ម្ចាស់ខ្សែក្រវាត់វ័យក្មេង អ៊ុំ ចំរើន ធ្លាក់បាក់ឌុបពីរឆ្នាំ នៅតែស្រេកឃ្លានចង់រៀនបន្ត
- 2015-09-23 15:57:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ខ្សែក្រវាត់វ័យក្មេង អ៊ុំ ចំរើន ធ្លាក់បាក់ឌុបពីរឆ្នាំ នៅតែស្រេកឃ្លានចង់រៀនបន្ត
ចន្លោះមិនឃើញ
ម្ចាស់ខ្សែក្រវាត់គួប៊ូតា អ៊ុំ ចំរើន បានបង្ហាញពីការស្រេកឃ្លានចង់រៀនបន្ត បន្ទាប់ពីប្រលងធ្លាក់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០១៥។ នេះគឺជាបរាជ័យក្នុងការសិក្សាលើកទីពីររបស់អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធិ បន្ទាប់ពីប្រលងធ្លាក់បាក់ឌុបម្ដងរួចមកហើយកាលពីឆ្នាំ២០១៤។
អ៊ុំ ចំរើន បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងក្រោយប្រលងធ្លាក់បាក់ឌុបសាជាថ្មីក្នុងឆ្នាំ២០១៥ ប៉ុន្តែរូបគេបានតាំងចិត្តថាប្រឹងរៀនបន្តមិនបោះបង់ឡើយ បើទោះបីអាជីពប្រដាល់កំពុងជោគជ័យយ៉ាងណាក្ដី។ អ្វីដែលជាមូលហេតុធ្វើឲ្យ ចំរើន មិនអាចប្រលងជាប់ ព្រោះរវល់ហាត់ដើម្បីឡើងប្រកួតមួយថ្ងៃមុនការប្រលង។
នៅរសៀលថ្ងៃអាទិត្យទី២៣ ខែសីហា អ៊ុំ ចំរើន បានប្រកួតឈ្នះកីឡាករ សូយ យក្សតឿ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រកួតដណ្ដើមខ្សែក្រវាត់គួប៊ូតា លើសង្វៀនបាយ័ន។ នៅថ្ងៃចន្ទបន្ទាប់ថ្ងៃទី២៤ ខែកញ្ញា រូបគេត្រូវប្រលងបាក់ឌុប ដែលជាពេលវេលាដ៏តឹងតែងមួយ ព្រោះមិនបានរៀនសូត្រពេញលេញ ដោយសារត្រូវបែងចែកពេលវេលាហ្វឹកហាត់។
យ៉ាងណាក្ដី ក្រោយពេលប្រលងរួច កីឡាករវ័យក្មេងរូបនេះនៅតែមានសង្ឃឹមថាជាប់ ព្រោះអាចសរសេរបានច្រើនគួរសម ព្រមទាំងមានចិត្តឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅប៉ុន្មានថ្ងៃក្រោយរហូតក្លាយជាម្ចាស់ខ្សែក្រវាត់គួប៊ូតា បន្ទាប់ពីកីឡាករ សរ រាជសី ប្រកួតខុសលក្ខន្តិកៈ។ នៅថ្ងៃប្រកាសលទ្ធផល ចំរើន ត្រូវឡើងប្រកួតមិត្តភាពជាមួយកីឡាករថៃម្នាក់ទៀត។
ខណៈពេលកំពុងតែងខ្លួនរៀបឡើងសង្វៀនប្រកួត ស្រាប់តែបងប្អូនប្រាប់តាមទូរសព្ទថា ចំរើន ធ្លាក់បាក់ឌុបហើយ។ ចំរើន បានឡើងវាយទាំងគ្មានអារម្មណ៍ក្នុងខ្លួន ហើយបូករួមទាំងកីឡាករថៃវាយចំតំបន់ពិសេសញឹកញាប់ ទើបត្រូវចាញ់ការប្រកួតក្នុងទឹកទីបី ដែលជារឿងគួរឲ្យសោកស្ដាយផ្ទួនៗសម្រាប់រូបគេ។
ចំរើន បាននិយាយប្រាប់ Sabay ថា៖ "ខ្ញុំស្ដាយណាស់បង... បើខ្ញុំជាប់បាក់ឌុប ខ្ញុំសប្បាយចិត្តជាងឈ្នះខ្សែក្រវាត់ទៀត... ខ្ញុំចង់ប្រាប់ពិធីករពេលកំពុងសម្ភាសមុនវ៉ៃជាមួយថៃថា ខ្ញុំជាប់បាក់ឌុបហើយ... ពេលនោះមិនដឹងខ្ញុំរំភើបយ៉ាងណាទេ"។ កីឡាកររូបនេះបានបញ្ជាក់ទៀតថា បើនាយកសាលាអនុញ្ញាតឲ្យរៀនបន្ត គេនឹងប្រឹងប្រែងយកពេលរៀនសូត្រឲ្យបានច្រើន៕ អត្ថបទ៖ គង់ វិសាល