Maddox Jolie Pitt នឹងចូលសម្ដែងរឿងខ្មែរក្រហមរបស់ម្ដាយ
- 2015-09-21 19:06:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Maddox Jolie Pitt នឹងចូលសម្ដែងរឿងខ្មែរក្រហមរបស់ម្ដាយ
ចន្លោះមិនឃើញ
កូនប្រុសច្បងរបស់ Angelina Jolie និង Brad Pitt គឺ Maddox ដែលមានឈ្មោះខ្មែរហៅថា ជីវន្ត នោះមានបំណងចង់ក្លាយទៅជាតារាសម្ដែងម្នាក់ ដែលឥលូវនេះសុបិនរបស់គេបានក្លាយជាការពិតហើយ។ Angelina Jolie បានសម្រេចចិត្តឲ្យកូនប្រុសរបស់ខ្លួនដើរតួមួយក្នុងភាពយន្តដែលនិយាយពីរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា រឿង "ដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ"។ រឿងនេះនឹងចាប់ផ្ដើមចាក់បញ្ចាំងនៅលើវិបសាយ Netflix នៅចុងឆ្នាំ ២០១៦។
ប្រភពជិតស្និទ្ធនឹងតារាសម្ដែងស្រីនេះបានប្រាប់ទស្សនាវដ្ដី OK! ថា “Maddox ចង់សម្ដែងរឿងនេះខ្លាំងណាស់ នេះគឺជាក្ដីសុបិនរបស់គេ។ Maddox បានអានរឿងនេះរួចហើយ ហើយគេអាចនិយាយភាសាខ្មែរបាន ដូច្នេះរឿងនេះស័ក្ដិសមនឹងគេជាងអ្នកណាទាំងអស់"។ ទោះយ៉ាងណាប្រភពមិនបានបញ្ជាក់ថាគេនឹងសម្ដែងជាតួអង្គណាប្រាកដឡើយ។
ក្មេងប្រុសអាយុ ១៤ ឆ្នាំដែលត្រូវបាន Angelina Jolie ទទួលចិញ្ចឹមពីមណ្ឌលកុមារកំព្រាមួយកាលពីឆ្នាំ ២០០២ ធ្លាប់បានដើរតួមួយនៅក្នុងរឿង "World War Z” តែនៅក្នុងរឿងនោះ Maddox មិនបាននិយាយអ្វីមួយម៉ាត់នោះទេ។ កន្លងមក Jolie បានទទួលស្គាល់ថាខ្លួនបានជួលកូនប្រុសរបស់ខ្លួនជាជំនួយការក្នុងពេលថតរឿង។
តារាវ័យ ៤០ ឆ្នាំធ្លាប់បានបកស្រាយថា "កំឡុងពេលត្រៀមថតរឿងនេះ ខ្ញុំនិង Maddox បានស្វែងយល់បន្ថែមពីទឹកដីកំណើតរបស់គេ។ គេនឹងឈានចូលវ័យ ១៤ ឆ្នាំ នៅសប្ដាហ៍ក្រោយ ហើយនេះជាពេលវេលាដែលសំខាន់ខ្លាំងណាស់សម្រាប់គេ ដើម្បីដឹងថាខ្លួនឯងជាអ្នកណា។ គេជាកូនប្រុសរបស់ខ្ញុំ តែគេក៏ជាកូនប្រុសរបស់ប្រទេសកម្ពុជាដែរ"។
“បំណងប្រាថ្នារបស់ខ្ញុំ គឺចង់ផលិតរឿងនេះឲ្យដូចទៅនឹងអ្វីដែលបានកើតឡើងពិតៗដែលអាចធ្វើទៅបាន ដើម្បីតបស្នងគុណដល់ប្រជាជនខ្មែរ" ម្ដាយរបស់ Maddox ចែករំលែក៕
ចុចអាន៖ពីតូចដល់ធំ Maddox លេងម៉ូដសក់ប្លែកៗយ៉ាងណាខ្លះ?
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖hollywoodlife ,thesundaily