អ្នកប្រដាល់ល្បីឈ្មោះម្នាក់ប្រាប់ហេតុផលដែលប្រដាល់កម្ពុជាមិនល្បីលើឆាកអន្តរជាតិ
- 2015-09-14 20:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់ល្បីឈ្មោះម្នាក់ប្រាប់ហេតុផលដែលប្រដាល់កម្ពុជាមិនល្បីលើឆាកអន្តរជាតិ
ចន្លោះមិនឃើញ
ការមិនបញ្ជូនកីឡាករប្រដាល់សេរីខ្មែរទៅប្រកួតក្នុងកម្មវិធីធំៗលក្ខណៈអន្តរជាតិនៅតាមបណ្តាប្រទេសនានាជារបាំងមួយធ្វើឲ្យក្បាច់គុនប្រដាល់ខ្មែរបុរាណមិនល្បីសុះសាយទៅកាន់ពិភពលោក។ នេះជាការលើកឡើងរបស់កីឡាករប្រដាល់ល្បីឈ្មោះម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ Sabay។
រូបតំណាង
អ្នកប្រដាល់ល្បីឈ្មោះរូបនោះបានលើកជាសំនួរថា ហេតុអ្វីបានជាប្រដាល់គុនខ្មែរមិនល្បីទៅកាន់ឆាកអន្តរជាតិ? ហេតុអ្វីបានជាប្រដាល់ថៃល្បីទៅកាន់ឆាកអន្តរជាតិខ្លាំងម្ល៉េះ? កីឡាករប្រដាល់រូបនេះបានពន្យល់ថា កីឡាប្រដាល់កម្ពុជាមិនល្បីល្បាញលើឆាកអន្តរជាតិឡើយ ពីព្រោះកម្ពុជាកម្របញ្ជូនកីឡាកររបស់ខ្លួនទៅប្រកួតនៅក្រៅប្រទេសខ្លាំងណាស់គឺមានតែយកកីឡាករគេមកប្រកួតក្នុងស្រុកតែប៉ុណ្ណោះ។ ពេលកីឡាករគេមកប្រកួតនៅស្រុកខ្មែរញឹកញាប់នឹងធ្វើឲ្យពួកគេមានកេរ្តិ៍ឈ្មោះល្បីនៅស្រុកខ្មែរ។
អ្នកប្រដាល់រូបនេះបន្តថា បើនិយាយពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបវិញ គេស្គាល់តែប្រដាល់ថៃ និងកីឡាករថៃប៉ុណ្ណោះ។ ចំណែកអ្នកប្រដាល់កម្ពុជាល្បីៗនាបច្ចុប្បន្នមិនទាន់មានអ្នកស្គាល់ឡើយនៅលើឆាកអន្តរជាតិដូចជាតំបន់អឺរ៉ុបជាដើម។ ប្រសិនបើកម្ពុជាចង់ឲ្យក្បាច់គុនរបស់ខ្លួនល្បីសុះសាយ ហើយកីឡាករក៏ត្រូវបានគេស្គាល់ច្រើនគួរតែរៀបចំឲ្យពួកគេបានចូលរួមប្រកួតឲ្យបានញឹកញាប់ក្នុងកម្មវិធីប្រកួតប្រដាល់ធំៗ រៀបចំឲ្យក្លិបហាត់នៅតាមបណ្តាលប្រទេសផ្សេង និងរៀបចំការប្រកួតគុនខ្មែរនៅប្រទេសគេឲ្យបានច្រើន។
ប្រភពដដែលបន្តថា បញ្ហានេះក៏អាចមកពីកីឡាករប្រដាល់កម្ពុជាមួយចំនួនខ្លាំងតែនៅក្នុងស្រុកខ្មែរ ប៉ុន្តែពេលចេញទៅប្រកួតក្រៅប្រទេសធ្វើមិនបានល្អប្រកួតចាញ់ច្រើនជាងឈ្នះ។ ម្យ៉ាងទៀតភាគច្រើនកីឡាករចេញទៅប្រកួតនៅក្រៅប្រទេសដោយខ្លួនឯង ឬតាមបណ្ដាញផ្ទាល់ខ្លួន ដែលសហព័ន្ធប្រដាល់មិនបានរៀបចំឲ្យចេញទៅប្រកួត។ អ្វីគួរឲ្យកត់សំគាល់ទៀតនោះ កីឡាករថៃកំពុងវាយលុកខ្លាំងមកលើប្រទេសកម្ពុជា។
អត្ថបទ ៖ ស្រី សុវណ្ណដារ៉ា