អ្នក​គាំទ្រ​ដឹង​អ្វី​ខ្លះ​ពី​ខ្សែ​ការពារ​ក្រុម​បឹងកេត សុខ សុវណ្ណ? ​

  • 2015-09-25 20:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខ សុវណ្ណ ជា​កីឡាករ​មួយ​រូប​ដែលកំពុង​បំពេញ​យុទ្ធនាការ​នៅ​​លីក​កំពូល​កម្ពុជា ក្នុង​នាម​ជា​ខ្សែ​ការពារ​របស់​​ក្រុម​បឹងកេត​អង្គរ។ ក្រៅ​ពី​នេះ​រូប​គេ​ក៏​ត្រូវ​ជួយ​ក្រុម​ជម្រើស​ជាតិ​​ ក្នុង​ការ​​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​​លោក​ឆ្នាំ​២០១៨​ផង​ដែរ។ អ្នក​គាំទ្រ​ប្រាកដ​ជា​ឮ​ឈ្មោះ​កីឡាករ សុខ សុវណ្ណ ស្ទើរ​គ្រប់​ការ​ប្រកួត​របស់​បឹង​កេត និង​ជម្រើស​ជាតិ តែ​ប្រហែល​មិន​បាន​ដឹង​អ្វី​ច្រើន​ឡើយ​ពី​​ប្រវត្តិ​ខ្លះ​របស់​កីឡាករ​រូប​នេះ។  

 

ក្លាយ​ជា​កីឡាករ​ដោយ​គ្មាន​ការ​ព្រាង​ទុក សុខ សុវណ្ណ ជា​ក្មេង​ម្នាក់​ដែល​ចូល​ចិត្ត​លេង​បាល់​ទាត់​តាំង​ពី​រៀន​នៅ​បឋមសិក្សា គ្រាន់​ជា​ការ​កំដរ​អារម្មណ៍ ហើយ​ក៏​មិន​ធ្លាប់​នឹក​ស្មាន​ថា​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​ដូច​បច្ចុប្បន្ន​ដែរ។ ឱកាស​នេះ​បាន​ធ្លាក់​មក​ដល់​ដៃ ពេល​មាន​ការ​រៀប​ចំ​ប្រកួត​​ពាន​រង្វាន់ Miloជ្រើស​រើស​កីឡាករ​ឆ្នើម​វ័យ​ក្មេង។ ដោយ​ទេពកោសល្យ​ខាង​កីឡា​មាន​តាំង​ពី​តូច សុវណ្ណ បាន​ជាប់​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​នោះ និង​ចាប់​ផ្ដើម​អាជីព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៤​ឆ្នាំ ដោយ​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​នៅ​​ប្រទេស​ម៉ាឡេស៊ី។ ក្រោយ​មក​រូប​គេ​បាន​ជាប់​ជម្រើស​ជាតិ​បន្ត​បន្ទាប់​តាំង​ពី​ឈុត​យុវជន រហូត​ដល់​ជម្រើស​ជាតិ​ឈុត​ធំ​នា​ពេល​បច្ចុប្បន្ន​នេះ។ ការ​ចាប់​ផ្ដើម​​ដ៏​ល្អ​ក្នុង​ក្រុម​ជម្រើស​ជាតិ

 

ក្រោយ​ចាប់​ផ្ដើម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ១៤​ឆ្នាំ សុវណ្ណ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ រហូត​គ្រូ​បង្វឹក​ជ្រើស​រើស​ចូល​ក្រុម​ឈុត​យុវជន U16, U19, U21, U23 និង​បន្ត​ចូល​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ញឹក​ញាប់ ជា​ពិសេស​ក្នុង​យុទ្ធនាការ​ជម្រុះ​បាល់ទាត់​ពិភព​​លោក​ឆ្នាំ​២០១៨ ​​ក្នុង​ពូល E សម្រាប់​តំបន់​អាស៊ី ជុំ​ទីពីរ។

 

សុវណ្ណ បាន​ចេញ​ទៅ​ប្រកួត​គ្រប់​ប្រទេស​​ក្នុង​តំបន់​​អាស៊ាន បូក​រួម​ទាំង​ម៉ាកាវ និង​ប្រទេស​ជប៉ុន​ផង​ដែរ។ សម្រាប់​ប្រកួត​អន្តរជាតិ​ដែល​ខ្សែ​ការពារ​រូប​នេះ​ចង​ចាំ​មិន​ភ្លេច គឺ​ពេល​ប៉ះ​ជប៉ុន​ក្នុង​ការ​ប្រកួត​ជម្រុះ​​ជើង​ទី​មួយ។ ពេល​នោះ​កម្ពុជា​អាច​ទប់​ក្រុម​ខ្លាំង​សាម៉ូរ៉ៃ​ជប៉ុន ចាញ់​ត្រឹម ៣​-០ ខណៈ​ក្រុម​ផ្សេង​ទៀត​នៅ​អាស៊ាន​សុទ្ធតែ​បរាជ័យ​យ៉ាង​ចាស់​ដៃ។

 

កីឡាករ សុខ សុវណ្ណ(លេខ​២​)ក្នុង​ក្រុម​ជម្រើស​ជាតិ

 

អាជីព​ក្នុង​លីក​បាល់​ទាត់​កម្ពុជា

 

កីឡាករ សុខ សុវណ្ណ បាន​ចាប់​ផ្ដើម​ប្រលូក​ចូល​អាជីព​កីឡា​បាល់ទាត់​ដំបូង​ក្នុង​ឈុត​យុវជន​ក្រុម Phnom Penh empior B ចាប់​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០០៩។ ចាប់​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ ២០១២ ខ្សែ​ការពារ​ដ៏​រឹង​មាំ​រូប​នេះ បាន​ចូល​លេង​ឲ្យ​​ឈុត​ធំ គឺ​​ក្រុម​ភ្នំពេញ​ក្រោន។ ចាប់​អាជីព​នៅ​ភ្នំពេញ​ក្រោន​បាន​បី​ឆ្នាំ រូប​គេ​ក៏​ប្ដូរ​មក​លេង​ឲ្យ​ក្រុម​បឹង​កេត​អង្គរ​រហូត​ដល់​បច្ចុប្បន្ន។ ​សុវណ្ណ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​ថ្មី ដោយ​រួម​គ្នា​​​ជាមួយ​សមាជិក​ក្រុម​ការពារ​សំណាញ់​ទី​បឹង​កេត​ឲ្យ​ក្រុម​ផ្សេង​ស៊ុត​ចូល​ត្រឹម ១៩​គ្រាប់​ប៉ុណ្ណោះ ហើយ​កំពុង​ឈរ​លើ​កំពូល​តារាង​បណ្ដោះ​អាសន្ន។

សុខ​ សុវណ្ណ កំពុង​ហ្វឹកហាត់(រូប​ទី​ពីរ រាប់​ពី​ស្ដាំ)

ជីវិត​ឯកជន កីឡាករ សុខ សុវណ្ណ ជា​កូន​ទោល​ក្នុង​គ្រួសារ​មួយ ដែល​មាន​ឪពុក​ម្ដាយ​ជា​អ្នក​លក់ដូរ នៅ​ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ។ តាំង​ពី​បឋមសិក្សា រហូត​ដល់​វិទ្យាល័យ សុវណ្ណ បាន​សិក្សា​នៅ​​បាក់​ទូក​ទាំង​អស់។ ដោយសារ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់ និង​ចង់​ចាប់​អាជីព​ជា​អ្នក​កីឡា សុវណ្ណ បាន​ផ្អាក​ការ​សិក្សា ក្រោយ​ប្រលង​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ២០០៨។ ថ្ងៃ​ទី១២ ឧសភា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ សុវណ្ណ បាន​សម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​​​កូន​ក្រមុំ ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង។ មុន​​អាពាហ៍ពិពាហ៍​កើត​ឡើង ​គូ​ស្នេហ៍​ ១​គូ​នេះ​បាន​សិក្សា​យល់​ចិត្ត​ថ្លើម​ជាង​មួយ​ឆ្នាំ ទើប​សម្រេច​ចិត្ត​ស្វែង​រក​អនាគត​ដើរ​ផ្លូវ​មួយ​​រួម​គ្នា៕

 

អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី