គ្រូ ៣ រូប​ទទួល​​ការ​គោរព​ស្រលាញ់ខ្លាំង ពី​ប្រជាជន​ខ្មែរ​ក្នុង​វិស័យ​អប់រំ

  • 2015-09-10 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរជនវិស័យអប់រំ​បី​រូប​មាន​ឈ្មោះអ្នកគ្រូ ណាក់ សុខុម លោក​គ្រូ សុខ ច័ន្ទ និង ​អ្នកគ្រូ ចាប ចាន់ឌី បានទទួល​​ការ​គោរព​ស្រលាញ់ យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រជាជន​ខ្មែរ និង ​ភ្នាក់ងារ​​របស់អង្គការសហប្រជាជាតិ UNICEF ប្រចាំ​នៅ​កម្ពុជា ក្រោយ​មាន​ការ​បង្ហោះ​លើ Page ហ្វេសប៊ុកក្នុង​​ពេល​ថ្មីៗនេះ។

 

អ្នកគ្រូ ណាក់ សុខុម

 

១. អ្នកគ្រូ ណាក់ សុខុម

 

បើ​តាម​ការ​ឱ្យ​ដឹង​ពី Page ផ្លូវការ UNICEF ឈ្មោះ UNICEF Cambodia អ្នកគ្រូ ណាក់ សុខុម បាន​បរិច្ចាគ​ដី​​ផ្ទាល់​ខ្លួន​មួយ​កន្លែង ដើម្បី​សាងសង់​សាលា​មត្តេយ្យ​សហគមន៍បេង ស្ថិតក្នុង​ភូមិ​បេង ខេត្ត​ព្រៃ​វែង។ អ្នកគ្រូ​រូប​នេះ​ថ្លែង​ថា ៖“ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ ក្នុង​ការ​ផ្ដល់​ដីធ្លី​របស់​ខ្ញុំ ដោយសារ​ខ្ញុំ​ដឹង​ថា​ការអភិវឌ្ឍន៍​កុមារ​តូច​ៗ​មាន​សារៈសំខាន់​ណាស់"។

 

សាលា​ដែល​ផ្ដល់​ដី​ដោយ​ពលរដ្ឋ​សាមញ្ញ​មួយ​​នេះ ត្រូវ​បាន​សង់​ឡើង​​ក្នុង​ឆ្នាំ ២០០៥ ដោយ​មាន​​មូលនិធិ​គាំទ្រ ​ពី​អង្គការ UNICEF និង​ក្រុមហ៊ុន​អាយ​គា (IKEA) ហើយ​បច្ចុប្បន្ន​ វា​ក្លាយ​ជា​ទីកន្លែង​ផ្ដល់​ចំណេះដឹង និង​លេងកម្សាន្តដ៏​សប្បាយ​រីករាយ។

 

លោកគ្រូ សុខ ច័ន្ទ

 

២. លោក​គ្រូ សុខ ច័ន្ទ

 

មិន​ខុស​គ្នា​ឡើយ អ្នក​មាន​ចិត្ត​ស្រលាញ់​វិស័យ​អប់រំ និង​ចង់​ជួយ​ក្មេងៗ​ដូច​គ្នា លោក​គ្រូ សុខ ច័ន្ទ បាន​លះបង់​ពេលវេលា ១៨ ឆ្នាំ ដើម្បី​បង្រៀន​កុមារ​រស់​ក្នុង​​​ភូមិដាច់ស្រយាល ឧបសម្ព័ន្ធអូរថ្ម ទឹកដី​​ខេត្ត​បាត់ដំបង ដោយ​មិន​យក​ប្រាក់​កម្រៃ​ សូម្បី​​មួយ​កាក់​មួយ​សេន ហើយ​លោកថែមទាំង​បាន​ចំណាយ​ថវិកាផ្ទាល់ខ្លួន​ទិញ​សៀវភៅ​ពុម្ព ឱ្យ​​ពួកគេទៀត​ផង ។

 

លោក​គ្រូ​ចិត្តធម៌​រូប​នេះ​បញ្ជាក់ថា ៖“កាល​នោះ​គ្មាន​សាលារៀន​ទេ​នៅ​ក្នុង​ភូមិទេ(សព្វថ្ងៃសាលានេះឈ្មោះបឋមសិក្សាអូរថ្ម) ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​បង្រៀន​កុមារ”។ បើ​ផ្អែម​តាម​ប្រភព​ លោក​គ្រូ​បាន​បើក​បង្រៀន​ក្មេងៗ​នៅ​ពេល​ថ្ងៃ ចំណែក​ពេល​យប់ធ្វើការ​សម្រាប់​ខ្លួនឯង។

 

ការ​ខំប្រឹង​របស់​លោក សុខ ច័ន្ទ មិន​អត់​ប្រយោជន៍​ឡើយ ដោយ​​បាន​ធ្វើ​ឱ្យ​មន្ត្រី​អង្គការ​យូនីសែហ្វ ភ្ញាក់ផ្អើល​កាល​ពី​ឆ្នាំ ២០១៤។ បច្ចុប្បន្ន​សាលា​រៀន​ដែល​លោក​បង្រៀន ​​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាលាបឋមសិក្សា​ផ្លូវការ ហើយ​លោកគ្រូ​ ក៏​បន្ត​ការ​បង្រៀន​ក្នុង​នាម​ជា​គ្រូ​ជាប់​កិច្ចសន្យា​ជាមួយ​មន្ទីរ​អប់រំ​ខេត្ត។

 

អ្នកគ្រូ ចាប ចាន់ឌី

 

៣. អ្នកគ្រូ ចាប ចាន់ឌី

 

ដោយឡែក​​ដើម្បី​អបអរ​ទិវា​អក្ខរកម្ម​ពិភពលោកម្សិលមិញ អង្គការ UNICEF បាន​បង្ហាញ​នូវ​វីរជន​វិស័យអប់រំ​មួយ​ចំនួន​រួមទាំង អ្នកគ្រូ ចាប ចាន់ឌី ​ផង​ដែរ។ ចាប ចាន់ឌី ជា​អ្នកគ្រូ​មួយ​រូប​នៅ​សាលាមត្តេយ្យ​សហគមន៍ភូមិខ្វាន ក្នុង​ខេត្ត​កំពង់ស្ពឺ ដោយ​ឆ្នាំ​ដំបូង​អ្នកគ្រូ បាន​ដើរ​ពន្យល់​ឪពុកម្តាយ​តាម​ផ្ទះ​ដោយ​ផ្ទាល់ នៅ​គ្រប់​គ្រួសារ​អំពី​សារៈសំខាន់ នៃ​ការអប់រំ​របស់កុមារ​តូចៗ ហើយ​​អ្នកគ្រូ​​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំដដែល រហូត​មក​ដល់​បច្ចុប្បន្ន។ មិន​តែ​ប៉ុណ្ណោះអ្នកគ្រូ ក៍​បាន​បើក​បង្រៀន​សិស្ស​មួយ​ចំនួន​ផង​ដែរ​ រាល់​​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់ Page ផ្លូវការ UNICEF Cambodia៕

 

 

 

ចុចអាន៖ ម៉ារីណា ហុង៖ “ខ្ញុំ​រៀន​ត​ព្រោះ​ចង់​ឱ្យ​កូន​ៗ​ឃើញ​ថា ការ​សិក្សា​ធ្វើ​ឱ្យ​ជីវិត​ល្អ​ប្រសើរ”

ចុចអាន៖ អត់​​ចេះ​​អីុតា​លី​​មួយ​​ម៉ាត់​​តែ​ជាប់​​​ទៅ​​រៀន​​ថែម​​ទាំង​​គ្រូ​​សរសើរ ​​និង ​​ឈ្នះ​​អស់​​សិស្ស​​នៅ​​ទី​​នោះ​ទៀត​

 

អត្ថបទ៖ អ៊ុំ សុភក្តិ ប្រភព & រូបភាព៖ UNICEF Cambodia