អ្នកអង្គម្ចាស់អតីតគូដណ្ដឹងភិក្ខុ ឆោម ប៊ុនយ៉ុង ភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មី
- 2015-09-14 22:41:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអង្គម្ចាស់អតីតគូដណ្ដឹងភិក្ខុ ឆោម ប៊ុនយ៉ុង ភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មី
ចន្លោះមិនឃើញ
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សោមា អតីតគូដណ្ដឹងរបស់ភិក្ខុ ឆោម ប៊ុនយ៉ុង កាលពីចុងសប្ដាហ៍កន្លងទៅបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយអាណិកជនខ្មែររស់នៅប្រទេសអាល្លឺម៉ង់ហើយ ដែលពិធីនេះបានធ្វើនៅគេហដ្ឋានអ្នកអង្គម្ចាស់តែម្ដង។
បុរសដែលបានក្លាយជា គូដណ្ដឹងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សោមា មានឈ្មោះថា ច័ន្ទ ហ៊ីប៉ូ វ័យ៤២ឆ្នាំជាវិស្វករផ្នែកព័ត៌មានវិទ្យា នៃក្រុមហ៊ុនរថយន្តនៅប្រទេសអាល្លឺម៉ង់។ នេះបើតាមការឲ្យដឹងពីអ្នកអង្គម្ចាស់។ មុនឈានដល់ដល់ការសម្រេចភ្ជាប់ពាក្យនេះ អ្នកទាំងពីរ បានចំណាយពេលស្វែងយល់ចិត្តគ្នាត្រឹមតែ៣ខែប៉ុណ្ណោះ តាមរយៈការសន្ទនា Skype និង Facebook ជាដើម ក្រោយមានការណែនាំពីចាស់ទុំ ទាំងសងខាង។
"ឪពុកម្ដាយគាត់ ជាអ្នកស្និទ្ធស្នាលជាមួយសែរាជវង្សានុវង្ស តែពួកគាត់បានចេញទៅរស់នៅប្រទេសអាល្លឺម៉ង់ មុនសម័យប៉ុលពតទៅទៀត ចាស់ៗគាត់ចង់ភ្ជាប់សាច់ឈាមជាមួយគ្នា" អង្គរម្ចាស់ ស៊ីសុវត្ថិ សោមា ថ្លែងបញ្ជាក់។
ក្នុងពិធីភ្ជាប់ពាក្យ អ្នកអង្គម្ចាស់ បានធ្វើឡើង ក្នុងលក្ខណៈបែបផែន ប្រពៃណីសុទ្ធសាធ ហើយចំពោះអាពាហ៍ពិពាហ៍វិញ គ្រោងធ្វើនៅដើមខែកញ្ញា ឆ្នាំ ២០១៦។ តាមភាគីខាងស្រីឲ្យដឹង ក្រោយពីរៀបការរួច អ្នកទាំងពីរនឹងបើកជំនួញរួមគ្នាក្នុងប្រទេសកម្ពុជា។ ក្រៅពីសាច់ញាតិសែរាជវង្សានុវង្ស ក្នុងពិធីភ្ជាប់ពាក្យនេះ ក៏មានអ្នកសិល្បៈមួយចំនួនផងដែរមានដូចជា អតីតតារាចម្រៀង ស្រីតូច ចំណាន អ្នកនាង គង់ សុជាតិ លោក វ៉ាន់ មករា កញ្ញា ញឹម ចាន់ថន លោក រតនៈ វិសិដ្ឋ អ្នកនាង ឆ័យលី លីដាឡែន និងស្វាមីជាដើម។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សោមា បានចែកផ្លូវគ្នាជាមួយ ភិក្ខុ ឆោម ប៊ុនយ៉ុង ជាច្រើនឆ្នាំមកហើយ បន្ទាប់ពីរស់នៅជាមួយគ្នាបានមួយរយៈខ្លី។ បច្ចុប្បន្នភិក្ខុ ឆោម ប៊ុនយ៉ុង កំពុងគង់នៅវត្តមួយនៅប្រទេសបារាំង នេះបើតាមការឲ្យដឹងពីអ្នកអង្គម្ចាស់។ ទោះបីជាចែកផ្លូវគ្នាបែបនេះក្ដី អ្នកអង្គម្ចាស់ នៅតែបន្តរាប់អានជាមួយ ភិក្ខុ ឆោម ប៊ុនយ៉ុង ដូចជាបងប្អូនដដែល៕
អត្ថបទ៖ ខុត សីហា