារម្មណ៍​ខ្ញុំ​បាន​ប្រាប់ថា​មាន​រឿង​មិនល្អ​កើតឡើង​ចំពោះ​យាយ​របស់ខ្ញុំ​បាត់ទៅហើយ។​​ ខ្ញុំ​ជិះ​ម៉ូតូ​ទាំង​អារម្មណ៍​មិន​នៅក្នុង​ខ្លួន​សោះ។

 

ពេល​ទៅ​ដល់​ភ្លាម ខ្ញុំ​ក៏​ប្រញាប់​ចូលទៅ​ក្រាប​សំពះ​គាត់​ភ្លាម​​ តែ​គាត់​មិន​បាន​តប​មក​ខ្ញុំ​វិញ​កើត​ទេ។​​ ខ្ញុំ​ឃើញ​បងប្អូន​សាច់ញាតិ​របស់​គាត់​ទាំងអស់គ្នា​​​ យំ​គ្រប់គ្នា​ដែល​ស្តាយ​ថា​មិន​អាច​ជួយ​គាត់​អ្វី​បាន​សោះ។​​ ពេល​លោក​តា​ចារ្យ​កំពុងតែ​សូត្រធម៌​​ រឿង​ដែល​គ្រប់​គ្នា​មិន​ចង់​អោយ​កើត​ក៏​បាន​កើតឡើង​​​ តាអាចារ្យ​គាត់​បាន​ស្រែកថា​​ ពុ​ទ្ធោ​! យាយ​ផុត​ទៅ​ហើយ​​​ ជា​ពាក្យ​មួយ​ធ្វើ​ខ្ញុំ​និង​អ្នក​ទាំងអស់​គ្នា​ឈឺចាប់​ខ្លាំងណាស់។​ អ្នក​ទាំងអស់​គ្នា​ក៏​បាន ​សុំ​ខមាទោស ​នូវ​អ្វី​ដែល​បាន​ធ្វើ​ចំពោះ​គាត់​ទាំង​ចេតនា​​ និង​ទាំង​អ​ចេតនា​ក្តី​​ បន្ទាប់មក​ក៏​ធ្វើបុណ្យ​តាម​ប្រពីណី​ជូន​គាត់ ។​

 

ខ្ញុំ​បាន​លួច​យំ​ម្នាក់ឯង​ហើយ​គិតថា​​ ហេតុអ្វី​ក៏​យាយ​ឆាប់​ទៅ​ចោល​ចៅ​ម្ល៉េះ​ ​​ទាំង​ចៅ​ពុំ​​ទាន់​បាន​និយាយ​ពាក្យ​ក្នុង​ចិត្ត​ប្រាប់​យាយ​ផង​​ ទាំង​ចៅ​ពុំទាន់​មាន​ការងារ​ដែល​ជាក់លាក់​មួយ​អោយ​យាយ​បានឃើញ​ផង​​​ ទាំង​ចៅ​មិនទាន់​មិន​​ទាន់បាន​និយាយ​ថា​សុំ​ទោស​ទៅកាន់​យាយ​នូវ​អ្វី​ដែល​ចៅ​បាន​សាង​អាក្រក់​ដាក់​យាយ​កាលពីមុន ទាំង​ចៅ​មិនទាន់​បាន​សងគុណ​ទៅកាន់​យាយ​វិញ​ផង ​​ហេតុ​អ្វី​ទៅ​យាយ ?

 

ចាប់ពីពេលនោះ​មក ខ្ញុំ​បាន​យល់​នូវ​អ្វី​ដែល​ហៅថា​ការឈឺចាប់​​ បាត់បង់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ហើយ​ក៏​គិត​ថា ​​យាយ​គាត់​ចង់​ឃើញ​ខ្ញុំ​រឹងមាំ​​ មិនមែន​ចង់​ឃើញ​ខ្ញុំ​ទន់ខ្សោយ​បែបនេះ​ទេ ​​​បើ​គាត់​ដឹង​គាត់​ទៅ​មិន​បាន​ស្ងប់ចិត្ត​ទេ។ ​នៅ​យប់​ដែល​ធ្វើ​ពិធី​​ ពោល​គឺ​ចិត្ត​របស់​ខ្ញុំ​នៅ​មិន​ស្ងប់​ទេ ​​ព្រោះ​ចិត្ត​នៅ​តែ​ដិតដាម​រូប​គាត់​ជាប់​ក្នុង​ចិត្ត​​ ហើយ​គិត​ថា​យាយ​គាត់​ទៅ​ឆ្ងាយ​ដូច​ជា​ស្រស់ៗ និង​លឿន​រហ័ស​ពេក​ដែល​ធ្វើអោយ​ខ្ញុំ​ធ្វើ​ចិត្ត​មិនទាន់។

 

ម៉ាក់​ខ្ញុំ​គាត់​តែងតែ​និយាយថា​ បើសិនជា​គាត់​អាច​ក្លាយជា​អ្នកជំងឺ​ជំនួស​យាយ​​ មិនដឹង​ជា​ល្អ​ប៉ុនណា​ទេ។​​ លឺ​ដូចនេះហើយ ​​កាន់តែ​ធ្វើអោយ​ខ្ញុំ​ខ្លោចចិត្ត​ជា​ខ្លាំង​ទាំង​បាត់​យាយ​មិនទាន់បាន​ប៉ុន្មាន​ផង​​​ លឺ​ម៉ាក់​គាត់​និយាយចឹ​ង​ទៀត។

 

ខ្ញុំ​ស្អប់​ខ្លួនឯង​ដែល​ជា​មនុស្ស​អៀន​ច្រើន ពេល​ដែល​មាន​ឱកាស​មិនចេះ​រក្សា​វា​ទេ ដល់ពេល​ដែល​លែង​មាន​ឱកាស​ទើប​ស្តាយ​ក្រោយ តើ​ចឹងបាន​ប្រយោជន៏​អ្វី​ទៅ។ ​​ខ្ញុំ​ធ្លាប់​គិតថា ចង់​ធ្វើ​ជា​ចៅ​ម្នាក់​ដែល​ល្អ​ដើម្បី​សងគុណ​គាត់​ដែល​បាន​ចិញ្ចឹម​ខ្ញុំ​រយៈពេល​ជាច្រើន​ឆ្នាំ​មក ​​ហើយ​ក៏​ចង់បង្ហាញ​អោយបាន​ដឹង​ថា ខ្ញុំ​មិនមែន​មិន​ចេះ​គិត​ដូច​កាល​ខ្ញុំ​នៅ​ក្មេង​ទៀត​ទេ។​  មេរៀន​មួយ​នេះ​បាន​បង្រៀន​អោយ​ខ្ញុំ​បាន​ស្គាល់​ពី​ច្បាស់​ពី​តំលៃ​នៃ​ពេលវេលា ​​ពោល​គឺ​ដូច​សុភាសិត​មួយ​អញ្ចឹង​​ “ពេលវេលា​គឺ​ជា​មាសប្រាក់”។​

 

ជា​ចុងក្រោយ​នេះ ខ្ញុំ​សូម​ជូន​អត្ត​បទ​មួយ​នេះ​ជូន​ទៅ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​មាន​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​​ ហើយ​មិន​ទាន់​ចេះ​គិត​ពី​ពួកគាត់ ​​សូម​បោះ​បង់គំនិត​ហ្នឹង​​ចោល​ទៅ​​ ព្រោះថា​​ ជីវិត​មនុស្ស​គឹ​ខ្លី​ណាស់ សូម្បី​​តែ​ថ្ងៃស្អែក​ជា​ថ្ងៃ​ចុងក្រោយ​របស់​យើង​ក៏ដោយ​ក៏​យើង​មិន​បានដឹង​ដែរ។​​ ចូរ​អ្នកធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​នៅ​ថ្ងៃនេះ​ដើម្បី​អោយ​ពួកគាត់​បាន​យល់​ពី​អំពើ​ល្អ​របស់​អ្នក​​ ជៀសវាង​​ដូច​ខ្ញុំ ​​ហួសពេល​ទើប​ភ្ញាក់ខ្លួន​ស្តាយក្រោយ​ក៏​យឺត​ពេលដែរ។​​ បាន​ត្រឹម​សុំទោស​គាត់​តាម​ការ​ស្រមើរ​ស្រមៃ​ម្នាក់​ឯង​តែ​ប៉ុណ្ណោះ ​​គ្មាន​ឱកាស​បាន​ជួប​រូប​ពិត​របស់​គាត់​ទៀតឡើយ។​​ អំពើ​ល្អ​មិនមែន​ត្រឹមតែ​ធ្វើ​អោយ​តែ​ល្អ​​មើល​​ទើប​ល្អ​នោះទេ​​​ គឺ​​ត្រូវ​ចេញពី​ចិត្ត​របស់​ខ្លួន​ទើប​អំពើ​ល្អ​នោះចួល​ជ្រៀប​ដល់​ក្នុង​ចិត្ត​អ្នក​ដែល​យើង​ចង់​អោយ​ទៅដល់។​​​ ពេលណា​ដែល​អ្នកឃើញ​មនុស្ស​ម្នាក់​នោះ​បាន​សប្បាយចិត្ត​ហើយ យើង​ខ្លួនឯង​ក៏​សប្បាយចិត្ត​ដែរ ​​​ហើយ​ការ​ដែល​សប្បាយចិត្ត​នោះ​គឺ​​ពិតជា​ពិសេស​គ្មានអ្វី​ប្រៀបផ្ទឹម​បានឡើយ។

 

សូម​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​បាន​អាន​អត្ថបទ​របស់ខ្ញុំ។​​ នេះ​គឺជា​អត្ថបទ​ទី​មួយ​របស់​ខ្ញុំ ដែល​រៀបរាប់​ពី​ខ្លួន​ខ្ញុំ​ផ្ទាល់។ បើ​មាន​ពាក្យ​ណា​មិន​សមរម្យ សូម​អធ្យាស្រ័យ​ផង។​

 

​ពី​ខ្ញុំ ​អ៊ី​ម លាង​ហួត​

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖

 

លេខ​ទូរសព្ទ៖ ​017 557 688 អ៊ីមែល៖ ​prak.chanseyha@cidc.com.kh លេខ​ទូរសព្ទ៖ ​099 588 880 អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ! ​

អត្ថបទថ្មី