បញ្ហាអសកម្ម៦យ៉ាងក្នុងពិភពប្រដាល់ខ្មែរសព្វថ្ងៃនេះ
- 2015-09-11 14:00:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាអសកម្ម៦យ៉ាងក្នុងពិភពប្រដាល់ខ្មែរសព្វថ្ងៃនេះ
ចន្លោះមិនឃើញ
វិស័យកីឡាប្រដាល់នៅកម្ពុជាបានរីកចម្រើនគួរឲ្យចាប់អារម្មណ៍ផ្នែកសង្វៀនប្រដាល់ និងតម្លៃខ្លួន ហើយស្ទើរតែរកកីឡាករឲ្យប្រកួតមិនគ្រប់ផងជារៀងរាល់សប្តាហ៍ ប៉ុន្តែបើនិយាយពីគុណភាពវិញអាចខ្សោយជាងសម័យលោក អេ ភូថង។ Sabay សូមលើកយកកត្តាអវិជ្ជមាន៦យ៉ាងដែលកើតមានក្នុងពិភពប្រដាល់ខ្មែរ។
១- អាជ្ញាកណ្ដាលមិនដឹងច្បាស់ពីសញ្ញារបស់កីឡាករ កន្លងមកធ្លាប់មានអាជ្ញាកណ្ដាលប្រដាល់កម្ពុជាបានបញ្ឈប់ការប្រកួតដោយមិនបានស្គាល់ច្បាស់ពីសញ្ញារបស់កីឡាករ ប៉ុន្តែករណីបែបនេះភាគច្រើនកើតឡើងចំពោះកីឡាករបរទេសមកប្រកួតនៅប្រទេសកម្ពុជា។
ជាក់ស្តែងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកអាជ្ញាកណ្តាល ធន់ សុភា បានបញ្ឈប់ការប្រកួតកីឡាករថៃម្នាក់ដោយបានផ្ដល់ជ័យជម្នះទៅកីឡាករ ប៊ឹត ខាំ។ ការប្រកួតរវាងកីឡាករទាំងពីរនៅទឹកទីទី៤ ប៊ឹត ខាំ ត្រូវបានកីឡាករថៃឡើងជង្គង់រហូតលោកអាជ្ញាកណ្ដាលរាប់៨ម្តង ប៉ុន្តែកីឡាករកម្ពុជាម្នាក់នេះបានងើបឡើង និងបានវាយពីរកែងលើកីឡាករថៃដែលបណ្ដាលឲ្យស្រុតចុះបន្តិច។ ឃើញបែបនេះ ធន់ សុភា បានរាប់កីឡាករថៃ និងបញ្ឈប់ការប្រកួតតែម្តងដោយឃើញគ្រវីក្បាលទាំងរូបគេនៅកម្លាំងរឹងមាំនៅឡើយ។ តាមមើលអាការៈគឺថា កីឡាករថៃម្នាក់នេះទំនងជាមិនពេញចិត្តនឹងការរាប់របស់អាជ្ញាកណ្ដាល ឬអាចបណ្ដាលមកពី ប៊ឹត ខាំ វាយចំកន្លែងហាមឃាត់ទើបធ្វើឲ្យរូបគេមិនអស់ចិត្ត និងបានគ្រវីក្បាលពេលអាជ្ញាកណ្ដាលរាប់លើរូបគេ ប៉ុន្តែបែរជាអាជ្ញាកណ្ដាលបានបញ្ឈប់តែម្តង។
២- ការផ្គូផ្គងខុសទម្ងន់គ្នា ស្ទើរគ្រប់សង្វៀនប្រដាល់ទាំងអស់នៅរាជធានីភ្នំពេញត្រូវបានគេមើលឃើញជារឿយៗថា មានការផ្គូផ្គងឲ្យកីឡាករប៉ះគ្នា ប៉ុន្តែទម្ងន់មិនសូវត្រូវគ្នាក្នុងនោះទាំងកីឡាករកម្ពុជា និងកម្ពុជា ព្រមទំាងកីឡាករកម្ពុជានិងកីឡាករបរទេស។ ប្រសិនបើកីឡាករដែលមានមាឌតូចទាបជាងឈ្នះ គឺគ្មានបញ្ហាអ្វីទេ ប៉ុន្តែប្រសិនបើចាញ់វិញនោះ ពួកគេតែងតែយកឡេះថា «ទៅមិចរួចនឹងគេ បើគេលើសទម្ងន់យើង»។
ចំណុចនេះ អ្នកប្រដាល់ពូកែល្បិច ផល សោភ័ណ្ឌ ធ្លាប់ប្រកួតចាញ់ ពេជ្រ សីហា នៅសង្វៀនបាយ័នដែលអ្នកទាំងពីរមើលទៅទម្ងន់ខុសគ្នា។ សោភ័ណ្ឌធ្លាប់និយាយថា ធ្វើម៉េចឲ្យគេប្រកួតឈ្នះទៅ បើសីហាមានមាឌធំ និងទម្ងន់លើច្រើនគីឡូនោះ។ ពេលសួរថា ហេតុអ្វីបានជាឡើងប្រកួត? កីឡាករឆ្លើយថា ពេលផ្គូផ្គងគឺយល់ព្រមឲ្យភាគីទម្ងន់ធ្ងន់ជាងត្រូវសម្រកគីឡូ ហើយអ្នកទម្ងន់តិចជាងត្រូវបង្កើន ប៉ុន្តែដល់ថ្ងៃប្រកួតមិនបានសម្រេចដូចបំណង ដូច្នេះក៏ប្រកួតទាំងទម្ងន់ខុសគ្នា។
៣- ការប្រកួតដើម្បីប្រាក់ចិញ្ចឹមក្រពះ ដោយសារជីវភាពខ្វះខាត និងគ្មានចំណេះដឹងខ្ពស់ កីឡាករមួយចំនួនក្រៅពីធ្វើស្រែចម្ការគឺឡើងប្រដាល់ដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ ពីព្រោះមិនអាចស្វែងរកការងារល្អៗធ្វើបាន។ ប្រសិនបើកីឡាករមានប្រពន្ធកូននោះ ពួកគេគ្មានពេលច្រើនដើម្បីហ្វឹកហាត់ឡើយ គឺអាចហាត់បានតែពីរឬបីថ្ងៃមុនការប្រកួតប៉ុណ្ណោះមុនពេលឡើងប្រកួត។ ដូច្នេះសមត្ថភាពនៃការឡើងប្រកួតរបស់ពួកគេមិនអាចឈានឡើងដល់កម្រិតខ្លាំងបានឡើយ ពីព្រោះពួកគេគ្មានពេលហ្វឹកហាត់គឺឡើងប្រកួតដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ។ កីឡាករដែលមិនទាន់មានប្រពន្ធកូនមួយចំនួនក៏មិនប្រឹងហ្វឹកហាត់ថែមទៀត។ ដល់ពេលថ្ងៃប្រកួត ពួកគេឡើងប្រកួតដើម្បីបានប្រាក់តែប៉ុណ្ណោះ ហើយប្រសិនបើមើលទៅដៃគូខ្លាំងមិនអាចតស៊ូបាន ពួកគេធ្វើសន្លប់តែម្តងគ្រាន់តែត្រូវតិចតូច។
កីឡាករម្នាក់ដែលមានវ័យចំណាស់ជាងគេនាពេលបច្ចុប្បន្នគឺ សរ ស៊ី នៅតែបន្តអាជីពប្រដាល់បាននិយាយថា រូបគេមិនចង់ល្បី ឬឈ្នះខ្សែក្រវាត់អ្វីឡើយគឺឡើងប្រកួតដើម្បីបានប្រាក់ចិញ្ចឹមប្រពន្ធកូនប៉ុណ្ណោះ។ ចំណែកគ្រូបង្វឹកប្រដាល់ម្នាក់បាននិយាយថា កីឡាករមួយចំនួនអត់ប្រឹងហ្វឹកហាត់ទេគឺចាំតែដល់ថ្ងៃប្រកួត ក៏ឡើងប្រកួតដើម្បីបានលុយតែប៉ុណ្ណោះ។ កូនសិស្សរបស់គាត់ម្នាក់ដល់ថ្ងៃប្រកួតពាក់កណ្ដាលផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ហើយ ក៏អត់ខំប្រឹងហាត់ ហើយទៅចាញ់អ្នកខ្សោយជាងខ្លួន។
៤- ការផ្គូផ្គងគូប្រកួតដោយប្រកាន់បក្សពួក ការផ្គូផ្គងដោយប្រកាន់បក្សពួកនិយមក៏ជាចំណែកមួយដ៏អាក្រក់កើតឡើងនៅក្នុងសង្គមប្រដាល់ក្បាច់គុនខ្មែរបុរាណដែលធ្វើឲ្យកីឡាករមួយចំនួនគ្មានឱកាសឡើងបង្ហាញសមត្ថភាពលើសង្វៀន និងបង្ខំចិត្តដើរចេញពីពិភពប្រដាល់។ ផ្ទុយទៅវិញ កីឡាករមួយចំនួនបែរជាបង្ហាញខ្លួនញឹកញាប់ ទោះសមត្ថភាពនៅមានកម្រិតក៏ដោយ។
កីឡាករម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ Sabay ថា រូបគេពិតជាឧស្សាហ៍បានឡើងប្រកួតញឹកញាប់មែនដែលយ៉ាងហោចណាស់ក៏២ដងក្នុងមួយខែដែរដោយសារគ្រូបង្វឹករបស់គេស្និទ្ធស្នាលជាមួយគណៈកម្មការផ្គូផ្គងការប្រកួត។ ចំណែកកីឡាករម្នាក់ទៀតដែលបានដើរចេញពីភពប្រដាល់ហើយលើកឡើងថា រូបគេកម្របានឡើងប្រកួតណាស់ពោលគឺយូរទើបអាចបានប្រកួតម្តង ដូច្នេះក៏បង្ខំចិត្តឈប់ពីប្រដាល់។
កីឡាករប្រដាល់សកលកម្ពុជា
៥- ហេតុអ្វីគុណភាពប្រដាល់មិនខ្លាំងដូចសម័យមុន ទោះជាបច្ចុប្បន្នមានសង្វៀនប្រដាល់រីកដូចផ្សិត និងប្រាក់តម្លៃខ្លួនក៏កើនឡើងខ្ពស់គួរសម ប៉ុន្តែបើនិយាយពីគុណភាពប្រដាល់វិញគឺនៅមានកម្រិត បើប្រៀបធៀបនឹងសម័យកាលលោក អេ ភូថងដែលមិនសូវមានសង្វៀនប្រកួត និងតម្លៃខ្លួនក៏ទាប់។ សម័យលោក អេ ភូថង ឬ នួន ភិរម្យត្រូវបានគេដឹងថា មានកីឡាករខ្លាំងៗមួយចំនួនចេញទៅប្រកួតនៅក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ និងសាងកេរ្តិ៍ឈ្មោះល្បីនៅទីនោះ ប៉ុន្តែសព្វថ្ងៃនេះមិនទាន់មានកីឡាករកម្ពុជាណាខ្លាំងទៅសាងកេរ្តិ៍ឈ្មោះនៅក្រៅប្រទេសឡើយ។
តើចំណុចនេះបណ្ដាលមកពីខ្វះកីឡាករ ឬប្រាក់តម្លៃខ្លួនទាប? លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា ធ្លាប់បាននិយាយថា សព្វថ្ងៃនេះ សហព័ន្ធខ្វះកីឡាករល្អៗដើម្បីផ្គូផ្គងឲ្យឡើងប្រកួត ហើយសង្វៀនទូរទស្សន៍មួយចំនួនច្រណែនគ្នាជុំវិញការចាប់កីឡាករឲ្យប្រកួតនៅសង្វៀននេះ នៅសង្វៀននោះដោយលើកឡើងថា កីឡាករនេះល្អជាង កីឡាករអន់ជាដើមពោលគឺពួកគាត់ចង់បានកីឡាករល្អដើម្បីទាក់ទាញអ្នកគាំទ្រ។ បច្ចុប្បន្ននេះកីឡាករល្អៗជួរមុខដែលត្រូវប៉ាន់នឹងការប្រកួតជាមួយកីឡាករបរទេសមានស្ទើរមិនដល់៣០នាក់ផង ខណៈការប្រកួតលក្ខណៈអន្តរជាតិកើតឡើងរាល់សប្ដាហ៍។
៦- ប្រដាល់សកលកាន់តែស្ងាត់ ប្រដាល់សកលនៅប្រទេសកម្ពុជាកាន់តែស្ងប់ស្ងាត់ខ្លាំងឡើងហើយ បើទោះជាអំឡុងពេលហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក៏ប្រដាល់សកលមួយនេះមិនមានសកម្មភាពគួរឲ្យកត់សំគាល់នៅលើសង្វៀន។ ប្រដាល់សកលជាប្រភេទកីឡាមួយដែលពេញនិយមនៅក្នុងព្រឹត្តិការណ៍ប្រកួតផ្លូវការទាំងកម្រិតតំបន់ ទ្វីប និងពិភពលោក។
សព្វថ្ងៃនេះ សហព័ន្ធកីឡាប្រដាល់កម្ពុជាមិនសូវយកចិត្តទុកឡើយចំពោះប្រដាល់សកល ប៉ុន្តែបានយកចិត្តទុកដាក់ខ្លាំងលើប្រដាល់សេរីដែលគ្មានក្នុងការប្រកួតស៊ីហ្គេម។ ស្របពេលដែលកម្ពុជាគ្រោងរៀបចំម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ តើកម្ពុជាដាក់បញ្ចូលវិញ្ញាសាប្រដាល់សកលដើម្បីទទួលបានលទ្ធផលល្អដោយរបៀបណា បើមិនខំប្រឹងពីពេលនេះទៅ?
អត្ថបទ៖ ជាន ចាន់រ៉ា