២៥០០ រៀល ទាំងអស់គ្នារាល់ខែ មន្ទីរពេទ្យគន្ធបុប្ផា លែងបារម្ភរឿងខ្វះលុយ
- 2015-09-07 17:51:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២៥០០ រៀល ទាំងអស់គ្នារាល់ខែ មន្ទីរពេទ្យគន្ធបុប្ផា លែងបារម្ភរឿងខ្វះលុយ
ចន្លោះមិនឃើញ
បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា កំពុងតែដង្ហោយរកជំនួយពីសប្បុរសជន ព្រោះតែជួបវិបត្តិខ្វះខាតថវិកាធ្ងន់ធ្ងរ។ យ៉ាងណាចំពោះវិបត្តិនេះ គេជឿជាក់ថា មន្ទីរពេទ្យទេវតា នឹងអាចដំណើរការបានល្អ ប្រសិនបើប្រជាជនខ្មែរម្នាក់ៗចេះជួយគ្នា និង ចំណាយថវិកាផ្ទាល់ខ្លួន ២៥០០ រៀលក្នុងមួយខែ។
កាលពីព្រឹកថ្ងៃសៅរ៍ទី ៥ ខែកញ្ញា ក្រោយពីជិះកង់ដើម្បីសុខភាព ក្រុមអ្នកជិះកង់ Sabay បានយកថវិកា ១០ ៦៨៨ ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងបានស្នើឱ្យពលរដ្ឋគ្រប់រូបរួមគ្នាជាធ្លុងមួយ ដើម្បីជួយដល់វិស័យសុខាភិបាល ក្នុងប្រទេសកម្ពុជា។
“បើពួកគាត់ (ពលរដ្ឋខ្មែរ) ផ្អាកផឹកកាហ្វេពីរ-បីថ្ងៃ ហើយយកលុយផឹកកាហ្វេ មកចូលរួមការងារអស់ហ្នឹង មិនថា គន្ធបុប្ផា ឬកន្លែងណាផ្សេងទេ អ្នកមានលទ្ធភាព គឺសូមចូលរួមជួយ។ គិតមកថា ១ ខែប្រាំដុល្លារ អ៊ីចឹង ១ ឆ្នាំបានច្រើនលានដុល្លារ"។ នេះជាការលើកឡើងរបស់សមាជិកក្រុមអ្នកជិះកង់ Sabay លោក គួច សុខលី។
លោក សុខលី បានបន្តថា ក្នុងនាមជាប្រជាជនម្នាក់ៗគួរតែទទួលខុសត្រូវខ្លះ ក្នុងផ្នែកសុខាភិបាល ដោយមិនត្រូវពឹងផ្អែកលើរដ្ឋាភិបាលតែម្នាក់ទេ បើមិនដូច្នេះទេពេទ្យគន្ធបុប្ផា នឹងមិនអាចដំណើរការបានឡើយ។ លោកបន្តថា ការរិះគន់ជាចំណុចជំរុញមួយល្អហើយ តែប្រជាជនក៏ត្រូវមានការទទួលខុសត្រូវដែរ […] បើរដ្ឋាភិបាលជាអ្នករ៉ាប់រងទាំងអស់ តើរដ្ឋាភិបាលមានដៃប៉ុន្មាន និង ជើងប៉ុន្មាន ដើម្បីធ្វើការទាំងអស់នេះ ហើយបើម្នាក់ៗចាំតែរិះគន់មិនចេះជួយនោះ។
សមាជិករូបនេះបន្ថែមថា ក្រុមរបស់លោកតែងធ្វើសកម្មភាពសប្បុរសធម៌ ដោយក្នុងមួយឆ្នាំមានពីរ-បីដង (ស្វែងរកថវិកាជួយ) ដែរ ដោយមិនមែនមានតែមន្ទីរពេទ្យគន្ធបុប្ផាមួយប៉ុណ្ណោះទេ គឺមានសាលា និង កន្លែងផ្សេងៗជាច្រើនទៀត។
ដោយឡែក លោក ជី សិលា ប្រធានក្រុមអ្នកជិះកង់ Sabay មានប្រសាសន៍ដែរថា ពលរដ្ឋគ្រប់រូបអាចចូលរួមជួយការងារសង្គម ហើយមិនមែនមានន័យថា ទាល់តែអ្នកនោះមានលុយ ទើបមានលទ្ធភាពជួយទេ។ លោកថា បើម្នាក់ចំណាយតែ ២៥០០ រៀល ឬ ១ ដុល្លារក្នុងមួយខែ មន្ទីរពេទ្យមួយនេះលែងបារម្ភខ្វះលុយទៀតហើយ។
អនុប្រធានមូលនិធិគន្ធបុប្ផា លោកវេជ្ជបណ្ឌិត ឡូរ៉ង់ ដេនីស ថ្លែងថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមជិះកង់គ្រប់វ័យនេះ ជួយគន្ធបុប្ផា ហើ់យតំណាងឱ្យមន្ទីរពេទ្យ លោកមានក្ដីរំភើប និង មានមោទភាព ដែលជនជាតិខ្មែរ បង្កើតជាក្រុម ដើម្បីស្វែងរកជំនួយជួយដល់គន្ធបុប្ផា។ លោក ដេនីស បន្តថា ដើមឆ្នាំនេះ លោកទទួលបានជំនួយសប្បុរសធម៌ចំនួនជាង ២ លានដុល្លារ៕
ចុចអាន៖ ចម្លើយតែងសេចក្ដីភ្លាវបេក្ខជនប្រលងបាក់ឌុប២រូប កំពុងល្បីខ្លាំងលើបណ្ដាញសង្គម
អត្ថបទ៖ អ៊ុំ សុភក្តិ