ភាពយន្តខ្មែរមួយរឿងចូលរួមប្រកួតពានរង្វាន់ "មាន់មាស និងផ្កា ១០០" នៅបរទេស
- 2015-09-14 17:28:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តខ្មែរមួយរឿងចូលរួមប្រកួតពានរង្វាន់ "មាន់មាស និងផ្កា ១០០" នៅបរទេស
ចន្លោះមិនឃើញ
រឿង "ក្រមុំសៅកែ" ត្រូវបានយកទៅប្រកួតប្រជែងពានរង្វាន់ "មាន់មាស និងផ្កា ១០០" នៅ ទីក្រុង ជីងលីង ខេត្ត ជីង លីង ប្រទេសចិន ដែលជាលើកទីមួយរបស់ផលិតកម្មមហាហង្ស បន្ទាប់ពីសមាគមភាពយន្តចិនឃើញរឿងនេះបញ្ចាំងនៅស្រុកខ្មែរ២ថ្ងៃប៉ុណ្ណោះក៏ចាប់អារម្មណ៍។
លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្សមានប្រសាសន៍ថារឿង "ក្រមុំសៅកែ" ជាប្រភេទរឿងមួយផលិតឡើងតម្រូវទីផ្សារក្នុងស្រុក ប៉ុន្តែបន្ទាប់ពីភាគីខាងប្រទេសចិនបានឃើញ និងស្នើសុំឲ្យចូលរួមរួចមក លោកបានផ្ញើសាច់រឿងទាំងមូលឲ្យចិនពិនិត្យជាមុន។ ក្រោយទទួលបានលទ្ធផលវិជ្ជមាន ទើបលោកសម្រេចថា ដាក់ចូលរួមប្រកួតជាមួយនឹងបណ្ដាប្រទេសដទៃទៀតតែម្ដង។
"មុននឹងសម្រេចថាដាក់រឿង ក្រមុំសៅកែ ទៅប្រកួត ខាងខ្ញុំបានផ្ញើសាច់រឿងឲ្យ ចិន ពិនិត្យមើល គេប្រាប់ថាអាចទទួលយកបាន ហើយគេថាសាច់រឿង និងគុណភាពល្អទទួលយកបាន។ ខាងពួកខ្ញុំក៏បានជម្រាបទៅក្រសួងដែរ ប៉ុន្តែមិនបានសរសេរជាលាយលក្ខណ៍អក្សរអ្វីនោះទេ គ្រាន់តែជម្រាបដោយផ្ទាល់មាត់ពេលមានប្រជុំម្តងៗជាមួយលោក ស៊ិន ចន្ទសាយ៉ា"។ លោក អ៊ិន សុភិន ថ្លែង។
កញ្ញា លាង សោភ័ណ ប្រធានផ្នែកលក់ និងទីផ្សារនៅមហាហង្សបានប្រាប់ថា រឿង " ក្រមុំសៅកែ" ទទួលបានជោគជ័យខ្លាំងពីសំណាក់ប្រិយមិត្តក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងនោះ ផលិតកម្មមានមោទនភាព ដែលមានភាពយន្តរបស់ខ្លួនបានចូលរួមប្រកួតនៅក្នុងប្រទេសចិន។ តាម សោភ័ណ្ឌ បានឲ្យដឹងថា កម្មវិធីខាងលើ ជាកម្មវិធីប្រកួតប្រជែងគ្នាមួយដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៦១ មកម្ល៉េះ ក្នុងនោះពេលប្រកួតម្ដងៗបណ្ដាប្រទេសប្រហែលជាង៥០ ឯណោះបានចូលរួម។
“ រឿងក្រមុំសៅកែ ពេលចាក់បញ្ចាំងនៅក្នុងស្រុកមានអ្នកចូលទស្សនាប្រមាណជាង ២ម៉ឺននាក់ ទោះបីជាវាមិនមានចំនួនច្រើន ប៉ុន្តែនៅតែមានភាពជោគជ័យ ។ ហើយខ្ញុំក៏សង្ឃឹមថា នឹងទទួលជោគជ័យនៅប្រទេសចិនផងដែរ ព្រោះសាច់រឿងនេះមានបច្ចេកទេស ត្រឹមត្រូវហើយតួសម្ដែងសុទ្ធតែមានសមត្ថភាព"។
" ក្រមុំសៅកែ" មានលទ្ធផលយ៉ាងណា ចាងហ្វាងផលិតកម្មលោក អ៊ិន សុភិន ប្រាប់ថាមិនទាន់ហ៊ានដាក់ក្ដីសង្ឃឹមខ្ពស់នៅឡើយទេ ព្រោះភាពយន្តប្រទេសនានាដែលចូលរួម សុទ្ធតែល្អៗដូចគ្នាដែរ៕
អត្ថបទ៖ ថា ម៉ាលីដា