តារា​ម៉ូដែល​ចិន​​រូប​ស្រស់​ត្រូវ​ជាប់​គុក​៥​ឆ្នាំ ដោយ​សារ​​បើក​​វង់​ល្បែង

  • 2015-09-11 23:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​ល្បី​ឈ្មោះ​លើ​បណ្ដាញ​អ៊ីនធឺណិត​ម្នាក់​ឈ្មោះ Guo Meimei ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​​ចំនួន ៥ម៉ឺន​យាន់ (ជិត ៧៩០០ដុល្លារ) ដោយ​សារ​​បើក​វង់​ល្បែង​ខុស​ច្បាប់។

 

 

នារី​​វ័យ ២៤​ឆ្នាំ​ម្នាក់​នេះ​​ត្រូវ​បាន​ប៉ូលិស​​ឃាត់​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ២០១៤ នៅ​ពេល​ដែល​ប៉ូលិស​ក្រុង​ប៉េកាំង​ចុះ​បង្ក្រាប​ជម្រក​ល្បែង​មួយ អំឡុង​​ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក World Cup។ ប៉ូលិស​បាន​សង្ស័យ​ថា​នារី​ម្នាក់​នេះ​មាន​ពាក់ព័ន្ធ​ជាមួយ​​នឹង​ការ​ធ្វើ​ជំនួញ​​ល្បែង​ខុស​ច្បាប់ រក​ស៊ី​ផ្លូវ​ភេទ និង​បង្ហោះ​រឿង​មិន​ពិត​លើ​អ៊ីនធឺណិត។ ​​ ប៉ូលិស​បាន​រក​ឃើញ​​ទៀត​ថា Meimei ​ចាប់ផ្ដើម​​បើក​វង់​​ល្បែង​ខុស​ច្បាប់​តាំង​​ពី​ខែ​មីនា​ដល់​ខែ​កក្កដា​ ​ឆ្នាំ​មុន។ គេហទំព័រ Global Times បាន​បញ្ជាក់​ថា មេ​ល្បែង​រូប​​នេះ​បាន​ជួល​អ្នក​លេង​ល្បែង​ជំនាញ​មក​លេង​​នៅ​ក្នុង​វង់​​របស់​ខ្លួន ​ដែល​​ពេល​ខ្លះ​លុយ​ភ្នាល់​​ឡើង​រហូត​ដល់ ១លាន​យាន់​(១៥,៧​ម៉ឺន​ដុល្លារ)។

 

ពេល​សារភាព​​លើ​កញ្ចក់​ទូរទស្សន៍ CCTV, Meimei បាន​ទទួល​ស្គាល់​ថា​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​​ជាមួយ​ការ​លេង​ល្បែង​ខុស​ច្បាប់ ជួញ​ដូរ​ផ្លូវ​ភេទ និង​សូមទោស​​ដែល​បាន​ធ្វើ​ឲ្យ​ខូច​​ឈ្មោះ​ដល់​​កាកបាទ​ក្រហម​ចិន។ យ៉ាងណាមិញ នារី​ម៉ូដែល​រូប​នេះ​បាន​លើក​ឡើង​ថា៖ "ខ្ញុំ​ដឹង​ថា​ខ្ញុំ​​បាន​សាង​កំហុស ខ្ញុំ​មិន​គួរ​​ណា​លេង​ល្បែង តែ​​ខ្ញុំ​មិន​គិត​ថា​ការ​បើក​វង់​ល្បែង​​គឺ​ជា​បទ​ល្មើស​នោះ​ទេ" ។ ​​​​ Guo Meimei កើត​ក្នុង​​ឆ្នាំ ១៩៩១។ មុន​ពេល​ជាប់​ទោស​​ក្នុង​រឿង​លេង​ល្បែង Meimei ធ្លាប់​ជា​តារា​ម៉ូដែល​ដែល​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​កម្មវិធី​ផ្សេងៗ ​និង​ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បី​ក្រោយ​ពេល​បង្ហោះ​​របស់​ថ្លៃៗ​តាម​អ៊ីនធឺណិត​។ ក្រោយ​ពេល​ចាប់​ខ្លួន ​តារា​ម៉ូដែល​រូប​នេះ​បាន​សារភាព​ថា​លុយ​ទាំង​នោះ​បាន​មក​ការ​​រក​ស៊ី​ផ្លូវ​ភេទ និង​​បាន​ពី​បុរស​អ្នក​មាន​ដែល​​ខ្លួន​ស្គាល់៕

 

 

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ shanghaiist​​

អត្ថបទថ្មី