ភាពយន្ត​​កុងហ្វូ​ថ្មី​របស់ ឈិន ឡុង ចាប់​ផ្ដើម​ថត​នៅ​ឌុយបៃ

  • 2015-09-29 19:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​បន្ត​របស់​កំពូល​តារា​ក្បាច់​គុន​ហុងកុង Jackie Chan មាន​​ចំណងជើង​​ថា "Kung Fu Yoga”។ នេះ​ជា​សមិទ្ធផល​រួម​របស់​ផលិតកម្ម​ភាពយន្ត​ចិន​និង​ឥណ្ឌា​ចូល​រួម​ផលិត។

 

 

តាម​គេហទំព័រ Variety បាន​ឲ្យ​ដឹង​ថា អ្នក​ដឹក​នាំ​សម្ដែង Stanley Tong និង តារា​សម្ដែង Jackie Chan បាន​ចាប់​ផ្ដើម​ថត​រឿង​ក្បាច់​គុន "Kung Fu Yoga” នៅ​ទី​ក្រុង​ឌុយបៃ​ ​​ប្រទេស​អារ៉ាប់រួម កាល​ពី​ថ្ងៃ​ទី ២៨ ខែ កញ្ញា​កន្លង​មក។ ភាពយន្ត​នេះ​នឹង​ត្រូវ​ថត​ចប់​​នៅ​ថ្ងៃ​ទី ៣០ ខែ​តុលា មាន​ន័យ​ថា​ត្រូវ​ចំណាយ​រយៈ​ពេល ៣៣ ថ្ងៃ​ដើម្បី​ថត ហើយ​នឹង​មាន​ឈុត​ឆាក​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​បាន​ថត​នៅ​​ក្នុង​ប្រទេស​ឥណ្ឌា។

 

“Kung Fu Yoga” គឺ​ជា​ការ​​ចាប់​ដៃ​​លើក​ទី​មួយ​រវាង​ផលិតកម្ម​ចិន​ Taihe Entertainment និង Shinework Media ជាមួយ​ផលិតកម្ម​ឥណ្ឌា Viacom 18 ​បន្ទាប់​ពី​បាន​ចុះ​​កិច្ច​សន្យា​សហការ​គ្នា​កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១៤។ អ្នក​ដឹក​នាំ​សម្ដែង Stanley Tong បាន​ឲ្យ​ដឹង​ថា​លោក​នឹង​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ដែល​មាន​ស្រាប់​នៅ ឌុយបៃ ក៏​ដូច​ជា​​​យក​បុគ្គលិក​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត ១០០ នាក់​​​ជា​ជំនួយ។

 

ដូច​គ្នានឹង​រឿង "Fast & Furious 7” ដែរ "Kung Fu Yoga” នឹង​មាន​ឈុត​ឆាក​ប្រដេញ​គ្នា​ដោយ​ឡាន​ទំនើប​នៅ​កណ្ដាល​ទីក្រុង​ដែល​មាន​អគារ​ខ្ពស់​កប់​ពពក​របស់ ឌុយបៃ។ បន្ទាប់​ពី​រឿង​ក្បាច់​គុន​នេះ រឿង​ដែល​បាន​​បោះ​ទុន​យ៉ាង​ច្រើន​របស់​ហូលីវូដ​មួយ​ទៀត​គឺ​រឿង "Star Trek Beyond” របស់​អ្នក​ដឹក​នាំ​សម្ដែង Justin Lin ក៏​នឹង​មក​ថត​នៅ​ទីក្រុង​ស៊ីវិល័យ​នេះ​ដែរ៕

 

ចុចអាន៖ទ្រព្យ​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​​របស់​កំពូល​តារា​ក្បាច់​គុន​ចិន​ ហុងកុង​ទាំង​ ៣រូប​

 

​​​​​​​ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ variety

អត្ថបទថ្មី