ខ្ញុំ​សុខចិត្ត​ធ្វើ​ជា​​ប្រុស​កំសាក​​​​ដើម្បី​សេចក្ដី​សុខនាង

  • 2015-09-14 17:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​មួយ​បាន​ផុស​ឡើង​ចេញ​ពី​អារម្មណ៍​យុវវ័យ​មួយ​គូ គឺ​​បាន​តែ​មួយ​ឆ្នាំ​ក៏​បែក​គ្នា​ទៅ​វិញ ដោយ​សារតែ​ការ​សម្រេច​ចិត្ត​លះបង់​សេចក្ដី​សុខ​របស់​ខ្លួន​ទៅ​ឲ្យ​នារី​ម្នាក់​ជួប​អ្នក​ថ្មី ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ជាង និង ចេះ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង។ ការ​លះបង់​នេះ ក៏​ត្រូវ​រង​ពាក្យ​រិះគន់​​ពី​ខាង​ស្រី​ថា "ជាមនុស្ស​កំសាក មិន​ហ៊ាន​តស៊ូ​ដើម្បី​សេចក្ដី​ស្នេហា"។

 

នេះ​ជា​រឿង​រ៉ាវ​មួយ​របស់​ យុវជន សន្ដាន (ឈ្មោះ​ហៅ​ក្រៅ) និង នារី សុតន់ (ឈ្មោះ​ហៅ​ក្រៅ) ដែល​បាន​រៀបរាប់​ពី​សេចក្ដី​ស្នេហា​​កាល​ពី​នៅ​បឋម​វ័យ​មក​កាន់​គេហទំព័រ Sabay នៅ​ក្នុង​កម្មវិធី "មនុស្ស​ដែល​ខ្ញុំ​ចងចាំ"។

 

វ័យ ១៩ ឆ្នាំ សន្ដាន ចាប់​ផ្ដើម​មាន​ស្នេហា​លើក​ដំបូង​របស់​ខ្លួន​ជាមួយ​ សុតន់ វ័យ ១៨ ឆ្នាំ ដែល​ជា​អ្នក​រស់​នៅ​ក្បែរ​ខាង​គ្នា តាំង​ពី​នៅ​តូចៗ​មក​ម៉្លេះ។ សន្ដាន កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ គឺជា​ ជាង​សំណង់​នៅ​ម្ដុំ​ស្ទឹង​មានជ័យ ខណៈ​សុតន់ គឺជា អ្នក​លក់​​ចាប់​ហួយ​ធំ​មួយ​ ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​គ្រាន់​បើ​ដែរ។

 

 

រូបតំណាង

 

កាល​ពី​នៅ​វ័យ​កុមារ សន្ដាន​ និង សុតន់​ តែងតែ​​លេង​សើច​ជាមួយ​គ្នា ដូចជា លេង​លោត​កៅស៊ូ បាញ់ឃ្លី ជាមួយ​គ្នា​ជាដើម រហូត​ដល់​ធំ ចូល​ថ្នាក់​វិទ្យាល័យ​អ្នក​ទាំងពីរ បាន​រៀន​នៅ​វិទ្យាល័យ​តែ​មួយ​ គ្រាន់តែ​ថ្នាក់​ខុសគ្នា ហើយ​ សន្ដាន​ ក៏​ធ្លាប់​ចូល​ផ្ទះ​របស់​សុតន់ ឯ​សុតន់​ក៏​ធ្លាប់​ចូល​ផ្ទះ​​របស់​សន្ដាន ដែល​នៅ​ឆ្ងាយ​គ្នា​ប្រមាណ​ ១៥ ម៉ែត្រ។

 

ទំនាក់ទំនង​​ស្នេហា​ចាប់​ផ្ដើម​មាន​ នៅ​គ្រា​ដែល​មិត្តភ័ក្ដិ​ចេះ​តែ​បង្អាប់​ រហូត​បាក់​ចិត្ត​ស្រឡាញ់​រៀងៗ​ខ្លួន។ មិន​យូរ​ប៉ុន្មាន​ទំនាក់ទំនង​នេះ កាន់តែ​ស្អិត​ល្មួត​ រហូត​ហ៊ាន​ណាត់​គ្នា​ដើរ​លេង​ និង ជួន​កាល​ចូល​ដល់​យប់​ជ្រៅ​ទៀត​ផង។ ប៉ុន្ដែ អ្នក​ទាំង​ពីរ​ បាន​លាក់លៀម​ស្នេហា​មិន​ឲ្យ​ចាស់​ទុំ​ដឹង​ឮ​ឡើយ។

 

ថ្វីបើ​ចំណង​ស្នេហា​នេះ​បាន​បង្កើត​នូវ​អនុស្សាវរីយ៍​គួរ​សម​ហើយ​ក្ដី ក៏​ចំណង​ស្នេហា​នេះ​ចាប់​ផ្ដើម​រង្គោះរង្គើ​ ក្រោយ​ពី​មាន​អ្នក​ទីបី មក​ស៊ើបសួរ​ សុតន់​ ដល់​ចាស់​ទុំ ហើយ​ម្ដាយ​-ឪពុក របស់​សុតន់​ក៏​ពេញ​ចិត្ត​បុរស​ម្នាក់​នោះ​ដែរ ព្រោះ​គេ​ គឺជា​ អ្នក​ជំនួញ​មួយ​គ្រាន់​បើ​ដែរ។

 

សន្ដាន បាន​រៀបរាប់​ពី​ដំណើរ​រឿង​ទៀត​ថា "ក្រោយ​ពី​រឿង​នេះ សុតន់ បាន​ព្យាយាម​សួរនាំ​ខ្ញុំ​ តើ​ពួកយើង​គិត​ម៉េច? តើ​យើង​គួរ​ប្រាប់​លោក​អ្នក​មាន​គុណ​អំពី​ទំនាក់ទំនង​របស់​យើង​ដែរ​ទេ? តើ​យើង....”។

 

សំណួរ​ជាច្រើន​របស់​ សុតន់ បាន​ធ្វើ​ឲ្យ​សន្ដាន​ឈឺក្បាល តែ​នៅ​ទី​បំផុត​ សន្ដាន​បាន​សម្រេច​ចិត្ត​សុំ​បែក​ពី​សុតន់​ ដោយ​លើក​ហេតុផល​ថា នៅ​ក្មេង ពុំ​ទាន់​មាន​លទ្ធភាព​ បង្កើត​គ្រួសារ​មាន​សុភមង្គល​បាន​ឡើយ។ ប៉ុន្ដែ ចម្លើយ​ទាំង​នេះ មិន​បាន​ធ្វើ​ឲ្យ​សុតន់​ សប្បាយ​ចិត្ត​នោះ​​ទេ​​ ថែម​ទាំង​ប្រើ​សម្ដី​ធ្ងន់​ៗ ដាក់​សន្ដាន​ថា "កំសាក មិន​ចេះ​ទទួល​ខុសត្រូវ​រឿង​ស្នេហា ចុះ​ស្នេហា​យើង​កន្លង​មក បង​គិត​យ៉ាង​ម៉េច?”។

 

ទោះ​ជា​រង​ការ​ជេរ​ស្ដី​ជាច្រើន​ពី​សុតន់​ក៏​ដោយ ក៏​សន្ដាន​នៅ​តែ​សម្រេច​ចិត្ត​ចុង​ក្រោយ គឺ​បែក​គ្នា ដោយ​សន្ដាន​ប្រាប់​ Sabay ថា៖ "ខ្ញុំ​ក្រ ឯ​គេ​មាន​ធនធាន​ ដូច្នេះ ខ្ញុំ​មិន​ចង់​អោប​ក្រសោប​នាង ហើយ​ធ្វើ​ឲ្យ​នាង​មាន​ជម្លោះ​ក្នុង​គ្រួសារ​​ទេ ខ្ញុំ​ដឹង​ថា ឪពុក-ម្ដាយ នាង​មិន​ពេញ​ចិត្ត​ខ្ញុំ​ទេ បើ​ដឹង​ថា ខ្ញុំ​ស្រឡាញ់​នាង​នោះ ព្រោះ​ខ្ញុំ​នៅ​រៀន និង ធ្វើ​ការ​តិចតួច​បាន​ចំណូល​តិច​ណាស់ មិន​អាច​មាន​លទ្ធភាព​ចិញ្ចឹម​នាង​បាន​ទេ អីចឹង​យើង​ម៉េច​នឹង​មាន​សុភមង្គល​ ម៉្លោះ​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ឲ្យ​នាង​រៀប​ការ​ជាមួយ​បុរស​ម្នាក់​នោះ"។

 

ថ្វីបើ​រឿងរ៉ាវ​កន្លង​ផុត​ទៅ ៦ ឆ្នាំ​មក​ហើយ​ក្ដី ក៏​សន្ដាន​ នៅ​តែ​មាន​អារម្មណ៍​នឹកនា​នាង​ជានិច្ច ព្រោះ​សុតន់ គឺ​ជា​ ស្នេហ៍​ដំបូង។ "បង! បើ​ទោះ​ខ្ញុំ​មាន​សង្សារ​ក្រោយ​នេះ ហើយ​គេ​ក៏​មាន​កូន​ពីរ​ហើយ​ តែ​ខ្ញុំ​នៅ​តែ​នឹក​នាង​ដដែល​ ឲ្យ​តែ​ឃើញ​នាង​ម្ដង​ៗ​ ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​ថា ខ្ញុំ​ធ្វើ​ខុស​ច្រើន​ណាស់​ចំពោះ​នាង ហើយ​ខ្ញុំ​ស្ដាយ​អនុស្សាវរីយ៍​ចាស់ អីចឹង​ហើយ រាល់​ពេល​ខ្ញុំ​ឃើញ​នាង គឺ​ខ្ញុំ​តែងតែ​គេច​មុខ​ពី​នាង​ជានិច្ច"។ សន្ដាន និយាយ។

 

សន្ដាន បាន​ចោទ​ជា​សំណួរ​តាម​រយៈ Sabay ទៅ​កាន់​ប្រិយមិត្ត​ថា៖

 

-ខ្ញុំ​សម្រេច​ចិត្ត​បែក​ខុស​ដែរ​ទេ? -ខ្ញុំ​ពិតជា​កំសាក​មែន​​ឬ? -ខ្ញុំ​គេច​មុខ​នាង​បែប​នេះ​ជា​ជម្រើស​មិន​ល្អ​មែន​ទេ? -តើ​ត្រូវ​ដូច​ម្ដេច​ដើម្បី​ខ្ញុំ​អាច​ប្រឈម​មុខ​ការ​ពិត​?

 

ចុះ​ប្រិយមិត្ត​ Sabay មាន​យោបល់​ដូច​ម្ដេច​ដែរ​ជុំវិញ​បញ្ហា​នេះ?

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖

 

លេខ​ទូរសព្ទ៖ ​017 557 688 អ៊ីមែល៖ ​prak.chanseyha@cidc.com.kh លេខ​ទូរសព្ទ៖ ​099 588 880 អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

អត្ថបទពេញនិយម
អត្ថបទថ្មី