អ៊ុន សិទ្ធា តារាសម្តែងខ្មែរដំបូងដែលប្រលងគំនូរជាប់លេខ១ប្រចាំប្រទេស
- 2015-09-22 16:56:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុន សិទ្ធា តារាសម្តែងខ្មែរដំបូងដែលប្រលងគំនូរជាប់លេខ១ប្រចាំប្រទេស
ចន្លោះមិនឃើញ
អ៊ុន សិទ្ធា តារាសម្ដែងល្បីប្រចាំប្រទេសកម្ពុជា បានបង្ហើបពីអតីតកាលមុនចូលសិល្បៈថា លោកគឺជាជាងគំនូរម្នាក់ ដែលបានប្រលងជាប់ចំណាត់ថ្នាក់លេខ ១ប្រចាំ រាជធានី និងលេខ ៦ លើឆាកអន្តរជាតិទៀតផង។
“ កាលថ្នាក់ទី១០ បងធ្លាប់ប្រលងបានលេខ ១ ទូទាំងរាជធានី បន្ទាប់មកយកទៅប្រកួតអន្តរជាតិរយៈពេល១០ថ្ងៃ ហើយទទួលបានចំណាត់ថ្នាក់លេខ៦ នៅប្រទេស អេស្បាញ "។ សិទ្ធា ថ្លែង។
រំលឹកទៅអតីតកាល អ៊ុន សិទ្ធា បានប្រាប់ថារូបលោកចេះគូរគំនូរតាំងពីតូចម្ល៉េះ គឺចាប់ពីពេលដែលលោកចូលរៀនថ្នាក់ទី១ ពិសេសទៀតនោះ លោក បន្តថានៅក្នុងសៀវភៅសរសេរមេរៀន មានសុទ្ធតែគំនូរ ។
“ បងចេះគូរយូរហើយអូន តាំងពីបងនៅតូចៗមកម្ល៉េះ ចេះកាន់សៀវភៅពេលណា ចេះគូរពេលហ្នឹងហ្មងអូន ប៉ុន្តែដោយសារតែបងរើផ្ទះមិនដឹងជាគំនូរនោះទៅណាអស់ទេអូន ម្យ៉ាងកាលយកទៅប្រលងនៅ អេស្បាញ ហ្នឹងគេយករក្សាទុកបាត់ហើយ"។ សិទ្ធា បន្ថែម។
តារាសម្បុរស្រអែមរូបនេះ បន្តថា លោកជាមនុស្សម្នាក់ដែលចូលចិត្តគូរគំនូរជាពិសេសបែប ទេសភាព មនុស្ស ជាដើម។ ជានិច្ចកាល សិទ្ធា ប្រាប់ថាពេលចេញលេងម្ដងៗមិនដែលទៅលេងជាមួយមិត្តភក្តិទេ គឺលោកនៅសំកុកអង្គុយគូររូបភាពលេងពេញសៀវភៅតែម្ដង។
ទោះជាយ៉ាងណា តារាប្រុសដែលមានសាច់ដុំស្អាតនេះ មិនបានបន្តការគូរគំនូរទៀតទេ ដោយហេតុផលការងារសិល្បៈមានការមមាញឹកពេក មិនអាចដកខ្លួនរួច។ លោក ពោលទាំងសោកស្ដាយដែលមិនអាចបន្តគូរគំនូរទៀតបាន ហើយស្នាដៃក៏ធ្លាក់ចុះមិនដូចពីមុនដែរ។ ប៉ុន្តែអតីតប្រុសស្អាត ត្រូវតែធ្វើបែបនេះ ព្រោះលោកស្រលាញ់អាជីពសិល្បៈខ្លាំង៕
អត្ថបទ៖ ថា ម៉ាលីដា