នេសាទសមុទ្រ ជាមុខរបររបស់ខ្ញុំ
- 2015-09-11 12:30:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេសាទសមុទ្រ ជាមុខរបររបស់ខ្ញុំ
ចន្លោះមិនឃើញ
ប្រិយមិត្តរបស់ Sabay ប្រាកដជាធ្លាប់ញ៉ាំអាហារសមុទ្រជាក់ជាមិនខាន។ ថ្ងៃនេះយើងនាំគ្នាទៅលេង កោះពោធិ៍ ដែលជាភូមិនេសាទទាំងអស់គ្នា។ បើយើងធ្វើដំណើរចាកចេញ ពីក្រុងកំពត ឆ្ពោះទៅទិសខាងជើង តាមផ្លូវទៅរមណីយដ្ឋានភ្នំបូកគោចំងាយប្រមាណជា ៨ គីឡូម៉ែត្រ រូចបត់ឆ្វេងដៃ តាមផ្លូវលំក្រាល ដោយក្រួសក្រហមឆ្លងកាត់ភូមិព្រែកចេក ក្នុងឃុំកោះតូច ស្រុកទឹកឈូ ប្រមាណជា១គីឡូម៉ែត្រទៀតយើងនឹងទៅដល់មាត់សមុទ្រ ដែលមានដើមដូង ដើមកោងកាងដុះច្រូងច្រាងឈរអមផ្លូវ ប្រៀបបីដូចជាកំពុងធ្វើបដិសណ្ឋារកិច្ចដល់ជនទាំងឡាយដែលមានបំណងឆ្ពោះមកទីនេះ គឺកោះពោធិ៍។
នៅចំពីមុខ យើងនឹងឃើញអគារមួយប្រក់ក្បឿងមានទ្រង់ទ្រាយជាតូបអ្នកតាផង និងជាទីសំចតនៃ អ្នកនេសាទសមុទ្រទាំងឡាយមុនចាកចេញនិងត្រលប់មកពីដើរសមុទ្រវិញផង។ខ្យល់បក់ វ៉ូៗ នាំភាពត្រជាក់ ជាមួយនឹងទឹករលកឃ្មួលឃ្មាញ់ប្រដេញគ្នាឥតឈប់ បែកជាពពុះសរស្ញាច ធ្វើឲ្យរង្គើឃ្លីងឃ្លោងដល់ទូកនេសាទ ដែលកំពុងចតត្រៀបត្រាលើផ្ទៃទឹកជាប់មាត់ច្រាំង។
កំពុងតែលើកសម្ភារៈនេសាទ ចានឆ្នាំដាក់លើទូកបណ្តើ បងប្រុសវី ឆ្លៀតប្រាប់ថា គាត់ចាប់អាជីពជា អ្នកប្រកបរបរនេសាទសមុទ្រនេះ ជិតម្ភៃឆ្នាំហើយ ពេលខ្លះរកបាន ជួនក៏រកមិនបានដែរ។ គាត់ចេញដំណើរពេលរសៀលតាមទូកម៉ាស៊ីនរបស់គាត់ ដោយត្រូវចំណាយពេលប្រមាណជា២ម៉ោងទើបទៅដល់គោលដៅ។ គាត់ឈប់សំរាក ដោយដាំស្ល នៅទីនោះ ជាមួយកូនដៃ (អ្នកទៅជាមួយ) ដើម្បីដាក់មង លប និង ចាំសាវាវិញ បើរកបានច្រើន គាត់នឹងត្រូវត្រលប់មកវិញនាពេលព្រឹក ប៉ុន្តែ បើរកមិនបានគាត់ត្រូវសំរាកនៅទីនោះមួយយប់ទៀត។
វីបន្ថែមទៀតថា តាមការចំណាំរបស់គាត់ កាលណាខ្យល់ស្ងប់ គាត់មុខជារកមិនសូវបានទេ តែបើមានខ្យល់តិចៗ គាត់រកបានជាង។ ឈប់សំរាកបន្តិច គាត់ពោលទាំងដកដង្ហើមធំប្រាប់ថា ការនេសាទនេះអាចថា វាប្រថុយគ្រោះថ្នាក់ ព្រោះជើងមិនដល់ដី ជួនណាពេលចេញទូកមានភ្លៀងខ្យល់ខ្លាំង បន់ស្រន់គុណម៉ែ គុណឪ ឲ្យជួយ បើចង់រករបរ អ្វីផ្សេងទេ មិនដឹងធ្វើអី ព្រោះធ្លាប់រករបរនេះហើយ។ ងាកទៅបងស្រី ឈឿន ជាប្រពន្ធរបស់បងវី វិញ ជាមនុស្សមិនសូវចេះមាត់កទេ តែគាត់បានប្រាប់ភ្នាក់ងារ Sabay ពីរ បីម៉ាត់ដែរថា អ្នកនៅភូមិនេះ ប្រកបរបរនេសាទច្រើនគ្នាគួរសមដែរ ម៉្យាងបើចង់មកទិញ ក្តាម មឹក ឫបង្គានៅទីនេះក៏មានលក់ដែរ គឺគេលើកយកពីទូកថ្មីៗ តម្លៃថោកសមរម្យ អាចមកទិញបានពេលព្រឹកប្រហែលម៉ោង ៩-១០ រសៀល ម៉ោង ៣-៤។
មានអត្ថបទថ្មី និង ប្លែកៗ កើតមានគ្រប់ទីកន្លែង ប្រិយមិត្តចង់រាយការណ៍ ឬ ចង់ឲ្យ Sabay ចុះផ្សាយ សូមទំនាក់ទំនងតាម៖
-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh -លេខទូរសព្ទ៖ 099 588 880 -អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!
អត្ថបទ៖ ឡុច គីមសាយ