សិស្សនិទ្ទេស A បង្ហើបមុខជំនាញដែលខ្លួនចង់រៀនបំផុត
- 2015-09-14 17:43:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សនិទ្ទេស A បង្ហើបមុខជំនាញដែលខ្លួនចង់រៀនបំផុត
ចន្លោះមិនឃើញ
ក្រោយប្រលងបាក់ឌុបជាប់យ៉ាងជោគជ័យ សិស្សនិទ្ទេស A ចំនួន ៤ នាក់ បានប្រាប់ពីមុខជំនាញដែលខ្លួនចង់រៀនបំផុតនៅមហាវិទ្យាល័យ សម្រាប់ការបន្តការសិក្សារបស់ពួកគេ។
យុវជន ស៊ាន ពេជ្ររ៉ា សិស្សឆ្នើមនិទ្ទេស A លំដាប់ពិន្ទុ 99.998 បាននិយាយថា "នាពេលខាងមុខនេះ ខ្ញុំចង់រៀនជំនាញវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល"។
សិស្សពូកែ មកពីវិទ្យាល័យពួក ខេត្តសៀមរាប បានប្រាប់ពីមូលហេតុ ដែលខ្លួនចង់រៀនជំនាញនេះថា ដោយសារ តែឪពុកម្ដាយរបស់ពេជ្ររ៉ា គឺជា គ្រូពេទ្យទាំងពីរ ដូច្នេះហើយធ្វើឲ្យយុវជនរូបនេះកើតចិត្តស្រលាញ់ផ្នែកនេះដោយមិនដឹងខ្លួន។ "ម្យ៉ាងវាជាការចូលចិត្តផ្ទាល់របស់ខ្ញុំផងដែរ ខ្ញុំចង់ជួយសង្គ្រោះសុខភាពប្រជាជនទូទៅ ដើម្បីឲ្យពួកគាត់មានសុខភាពល្អទាំងអស់គ្នា"។ នេះបើតាមការបញ្ជាក់បន្ថែមពី ស៊ាន ពេជ្ររ៉ា ។
មិនខុសគ្នាប៉ុន្មាន យុវតី រៀម សុខចំរើន អាយុ១៩ឆ្នាំ សិស្សនិទ្ទេស A លំដាប់ពិន្ទុ ៩៩. ៩១២ ក៏នឹងចាប់យកជំនាញវេជ្ជសាស្ត្រផងដែរ តែផ្នែកពេទ្យកុមារទូទៅ ដោយសារតែកញ្ញាមើលឃើញថា កុមារតូចៗមានបញ្ហាផ្នែកសុខភាពច្រើន ហើយវាក៏អាចជាផ្នែកមួយជួយសង្គមផងដែរ។
ងាកមក យុវជន ថាច់ ងួនហេង សិស្សនិទ្ទេស A លំដាប់ពិន្ទុ ៩៩. ៩២៩ មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ បានប្រាប់ពីមុខជំនាញក្នុងក្តីស្រមៃរបស់ខ្លួនថា ៖ "ខ្ញុំចង់រៀនផ្នែកពាណិជ្ជកម្ម ដោយសារវិស័យនេះជួយជំរុញសេដ្ឋកិច្ចប្រទេសឲ្យដំណើរការល្អ "។
យុវជនវ័យក្មេងដែលបានចូលរួមច្រើនលើផ្នែកនេះនិងជាអតីតជ័យលាភីផ្នែកសរសេរគម្រោងពាណិជ្ជកម្មលំដាប់ពិភពលោកកាលពីឆ្នាំ ២០១៤ ប្រាប់ថា វិស័យនេះជាសក្កានុពលមួយដែលមិនគួរមើលរំលង ហើយនាពេលអនាគតខ្លួនចង់ក្លាយជាអ្នកដែលពាក់ព័ន្ធផ្នែកនេះ ពោលគឺចង់ក្លាយជាសហគ្រិនជោគជ័យមួយរូប។
ចំណែកសិស្សនិទ្ទេស A ម្នាក់ទៀត ឈ្មោះ លីសុក្រឹត គុលិកា និយាយថា នៅពេលរៀននៅមហាវិទ្យាល័យ មុខជំនាញដែលចង់រៀនខ្លាំងបំផុត គឺវិទ្យាសាស្ត្រកុំព្យូទ័រនៅសាលាតិចណូ ព្រោះចំណូលចិត្តរបស់យុវជនវ័យ ១៨ ឆ្នាំ នេះ ស្រលាញ់ខាងបច្ចេកវិទ្យា ម្ល៉ោះហើយគឺចង់រៀនផ្នែកណាដែលទាក់ទងនឹងកុំព្យូទ័រ។
សម្រាប់ការប្រលងបាក់ឌុបឆ្នាំនេះបេក្ខជនទូទាំងប្រទេសប្រឡងជាប់សរុបមាន ៤៦.៥៦០ នាក់ (៥៥,៨៨%) ក្នុងចំណោម ៨៣.៣២៥ នាក់ ខណៈដែលអ្នកជាប់និទ្ទេស A មាន ១០៨ នាក់។ ក្រៅពីនេះ បេក្ខជននិទ្ទេស B មាន ១.០៨៥នាក់, និទ្ទេស C មាន ៣.២៩២នាក់, និទ្ទេស D មាន ៦.០៩៣នាក់ និងនិទ្ទេស E មាន ៣៥.៩៨២នាក់៕
សូមអាន ៖ និស្សិតឆ្នើមៗ ប្រាប់ពីទម្លាប់រៀនបានពូកែ
អត្ថបទ៖ លឹម សុនា