ជីវិតលំបាកលំបិនរបស់តារាហុងកុង៣រូប ដែលធ្លាប់សម្ដែងជាមួយ ទិនហ្វី
- 2015-10-02 15:54:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតលំបាកលំបិនរបស់តារាហុងកុង៣រូប ដែលធ្លាប់សម្ដែងជាមួយ ទិនហ្វី
ចន្លោះមិនឃើញ
Ng Man Tat, Yuen Wah និង Jaqueline Law សុទ្ធតែជាតារាដែលមានមានឈ្មោះបោះសំឡេងក្នុងបណ្ដាប្រទេសអាស៊ី ជាពិសេសតាមរយៈការសម្ដែងជាមួយកំពូលតារាហុងកុង Stephen Chow (ទិនហ្វី)។ ប៉ុន្តែនៅខាងក្រោយ ភាពល្បីល្បាញនោះគឺជាជីវិតដែលពោរពេញទៅដោយភាពលំបាក។
Jaqueline Law៖ អតីតសង្សាររបស់ទិនហ្វី
Jaqueline ក្លាយជាតារាល្បីឈ្មោះមួយរំពេចក្រោយពេលចូលខ្លួនសម្ដែងរឿង "The Final Combat” ជាមួយ Stephen Chow។ នាងជាតារាសម្ដែងជួរមុខរបស់ TVB ក្នុងទសវត្សឆ្នាំ ៩០ នាសតវត្សមុន។ ចំពោះទិនហ្វី Jaqueline មិនត្រឹមជាមិត្តស្លាប់រស់ម្នាក់ នាងថែមទាំងជាសង្សារតែម្នាក់គត់ដែលគេទទួលស្គាល់ជាសាធារណៈ។ តែពួកគេបានបែកគ្នានៅឆ្នាំ១៩៩១ ក្រោយស្រឡាញ់គ្នាបានពីរឆ្នាំ។
ឆាកជីវិតរបស់ Jaqueline គឺពោរពេញទៅដោយភាពខ្លោចផ្សា។ នៅពេលដែលកំពុងនៅលើចំណុចកំពូលក្នុងអាជីព នាងបង្ខំចិត្តត្រូវចាកចេញពីរង្វង់សិល្បៈដោយសារតែក្លាយជាថ្លង់មួយចំហៀងត្រចៀក និងត្រូវមិត្តភ័ក្ដិបោកយកលុយអស់។ នៅខណៈពេលនោះដែរ នាងមានជំងឺធ្លាក់ទឹកចិត្ត។ Law ធ្លាប់គិតយកការស្លាប់ដើម្បីមករំដោះខ្លួនពីទុក្ខសោកអស់ទាំងនេះ។
ក្នុងឆ្នាំ ២០០៨ Jaqueline រៀបការជាមួយមហាសេដ្ឋី Liu Chee Ming។ "គាត់មានអាយុលើសខ្ញុំ ១៦ ឆ្នាំ តែបាននាំមកឲ្យខ្ញុំកម្លាំងទាំងអស់នៅក្នុងជីវិត" Jaqueline ចែករំលែក។ ទស្សនិកជនបានជូនពរដល់តារាសម្ដែងនេះនៅពេលដែលរកឃើញសុភមង្គលរបស់ខ្លួននៅអាយុ ៤០ ឆ្នាំ។
ជាអកុសល ពីរឆ្នាំក្រោយរៀបការ នាងដឹងថាខ្លួនកើតមហារីកលំពែង។ ខណៈពេលនេះ ជំងឺមានសភាពធ្ងន់ធ្ងរបាត់ទៅហើយ កោសិកាមហារីកបានរាលដាលដល់ តម្រងនោម ថ្លើមនិងពោះបាត់ទៅហើយ។ សុខភាពរបស់ Jaqueline ធ្លាក់ចុះអន់ខ្សោយជាទីបំផុត។ នាងបានលាចាកលោកក្នុងឆ្នាំ ២០១២ ក្នុងអាយុ ៤៥ ឆ្នាំ។
Ng Man Tat៖ អាយុ ៦០ ឆ្នាំ នៅតែទូលរែកទំនួលខុសត្រូវគ្រួសារ
រំលឹកដល់ ទិន ហ្វី មនុស្សជាច្រើននឹងគិតភ្លាមទៅកាន់ Ng Man Tat។ ពួកគេត្រូវបានគេវាយតម្លៃថាជាតារាសម្ដែងមួយគូដែលលេងរឿងស្គាល់ចិត្តគ្នាជាងគេក្នុងវិស័យភាពយន្តហុងកុង។ ប្រមាណ ១០ឆ្នាំក្រោយនេះ ចំណងមិត្តភាពរបស់ពួកគេលែងស្និទ្ធស្នាលដូចមុន ដោយសារតែ Man Tat មិនពេញចិត្តរបៀបធ្វើការរបស់ស្ដេចកំប្លែងហុងកុង។
មិនបានចែករំលែកពីរឿងជីវិតរបស់ខ្លួនច្រើន តែអ្នកនៅក្នុងរង្វង់សិល្បៈសុទ្ធតែដឹងថា តារាសម្ដែងជើងចាស់រូបនេះរស់នៅដោយខ្វះលុយកាក់និងការហូបចុក។
ខែមេសា ឆ្នាំ ២០១៤ លោកត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅពេលដែលគាត់ពិបាកដកដង្ហើម។ កំឡុងពេលនោះ មានពាក្យចចាមអារ៉ាមថា លោកបានបាត់បង់ជីវិតដោយសារជំងឺ ក្រោយមកលោកត្រូវចេញមុខមកបកស្រាយពីរឿងនេះ។ លោកបានទទួលស្គាល់ថាខ្លួន មានជំងឺ បេះដូង និងសួតតែមិនទាន់ដល់ថ្នាក់ស្លាប់នោះទេ។
ទោះបីជាមានរោគប្រចាំកាយ Man Tat នៅតែត្រូវថតរឿងដោយសារតែទំនួលខុសត្រូវទៅលើគ្រួសារ។ លោកបានឆ្លងកាត់ការរៀបការបីលើកនិងមានកូនប្រាំនាក់។ នៅពេលនេះប្រពន្ធដើមទាំងពីរគឺសុទ្ធតែរស់ដោយសារប្រាក់ចំណូលដ៏តិចតួចរបស់ Man Tat ទាំងអស់។
“ប្រាក់ដែលគាត់ថតរឿងរាប់ឆ្នាំក៏បានត្រឹមតែគ្រប់សងថ្លៃជួលផ្ទះ និងទិញផ្ទះបង់រំលោះឲ្យប្រពន្ធតែប៉ុណ្ណោះ។ អាយុ ៦៣ ឆ្នាំហើយតែគាត់នៅតែត្រូវចិញ្ចឹមកូន ៥នាក់ទៀត នេះមិនមែនជារឿងងាយស្រួលនោះទេ" ប្រភពមួយប្រាប់ទៅកាន់គេហទំព័រ QQ។ ដោយសារហេតុនេះ ទោះបីអាយុខ្ពស់ណាស់ទៅហើយ តែមួយថ្ងៃៗ តារារូបនេះនៅតែទៅអង្វរអ្នកដឹកនាំសម្ដែងចែករំលែកតួសម្ដែង ទោះបីវាជាតួដ៏តូចតាចបំផុត។
Yuen Wah៖ កំពូលតារាក្បាច់គុន ធ្លាក់ខ្លួនឈឺ រស់មួយថ្ងៃគិតមួយថ្ងៃ
Yuen Wah ជាតារារៀមច្បងរបស់វិស័យភាពយន្តរបស់ហុងកុង។ លោកធ្លាប់បានទទួលពានរង្វាន់ខ្ពស់បំផុតក្នុងកម្មវិធីប្រគល់រង្វាន់ Golden Statue ក្នុងឆ្នាំ ២០០៥ ដោយសាររឿង "អ្នកលេងពូថៅហោះ" ដោយទិន ហ្វីជាអ្នកផលិត។ ក្រោយពេលបែរទិសដៅមកសម្ដែងរឿងភាគទូរទស្សន៍វិញ Yuan Wah ក៏នៅតែមានប្រជាប្រិយភាព។ អាចនិយាយបានថា Yuen Wah មិនបានពឹងទៅលើរូបសម្បត្តិស្រស់ស្អាតដើម្បីទទួលបានការគាំទ្រពីទស្សនិកជននោះទេ។ យ៉ាងណាមិញ ភាពល្បីល្បាញរបស់លោកមានភាពខ្លី។ ក្នុងចំណោមតារាដែលមានឈ្មោះក្នុងរឿងរបស់ ទិន ហ្វី លោកជាមនុស្សដែលមានជីវិតក្រលំបាកជាងគេ។
ប៉ុន្មានឆ្នាំចុងក្រោយនេះលោកសឹងតែបាត់មុខទាំងស្រុងនៅលើកញ្ចក់ទូរទស្សន៍។ Yuen Wah បានឲ្យដឹងថា ដោយសារតែជីវិតមានភាពលំបាក បូកផ្សំជាមួយនឹងជំងឺបេះដូង និងសួត លោកសឹងតែមិនអាចសម្ដែងឈុតក្បាច់គុនណាទាំងអស់។ សព្វថ្ងៃនេះ លោករស់នៅដោយប្រាក់ខែដែល TVB ផ្ដល់ឲ្យចំនួន ៣០០ ដុល្លារក្នុងមួយខែ។ គ្មានប្រាក់ចំណូលជាក់លាក់ លោកត្រូវជួលផ្ទះនៅតំបន់សម្រាប់ជនក្រីក្រ នៅហុងកុង។
“មានតារាស្រករក្រោយបានវេចបង្វេចទៅរកលុយនៅចិនដីគោកអស់ហើយ ពួកគេបានប្រាប់ខ្ញុំថាប្រាក់ចំណូលនៅទីនោះខ្ពស់ជាងនៅ TVB។ មានអ្នកហៅខ្ញុំទៅសម្ដែងដែរ តែសុខភាពខ្សោយ ខ្ញុំដឹងខ្លួនឯងមិនអាចទ្រាំរួចនោះទេ។ ខ្ញុំនៅតែថតឈុតគ្រោះថ្នាក់តែបានតែតិចតួចប៉ុណ្ណោះ។ ជីវិតពិតជាមិនមែនរឿងងាយស្រួលនោះទេ" លោករ៉ាយរ៉ាប់៕
ចុចអាន៖តារាហុងកុងល្បីៗ ៦រូបដែលសម្ដែងរឿងវាយតប់ទាំងមិនចេះក្បាច់គុន
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ បរទេស