ភិន សុដាលីស និង ប៉ែន ចំរុង នាំគ្នាទៅចុះអេតាស៊ីវិលត្រៀមរស់នៅជុំគ្នា
- អង្គារ, 22 កញ្ញា 2015 18:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភិន សុដាលីស និង ប៉ែន ចំរុង នាំគ្នាទៅចុះអេតាស៊ីវិលត្រៀមរស់នៅជុំគ្នា
ចន្លោះមិនឃើញ
ក្រោយរឿងចម្រូងចម្រាស រវាងឪពុក និងគូស្នេហ៍របស់ខ្លួន ភិន សុដាលីស បានយកជ័យជំនះលើជំហររឹងត្អឹងរបស់ឪពុកខ្លួន ដែលប្រកាន់ថាមិនឲ្យនាង ផ្សារសាច់ផ្សារឈាមជាមួយ ប៉ែន ចំរុង ដោយថ្មីៗនេះ នាង និងគូស្នេហ៍ បាននាំគ្នាទៅចុះអេតាស៊ីវិលកាលពីសប្ដាហ៍មុននេះ។
“ខ្ញុំបានចុះអេតាស៊ីវិលរួចហើយកាលពីសប្ដាហ៍មុននៅសង្កាត់ទឹកល្អក់៣កន្លែងដែលពួកខ្ញុំរស់នៅ រង់ចាំតែថ្ងៃទៅយកទេ ប្រហែលជាសប្ដាហ៍ក្រោយ(សប្ដាហ៍នេះ)អីបានហើយ"។ ភិន សុដាលីស ប្រាប់ Sabay ។
តារាស្រីរូបនេះ នៅបានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានសំបុត្រអេតាស៊ីវិលពីអាជ្ញាធរមូលដ្ឋាន នាងនឹងទៅរស់នៅជាមួយ ប៉ែន ចំរុង តែម្ដង ប៉ុន្តែបច្ចុប្បន្ន នាងស្នាក់នៅផ្ទះឪពុកនាងនៅឡើយ។ យ៉ាងណាក៏ដោយ នេះមិនមែនជាបំណងរបស់នាងតែម្នាក់ឯងទេ ប៉ុន្តែក៏ជាការជំរុញរបស់ឪពុកនាងដែរ។ ដាលីស ថ្លែងថា "ប៉ាគាត់ជាអ្នកនិយាយដោយខ្លួនគាត់ថា បើពួកខ្ញុំ ពិតជាស្រឡាញ់គ្នាមែន ឲ្យនាំគ្នាទៅចុះអេតាស៊ីវិល ហើយរើឥវ៉ាន់ទៅរស់នៅជាមួយ ចំរុង ទៅ"។
ទោះយ៉ាងនេះក្ដី មិនមានន័យថា លោកឪពុករូបនេះ ព្រមទទួលយកចំណងស្នេហ៍របស់ពួកឡើយ។ តាមសំដីរបស់កូនស្រី លោក អ៊ិន សុភិន ដែលជាឪពុកនាង បានប្រកាសមិនចែកចាយទ្រព្យបន្តិចបន្តួចឡើយដល់នាង ចំពោះការប្រឆាំងនឹងបំណងរបស់គាត់លើបញ្ហាខាងលើនេះ។
"គាត់ថា រឿងទ្រព្យសម្បត្តិគាត់ឲ្យចែកឲ្យទេ ព្រោះម្យ៉ាងនេះ មិនមែនជាកូនប្រសាដែលគាត់ពេញចិត្ត និងទុកដាក់ឲ្យ អីចឹងគាត់ឲ្យពួកខ្ញុំចេះរក និងរស់ដោយខ្លួនឯង។ ប៉ុន្តែរឿងចេញចូលផ្ទះអី គាត់អត់ថាអីទេ ចេញចូលពេលណាក៏បានដែរ"។
ទន្ទឹមនឹងការប្រកាសរបស់ អ៊ិន សុភិន ពីរឿងមិនចែកទ្រព្យឲ្យ ភិន សុដាលីស នៅពេលនេះ ភាគីខាងក្រុមគ្រួសាររបស់ ប៉ែន ចំរុង ឯណោះវិញ ក៏បានប្រកាសពីការទទួលយក ដាលីស ដោយការពេញចិត្ត បើទោះនាងបានក្លាយជានារីដែលមិនមានទ្រព្យជាប់ខ្លួនក៏ដោយ។ លោក ប៉ែន រស់ ជាបងប្រុសរបស់ ប៉ែន ចំរុង បានប្រាប់ VOD ថា ក្រុមគ្រួសារលោក ពេញចិត្តដាលីស ហើយលោកថែមទាំងបានអះអាងទៀតថា ក្រុមគ្រួសារលោកទាំងអស់គ្នានឹងជួយ ចំរុង និង ដាលីស អោយក្លាយជាគូស្វាមីភរិយាមានសុភមង្គល បើទោះមួយជីវិតនេះ ក្រុមគ្រួសារនាងមិនទទួលស្គាល់ក៏ដោយ។
ចំរុង និង អ៊ិន សុភិន បានផ្ទុះរឿងជាមួយគ្នាកាលពីចុងខែកក្កដា បន្ទាប់ពី ឪពុកខាងស្រីបានធ្វើសន្និសីទបើកបង្ហាញថា លោកបានទាត់ ប៉ែន ចំរុង ៣ជើង ដោយសារតែខឹងនឹងតារាប្រុសរូបនេះ ព្រងើយកន្តើយចំពោះការព្រមានរបស់លោក ឲ្យឈប់ទាក់ទងកូនស្រីខ្លួន ក៏ព្រោះតែលោកយល់ថា ចំរុង មិនបានស្រឡាញ់ ដាលីស ពិតប្រាកដ។
ទោះជាយ៉ាងនេះក្ដីតួប្រុសដែលពូកែធ្វើឡប់ៗ រក្សាភាពស្ងៀមស្ងាត់ មិនតបត ដោយមិនព្រមធ្វើការអធិប្បាយណាមួយឡើយ បើទោះជាសារព័ត៌មានបានស្កាត់ទៅជួបផ្ទាល់ក៏ដោយ។ ប៉ុន្តែថ្មីៗនេះ ក្នុងកម្មវិធីកម្សាន្តមួយរបស់ទូរទស្សន៍ PNN ចំរុង បានអះអាងថា លោកពិតជាស្រឡាញ់ ដាលីស ពិតប្រាកដ។
រូបថត៖ បណ្ដាញសង្គម ដាលីស
លោកថា "បងស្រឡាញ់អូនអត់មានលេងសើចទេ បើសិនជាអាចបងចង់ឲ្យគ្រប់យ៉ាងក្លាយជាការពិតដូចយើងនិយាយ គ្នា! បើទោះបីជាបងអត់មានទ្រព្យសម្បត្តិច្រើនដូចគ្នា បងអត់ពូកែរកស៊ីដូចគេ ប៉ុន្តែបងនឹងឲ្យអូនសើចច្រើនជាងយំ និងមានក្ដីសុខច្រើនជាងកើត ទុក្ខ!។ បងនឹងឲ្យអូនទទួលគ្រប់យ៉ាងដែលអូនប្រាថ្នា… បងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព!”។
បន្ទាប់ពីមិនអាចសម្រេចផែនការរារាំងកូនស្រី មិនឲ្យមានទំនាក់ទំនងជាមួយ ប៉ែន ចំរុង លោក អ៊ិន សុភិន ក៏បានបន្ទន់ឥរិយាបថ ដោយលោកប្រកាសទៀតថាឈប់រវីរវល់រឿងគូស្នេហ៍មួយគូនេះតទៅទៀត។ នៅគ្រាចុងក្រោយនេះទៀត ថែមបានជំរុញឲ្យកូនស្រី នាំ ចំរុង ទៅចុះអេតាស៊ីវិល និងទៅរស់នៅជាមួយគ្នា ដោយគ្រាន់តែលោកមិនផ្ចុងផ្ដើមទំនុកបម្រុងពួកគេឡើយ។
បន្ទាប់ពីបានការជំរុញពីឪពុក ភិន សុដាលីស ក៏បាននាំ ចំរុង ទៅចុះអេតាស៊ីវិលមែនកាលពីសប្ដាហ៍ ដែលអាចទទួលបានសំបុត្រអេតាស៊ីវិលផ្លូវការក្នុងសប្ដាហ៍នេះ។ បន្ទាប់ពីនោះ នាងនឹងចុះទៅរស់នៅជាមួយ ចំរុង តែម្ដង។ ដាលីស ប្រាប់ថាទៀត នាងបានដាក់ផែនការរៀបការនៅឆ្នាំក្រោយ ហើយសង្ឃឹមថា នាពេលនោះ អ្នកមានគុណរបស់នាង នឹងមានវត្តមាន៕
អិន សុភិន លែងចង់ឮឈ្មោះ ដាលីស និង ប៉ែន ចំរុង ទៀតហើយ
អត្ថបទ៖ ទារិកា