ទីកន្លែង​ក្រេប​ទឹក​ឃ្មុំ​ដ៏​អស្ចារ្យ​ទាំង​៧​ ថ្លៃ​ជាង​គេ​បំផុត​ក្នុង​លោក

  • 2015-09-21 23:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពិធី​មង្គលការ​ គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​តែង​តែ​ចំណាយ​ពេល​វេលា​ និង​លុយ​កាក់​ជាច្រើន​រៀបចំ​​គម្រោង​ដើរ​លំហែ​កាយ​ និង​រក​ទីកន្លែង​ដ៏​ល្អ​ប្រសើរ​សម្រាប់​រាត្រី​ទឹក​ឃ្មុំ​ទាំង​ក្នុង​ស្រុក​ ឬ​ក្រៅ​ប្រទេស។ គូស្នេហ៍​ដែល​មាន​ជីវភាព​ធូរធារ​ ឬ​ជា​អ្នក​ជំនួញ​ ពួកគេ​តែង​ជ្រើស​រើស​​ទៅ​លំហែ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​ឲ្យ​ប្លែក​ភ្នែក​ ដោយ​សង្ឃឹម​ថា ​នឹង​ទទួល​បាន​ភាព​រ៉ូមែនទិក​ និង​អនុស្សាវរីយ៍​​ដ៏​ផ្អែម​ល្ហែម​មិន​អាច​បំភ្លេច​បាន។

 

ខាង​ក្រោម​នេះ​ជា​កន្លែង​​ក្រេប​ទឹក​ឃ្មុំ​ថ្លៃ​ជា​ង​គេ​បំផុត​ក្នុង​លោក​ទាំង​៧​ ដែល​ធ្វើ​ចំណាត់​ថ្នាក់​ដោយ​គេហទំព័រ​​ដំណើរ​កម្សាន្ត​ ពិភពលោក About.com។ ចំណែក​ទីក្រុង​ប៉ារីស​ដែល​​មាន​កន្លែង​ក្រេប​ទឹក​ឃ្មុំ​ល្បី​ឈ្មោះ​ជាច្រើន​ មិនបាន​ជាប់​ក្នុង​បញ្ជី​នេះ​ទេ។

 

១. ប្រទេស​ម៉ាឌីវ​ នៅ​លើ​ប្រទេស​កោះ​នេះ​សម្បូរ​ទៅ​ដោយ​ផ្ទះ​ខ្ទម​តូច​ៗ​សង់​​លើទឹក​ដ៏​ថ្លា​ឈ្វេង​​​មើល​ឃើញ​ថ្ម​គ្រីស្តាល់​​ក្រោម​ទឹក​ ដែល​ជា​កន្លែង​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​លោក។ ក្រៅ​ពី​នេះ​គូស្នេហ៍​អាច​គយ​គន់​ឆ្នេរសមុទ្រ​​ពណ៌​ស​ដ៏​ស្រស់​ស្អាត​ ទឹកថ្លា​ខៀវ​ សត្វ​សមុទ្រ​ហែល​ និង​វិឡា​ប្រប​លើ​ផ្ទៃ​ទឹក​ជា​ច្រើន​រាប់មិនអស់។

 

 

 

២.​កោះ​ Cyclades ប្រទេស​ក្រិក

កោះ​នេះ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​អាតែន​ និង​ជា​កោះ​ដ៏​ស្រស់​ស្អាត​របស់​ក្រិក​នៅ​លើ​សមុទ្រ Aegean​ ដែល​គូស្នេហ៍​អាច​ទស្សនា​អគារ​រាង​ក្រឡូម​លើ​ផ្ទៃ​ទឹក​ពណ៌ខៀវ​ ជីវិត​ពេល​រាត្រី​ និង​ទស្សនីយភាព​ប្លែក​ៗ​ជាច្រើន​ផ្សេង​ទៀត។ ក្នុង​នោះ​អាច​ទស្សនា​ថ្ម​ភ្នំ​ភ្លើង​ ព្រះអាទិត្យ​លិច​ និង​តាម​ដង​វិថី​មាន​ភោជនីយដ្ឋាន​ បា​ ហាង​លក់​ទំនិញ​ និង​វិចិត្រសាល​ជាច្រើន។

 

 

 

៣. កោះ​ភ្នំភ្លើង​​ Bora Bora

កោះ​ Bora Bora​ ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ របស់​ប្រទេស​បារាំង​ ដែល​គេ​តែ​ង​តែ​ប្រៀបធៀប​ជា​មួយ​កោះ​ម៉ាឌីវ​ ជាមួយ​ទេសភាព​ដ៏​អស្ចារ្យ​ដូចគ្នា។

 

 

 

៤. កោះ​ Fiji​

ប្រទេស​កោះ​មួយ​នេះ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​អ្នក​ទៅ​ទស្សនា​អាច​​លោត​ចុះ​ទឹក​ពី​ចំណោត​ថ្ម​ខ្ពស់​ៗ​ ជិះ​ឧទ្ធម្ភាគចក្រ​ និង​ជិះ​កង់​ជាដើម។

 

 

 

៥. តំបន់​ Tuscany

តំបន់​នេះ​ស្ថិត​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ Tyrrhenian ​ប្រទេស​អ៊ីតាលី​ ដែល​​ល្បី​ឈ្មោះ​ខាង​ស្រា​បែប​ធម្មតា​ដ៏​ឆ្ងាញ់​ពិសា​ ទួល​ខ្ពស់​ៗ​ ភូមិ​បុរាណ​ៗ​ និង​ទីកន្លែង​ប្រវត្តិ​សាស្ត្រ​ជាច្រើន​ទៀត។

 

 

 

៦. កោះ​ Kauai​

កោះ​នេះ​​ជា​កោះ​តូច​ និង​​អភិវឌ្ឍ​តិច​តួច​ជាង​គេ​បំផុត​ ក្នុង​ចំណោម​កោះ​ទាំង​៤​របស់​ប្រជុំ​កោះ​ហាវ៉ៃ ប៉ុន្តែ​វា​មាន​ទេសភាព​ធម្មជាតិ​ស្អាត​ជាង​គេ​បំផុត​ ដែល​គូស្នេហ៍​ទើប​រៀបការ​ចូល​ចិត្ត​ទៅ​លេង​នៅ​ទី​នោះ។ ទេសភាព​ដ៏​ស្រស់​ស្អាត​អន្ទង​ចិត្ត​អ្នក​ទស្សនា​គឺ​ស្មៅ​ដុះ​តាម​ផ្ទាំង​ថ្ម​ធំ​ៗ​ និង​ជួរ​ភ្នំ​ដ៏​ច្រើន។ លើស​ពី​នេះ​ទៅ​ទៀត​ កោះ​នេះ​បាន​ទាញ​ចិត្ត​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ហូលីវូដ​ដូច​ជា​រឿងRaiders of the Lost Ark, the Jurassic Park series និងKing Kong.2005 ​ផង​ដែរ។

 

 

 

៧. កោះ​ Virgin កោះ​ Virgin​ របស់​​ចក្រភព​អង់គ្លេស​ ស្ថិត​នៅ​សមុទ្រ​ Caribbean​ ខាង​កើត​ប្រ​ជុំ​កោះ​ Puerto Rico។ គូ​ស្នេហ៍​​អាច​ជិះ​ទូកក្ដោង​ លោត​ទឹក​ និង​ទស្សនា​ទីក្រុង​ប្រវត្តិសាស្ត្រ​ វប្បធម៌​របស់​អ្នក​ស្រុក​ និង​ញ៉ាំ​អាហារ​សមុទ្រ​ស្រស់ៗ​ប្លែក​ៗ៕

 

 

 

-ចុច​អាន៖ ទេស​ភាព​ស្រស់​ស្អាត​នៃ​តំបន់​​​​​ដី​ភក់​​អាយុ​កាល​​​​៨​ពាន់​ឆ្នាំ របស់​ប្រទេស​ឡាតវី​

 

​ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Business Insider

អត្ថបទថ្មី