ម៉ារីណា ហុង៖ "ខ្ញុំ​រៀន​ត​ព្រោះ​ចង់​ឱ្យ​កូន​ៗ​ឃើញ​ថា ការ​សិក្សា​ធ្វើ​ឱ្យ​ជីវិត​ល្អ​ប្រសើរ"

  • 2015-09-08 16:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខ្ញុំ​រៀន​ត​ព្រោះ​ចង់​ឱ្យ​កូន​ៗ​ឃើញ​ថា ការ​សិក្សា​ធ្វើ​ឱ្យ​ជីវិត​ល្អ​ប្រសើរ" នេះ​ជា​ចម្លើយ​របស់​ អ្នកស្រី ម៉ារីណា ហុង ស្ត្រី​ខ្មែរ​នៅ​អាមរិក ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នកស្រី​នៅ​តែ​បន្ត​ការសិក្សា ទាំង​មាន​បុត្រ​ប្រាំ​នាក់​ក្នុង​បន្ទុក?

 

 

តើ​ការ​សិក្សា​របស់ម៉ារីណាជូបលំបាក​យ៉ាងណាខ្លះ?

 

ដោយសារ​តែរវល់នឹងការងារឌីហ្សាញ  និង ​មើល​ថែកូន​ចៅផង​នោះ អ្នកស្រី​ត្រូវ​បាន​គេ​ផ្ដល់ឱកាស ឱ្យ​រៀន​​​បរិញ្ញាបត្រ​ តាមអនឡាញ ជំនាញវិទ្យាសាស្ត្រ​រចនា​ក្រាហ្វិក​ (Science for Graphic Design) នៃ​​សាកលវិទ្យាល័យ Full Sail សហរដ្ឋ​អាមេរិក។ យ៉ាង​ណានិស្សិត​ដែល​ទើប​តែ​បញ្ចប់​ការសិក្សា (សិក្សា ៣ ឆ្នាំ) កាល​ពី​ថ្ងៃ​ទី ១១ ខែ​សីហា ថ្មីៗ​នេះ​​ថ្លែង​ថា ការ​រៀន​តាម​អនឡាញ មិន​មែន​ជា​រឿងងាយ​ស្រួល​ឡើយ ដោយត្រូវ​យកចិត្ត​ទុកដាក់ និង ​​ប្រកួត​ប្រជែងជាមួយនិស្សិត​ខ្លាំង​ៗរាប់​រយ​នាក់។ កូន​ខ្មែរ​កើត​នៅ​ឯ​នាយ​សមុទ្រ​​រូបនេះបង្ហើប​​​ថា អ្នកស្រី​​ត្រូវ​ចំណាយ​ពេល​ច្រើន​លើកិច្ចការ​សាលា​ លើការអាន និង​ ការ​អនុវត្តស្រាវ​ជ្រាវផ្សេងៗ ដើម្បី​ឱ្យ​ទាន់គេ ហើយ​អ្វី​កាន់​តែ​​ពិបាក​នោះ គឺ​អ្នកស្រី​ជាអ្នកធ្វើការមិន​សូវ​មាន​ពេល​គ្រប់គ្រាន់ និង​ មាន​កូន​តូចៗ​ចំនួន​ប្រាំនាក់ ដែល​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុកដាក់ ​មើល​ថែឱ្យ​បាន​ល្អ។

 

អ្នកស្រី​បន្ថែម​យ៉ាងដូច្នេះ​ថា ​ការសិក្សា​ជារឿង​មួយមិន​អាច​មើលរំលង ចំណែក​ការខំប្រឹងប្រែង​ និង អនុវត្ត​ការងារឱ្យ​បាន​ខ្លាំងក៏សំខាន់​ខ្លាំង​ផង​ដែរ ៖"...អ្វី​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​ពួកគេ​ ទទួល​បាន​ជីវិត​មួយ​ប្រកប​ដោយ​ភាព​ល្អ​ប្រសើរ..."។

 

ហេតុ​អ្វី​អ្នកស្រីជ្រើសរើស​ជំនាញ​នេះ​មក​សិក្សា?

 

ម៉ារីណា បាន​ពន្យល់​ថា ព្រោះ​អ្នកស្រី​ចូលចិត្ត​ខាង​ឌីហ្សាញ ហើយ​សព្វថ្ងៃ​អ្នកស្រី​ជា អ្នក​រចនា​ក្រាហ្វិកឯករាជ្យ (Freelance) ​ខាង​ឌីហ្សាញ និង​បង្កើត​យុទ្ធនា​ការផ្សព្វផ្សាយ​ផលិតផល ​របស់​បណ្ដាក្រុមហ៊ុន​​ឯកជន។ មិនតែ​ប៉ុណ្ណោះ​ជំនាញ​រចនា​ក្រាហ្វិក នៅ​អាមេរិក ជា​ការងារ​ដ៏​ពេញ​និយម​ ហើយក្រុមហ៊ុន​តូចធំជាច្រើន ត្រូវ​​បង្កើត​ឡើង​ជារៀងរាល់ឆ្នាំ​។  ម៉ារីណា បញ្ជាក់បែប​នេះ​ថា ការធ្វើការជា​អ្នកឌីហ្សាញ ប្រៀបដូចជា​អ្នកស្រី ​បាន​ជួយ​សេដ្ឋកិច្ច​ខ្លួន តាម​រយៈ​ការ​បបង្កើត​មុខ​ជំនួញ​ដ៏​ល្អ​ប្រសើរ។

 

តើ​អ្នកស្រី​កើត​នៅ​ទីណា?   ទោះ​បី​ជា​មាន​ឪពុកម្ដាយ​ជា​ជនជាតិ​ខ្មែរ តែ​ស្ត្រី​រូប​នេះ​មិន​បាន​កើត​នៅ​កម្ពុជា​ទេ ផ្ទុយ​ទៅ​វិញ​អ្នកស្រី​កើត​នៅ​សហរដ្ឋ​អាមេរិក ដោយ​សព្វ​ថ្ងៃ​ កំពុង​រស់​នៅ​ទីក្រុង Columbus រដ្ឋ Ohio។ ម៉ារីណា​បង្ហើប​​ថា អាមេរិក​មិន​ងាយ​ស្រួល​ទេ ថ្វី​បើ​អ្នកស្រី​កើត​នៅ​​ប្រទេស​​មហា​អំណាច​សេដ្ឋកិច្ច​​​លំដាប់​លេខ​ពីរ​លើ​លោក​មួយ​នេះក្ដី ប៉ុន្តែ​​បើសិន​អ្នកស្រី​គ្មាន​ឆន្ទៈ ខិតខំ​ធ្វើ​ការ​អ្នកស្រី​ក៏​មិន​ត្រូវ​បាន​អាមេរិក​អនុញ្ញាត​ឱ្យ​រៀន​ដូច្នេះ​ដែរ។

 

ម៉ារីណា និយាយ​​អ្វី​ខ្លះ​អំពី​ខ្លួនឯងនិង​កូន​ខ្មែរ​កើត​​នៅ​អាមេរិក?   ក្នុង​រយៈពេល ២៩ ឆ្នាំ ម៉ារីណា កម្រ​មក​កម្ពុជា​ណាស់ តែស្ត្រី​ជា​ម្ដាយ​ដែល​តស៊ូ​ក្នុង​ការសិក្សា​រូប​នេះ​រៀបរាប់​​ថា អ្នកស្រី​បាន​រៀន​សូត្រ និង​ទទួល​​បទពិសោធន៍​ជាច្រើន តាម​រយៈ​ឪពុកម្ដាយ ដើម្បី​ឱ្យខ្លួន​​ក្លាយ​ជា​កូនខ្មែរម្នាក់​​រឹងមាំ​លើ​ទឹកដី​អាមេរិក។ ម៉ារីណា​ថ្លែង​ថា ពលរដ្ឋខ្មែរ​​ពិតជា​ពិបាក ព្រោះ​ធ្វើ​ត្រូវ​រៀន​អ្វី​គ្រប់យ៉ាង ទាំងបរិយាកាស និង​ ទាំងវប្បធម៌ ជាពិសេស​គឺ​ការសិក្សា។ ស្ត្រី​​វ័យ ​២៩​ ឆ្នាំ​មើល​ឃើញកូនខ្មែរកើត​នៅ​អាមេរិកភាគ​ច្រើន​ បានខិតខំប្រឹងប្រែងសិក្សា រហូត​អ្នកខ្លះបានបញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត បណ្ឌិត (វិស្វករ មេធាវី​ជាដើម) ប៉ុន្តែ​មាន​កូន​ខ្មែរ​មួយ​ក្ដាប់​តូច ក៏មិន​បាន​យកចិត្ត​ទុកដាក់​ លើ​ការ​សិក្សា​រៀន​សូត្រ និង​ការងារបានល្អទេ ដោយ​​ពួកគេចូល​ចិត្ត​ការ​កម្សាន្ត​ជាង ជាហេតុ​នាំ​ឱ្យ​ជួប​ការ​លំបាក​ច្រើន​នៅ​ទីនោះ។

 

ម៉ារីណា ​បាន​សម្ដែង​ការ​ដឹង​​គុណ​​ដល់លោក​អ្នកមានគុណទាំងពីរ ដែល​បង្កើតអ្នកស្រី លើ​ទឹកដី​អាមេរិក [...] តែទោះបីជា​​យ៉ាងណា អ្នកស្រីក៏​សូម​ឱ្យ​កូន​ខ្មែរទាំងអស់ ចេះ​តស៊ូ​ព្យាយាមរៀនសូត្រ និងប្រឹងប្រែង​ធ្វើការ ដើម្បី​អនាគត ​សុភម្គល​គ្រួសារ និងប្រទេស​ជាតិ។

 

សព្វថ្ងៃ​អ្នកស្រី ម៉ារីណា រស់​នៅ​ជាមួយ​ស្វាមី​នៅ​អាមេរិក ដោយ​ទទួល​បាន​ចំណង​ដៃ​កូន​ប្រាំ​នាក់ ប្រុសពីរ ស្រី​បី។ កូនប្រុស​ទីមួយអាយុ ១១ ឆ្នាំ កូន​ប្រុស​ទីពីរអាយុ ៩ ឆ្នាំ កូនស្រីទីបី អាយុ ៤ ឆ្នាំ កូនស្រីទីបួនអាយុ ៣ឆ្នាំ និង​ស្រី​ពៅ​អាយុ ២ ខែ ហើយ​​បច្ចុប្បន្ន​អ្នកស្រី​ កំពុង​​តែ​បន្ត​ការសិក្សាថ្នាក់​អនុបណ្ឌិត​ តាម​អនឡាញ ​​ជំនាញវិទ្យាសាស្ត្រ​រចនា​ក្រាហ្វិក របស់​សាកលវិទ្យាល័យ Full Sail៕

 

 
 
 
   

 

២៥០០ រៀល ទាំង​អស់​គ្នា​រាល់​ខែ មន្ទីរពេទ្យ​គន្ធបុប្ផា លែង​បារម្ភ​រឿង​ខ្វះ​លុយ​​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

រូបថត៖ ផ្ដល់ឱ្យ

អត្ថបទថ្មី