៤ ជំហាន​នាំ​អ្នក​ធ្វើ​ដំណើរ​តាំង​ពី​ព្រលាន​ដល់​ប្រទេស​គោលដៅ​យ៉ាង​សុវត្ថិភាព

  • 2015-10-04 20:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​មាន​នីតិវិធី​ស្មុគស្មាញ​ និង​អាច​ចាត់​ទុក​ថា​ជា​រឿង​ដ៏​ឈឺក្បាល​​មួយ​សម្រាប់​អ្នក​មិន​សូវ​មាន​បទពិសោធន៍​ឬ​ធ្វើ​ដំណើរ​ជា​លើក​ដំបូង។ ប៉ុន្តែ​មើល​តាម​ការ​ណែនាំ​របស់ Sabay នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​កាន់​តែ​មាន​ទំនុក​ចិត្ត ពេល​ត្រូវ​ធ្វើ​ដំណើរ​​តាម​យន្តហោះ​​មិនថា​ដើម្បី​​បំពេញ​ការងារ​ឬ​ការ​កម្សាន្ត​ផ្សេងៗ។

 

​ខាងក្រោម​ជា​ព័ត៌មាន​សំខាន់ៗ​​ដែល​​ប្រិយមិត្ត​ត្រូវ​ដឹង​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ។

 

ដំណាក់កាល​ទី​១ ត្រៀម​និង​រៀបចំ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ជា​ចាំបាច់​៖

 

 

សំបុត្រ​​ធ្វើ​ដំណើរ (សំបុត្រ​យន្តហោះ)៖  ជាចាំបាច់​អ្នក​ដំណើរ​ត្រូវ​មាន​សំបុត្រ​យន្តហោះ បើ​មិន​ដូច្នោះទេ​មិន​អាច​ធ្វើ​ដំណើរ​បានទេ។ សំបុត្រ​យន្តហោះ ​អ្នក​អាច​ស្វែង​រក​នៅ​ក្រុមហ៊ុន​អាកាសចរ​ដែល​អ្នក​​ត្រូវ​ជិះ​ធ្វើ​ដំណើរ ឬ​តាម​ទី​ភ្នាក់ងារ​ទេសចរ​ផ្សេងៗ​តាម​តម្រូវការ។

 

អ្នក​ធ្វើដំណើរ​តម្រូវ​ឲ្យ​រក្សា​ទុក​នូវ​សំបុត្រ​ធ្វើដំណើរ​នៅ​ជាប់​ខ្លួន​​តាំង​ពី​ចាប់ផ្ដើម​ដល់​ទី​បញ្ចប់​នៃ​ការ​ធ្វើ ដំណើរ ព្រោះ​វា​ត្រូវ​ប្រើ​សម្រាប់​ឆែក​សំបុត្រ​ចូល​ព្រលាន និង​គោលបំណង​អន្តោប្រវេសន៍។

 

-លិខិត​ឆ្លង​ដែន៖  អ្នក​ធ្វើដំណើរ​ទាំងអស់​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា លិខិត​ឆ្លងដែន​របស់​ខ្លួន មាន​សុពលភាព​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦​ខែ គិត​ត្រឹម​ថ្ងៃ​ធ្វើដំណើរ។

 

អ្នក​ធ្វើដំណើរ​តម្រូវ​ឲ្យ​មាន​លិខិត​ឆ្លងដែន​ដែល​មាន​សុពលភាព​សម្រាប់​ការ​ធ្វើដំណើរ​ជា​អន្តរជាតិ ក្នុង​កំឡុង​ពេល​ធ្វើដំណើរ ព្រោះ​អ្នក​ត្រូវ​បង្ហាញ​លិខិត​ឆ្លងដែន​នៅ​បញ្ជរ​ឆែកសំបុត្រ និង​អន្តោប្រវេសន៍។ មាន​ប្រទេស​មួយ​ចំនួន​ត្រូវការ​សុពលភាព​នៃ​លិខិត​ឆ្លងដែន​មាន​រយៈពេល​វែង​ជាង​រយៈពេល​ធ្វើ​ដំណើរ​ទៅទៀត។ ដូច្នេះ ត្រូវតែ​ឆែក​នូវ​កាលបរិច្ឆេទ​នៃ​សុពលភាព​លិខិត​ឆ្លងដែន ជា​ប្រចាំ​ដែល​ជា​តម្រូវការលិខិតឆ្លងដែន នៃ​ប្រទេស​ដែល​អ្នក​ត្រូវ​ធ្វើដំណើរ​ទៅ។

 

ទិដ្ឋាការ៖  ទិដ្ឋាការ ជា​ការ​អនុញ្ញាត​សម្រាប់​បុគ្គល​មិនមែន​សញ្ជាតិ ធ្វើដំណើរ​ទៅ​ប្រទេស​ជាក់លាក់​ណាមួយ។ ដើម្បី​ស្វែង​យល់ថា​តើ​អ្នក​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ​ទៅ​កាន់​ប្រទេស​ណាមួយ​នោះ​ដែរ​ឬ​ទេ សូម​ឆែក​មើល​ព័ត៌មាន អំពី​ប្រទេស​ដែល​អ្នក​ចង់​ទៅ​ជាក់លាក់​នោះ។

 

បើ​សិន​ត្រូវ​​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​ដែល​មិន​ចាំបាច់​សុំ​ទិដ្ឋា​ការ អ្នក​ធ្វើ​ដំណើរ​ត្រូវ​ស្វែង​យល់ថា​ប្រទេស​ទាំងនោះ​អាច​អនុញ្ញាត​ឲ្យ​យើង ស្នាក់​នៅ​ជា​លក្ខណៈ​ទេសចរ ឬ​ជំនួញ​បាន​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ។ យើង​អាច​ស្វែងយល់​ពី​រយៈពេល​ដែល​ស្នាក់នៅ​បាន តាម​រយៈ​ស្ថានទូត​របស់​ប្រទេស​នោះ។

 

តែ​បើ​យើង​ទទួល​បាន​ប្រភេទ​ទិដ្ឋាការ​ស្នាក់នៅ​រយៈ​ពេល​វែង​ដូចជាៈ​ ទិដ្ឋាការ​សិក្សា,​ការងារ​​,​ ឬ​រស់នៅ​ជា​អចិន្ត្រៃយ៍​ អ្នក​ធ្វើដំណើរ​ទាំងអស់​អាច​ទិញ​សំបុត្រ​តែមួយ​ជើង​ទៅ​បាន (One Way Ticket)​ តែ​អ្នក​ធ្វើ​ដំណើរ​ត្រូវ​ភ្ជាប់​មក​នូវ​ឯក​សារ​​​យោង​មួយ​ចំនួន​ដែល​ បញ្ជាក់​ពី​ការ​ស្នាក់នៅ​របស់​ខ្លួន​ពេល check in នៅ​ព្រលាន​យន្ត​ហោះ​នៃ​កន្លែង​ចេញ​​ដំណើរ និង​ពេល​ទៅ​ដល់។

 

ក្រៅ​ពី​បី​ចំណុច​៣​សំខាន់ៗ​ ដែល​ជា​ឯកសារ​ចាំបាច់​សម្រាប់​ធ្វើដំណើរ​តាម​យន្ត​ហោះ នៅ​មាន​ឯកសារ​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត​ដែល​អ្នក​ធ្វើដំណើរ ត្រូវ​ភ្ជាប់​ជាមួយ​ខ្លួន​ក្នុង​​ករណី​ដែល​មាន​ការ​សួរនាំ​ដូចជាៈ ការ​កក់​សណ្ឋាគារ, តារាង​កាលវិភាគ ឬ​កន្លែង​ទេសចរ​ដែល​នឹង​ត្រូវ​ដើរ​កម្សាន្ត ឬ​អ្នកធានា​ពី​ការ​ធ្វើដំណើរ​ជា​ដើម។

 

ដំណាក់​កាល​ទី​ពីរ នៅ​ព្រលាន​យន្តហោះ

 

ជា​ការ​ផ្តល់​យោបល់ សម្រាប់​អ្នក​ធ្វើដំណើរ​ការ​មក​ដល់​ព្រលាន​យន្តហោះ​ទាន់​ពេល​វេ​លា​ជា​រឿង​ សំខាន់ ដូច្នេះ​ដើម្បី​ជៀសវាង​បញ្ហា​យឺតយ៉ាវ ឬ​ការ​ខក​ជើង​យន្តហោះ​ដោយ​ប្រ​ការ​ណាមួយ អ្នក​ធ្វើដំណើរ​ទាំងឡាយ​គួរ​លៃ​ពេលវេលា នៃ​ការ​មកដល់​ព្រលាន​យន្តហោះ​ឲ្យបាន​យ៉ាង​តិច​​ ៣ម៉ោង​មុន​ម៉ោង​ចេញ​ដំណើរ សម្រាប់​ការ​ហោះហើរ​ជា​លក្ខណៈ​អន្តរជាតិ និង​យ៉ាង​តិច ២ ម៉ោង​មុន​​​នៃ​​​ម៉ោង​ចេញ​ដំណើរ​សម្រាប់​ការ​ហោះហើរ​ក្នុង​ស្រុក។

 

នៅ​ព្រលាន​ត្រូវ​ដឹង​ពី​នីតិវិធី​អី​ខ្លះ

 

 

@ Check-in៖ Check in ដើម្បី​ថ្លឹង​អីវ៉ាន់​សម្រាប់​ផ្ញើ និង​យក Boarding Pass ដើម្បី​ឡើង​យន្តហោះ និង​លេខ​កៅអី​សម្រាប់​អង្គុយ។ ពេល check in បុគ្គលិក check in ឬ​បុគ្គលិក​អាកាសចរ​នឹង​ប្រាប់​ពី​វត្ថុ​ដែល​អាច​ផ្ញើ ឬ​យក​តាម​ខ្លួន​បាន​​ និង​វត្ថុ​ដែល​ត្រូវ​ហាម​ឃាត់​​​ក្នុង​ការ​យក​ឡើង​យន្តហោះ។ ប្រសិន​បើ​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​រក​ឃើញ​វត្ថុ​ដែល​អាច​មាន​ គ្រោះថ្នាក់ ឬ​ហាមឃាត់, ភ្នាក់ងារ​សន្តិសុខ​ព្រលាន​នឹង​ទាក់ទង​ទៅ​ម្ចាស់​ឥវ៉ាន់។

 

ជាទូទៅ​របស់​របរ​ដែល​ធ្វើ​ពី​ដែក មាន​ភាព​មុត​ស្រួច ដូចជា​កាំបិត, កន្ត្រៃ​កាត់​ក្រចក,​ កន្ត្រៃ របស់​ដែល​អាច​មាន​ជាតិ​ឆេះ ដែក​កេស, ឈើគូស និង​របស់​ផ្សេងៗ​ដែល​អាច​បង្ហាញ​ថា​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ផ្សេងៗ​ទៀត ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ការ​យក​ឡើង​​យន្ត​​ហោះ។​ លើស​ពី​នេះ​ទៅ​ទៀត​ដោយ​យោង​តាម​អង្គការ​អាកាសចរ​អន្តរជាតិ (ICAO)​,​​ វត្ថុ​ដែល​មាន​ជាតិ​ទឹក, ស្រ្ពៃយ៍ ឬ​ជែល​ (Gel/ Aerosol) ដែល​មាន​ចំណុះ​លើស​ពី 100ml ក្នុង​មួយ​បំពង់​ឬ​មួយ​ដប ក៏​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ការ​យក​តាម​ខ្លួន​ផង​ដែរ។

 

ទាក់ទង​អីវ៉ាន់​ដាក់​ថ្លឹង របស់​អ្នក​ធ្វើដំណើរ​នីមួយៗ​ត្រូវ​បាន​បញ្ជាក់​នៅ​លើ​សំបុត្រ​យន្តហោះ​។ បើ​សិន​ជា​មាន​ករណី​លើស​ពី​ទម្ងន់​ដែល​បាន​កំណត់ អ្នក​ធ្វើដំណើរ​ម្នាក់ៗ អាច​នឹង​ប្រឈម​មុខ នឹង​ការ​បង់​ប្រាក់​សម្រាប់​អីវ៉ាន់​ដែល​បាន​លើស។ ចំណែក​ឯ​តម្លៃ នៃ​ឥវ៉ាន់​ដែល​លើស​ វា​អាស្រ័យ​ទៅ​តាម​គោលដៅ​ដែល​ត្រូវ​ទៅ​​ និង​តាម​តម្លៃ​របស់​ក្រុមហ៊ុន​និមួយៗ​ដែល​បាន​កំណត់។

 

សម្រាប់​ទម្ងន់​នៃ​អីវ៉ាន់​ដាក់​ថ្លឹង និង​ឥវ៉ាន់​យួរ​ជាប់​ខ្លួន​គឺ​វា​អាស្រ័យ​ទៅលើ​គោល​ការណ៍ របស់​ក្រុមហ៊ុន​អាកាសចរ​ផ្សេងៗ​គ្នា ដោយ​ផ្អែក​ទៅ​លើ​ប្រភេទ​សំបុត្រ និង​គោល​ដៅ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ។

 

@ បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​សម្រាប់​ធ្វើ​ដំណើរ៖  ​អ្នកដំណើរ​ទាំងអស់​ត្រូវ​បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​សម្រាប់​ការ​​ធ្វើ​​ដំណើរ​ដូចជា សលាកបត្រ​ចេញ​ដំណើរ សម្រាប់​មន្ត្រី​អន្តោប្រវេសន៍​នៅ​ច្រកចេញ​ដំណើរ ​សលាកបត្រ​ពេល​ទៅ​ដល់​សម្រាប់​មន្ត្រី​អន្តោប្រវេសន៍ សលាកបត្រ​គយ​,​ និង​សលាកបត្រ​សុខភាព​ (អាស្រ័យ​ទៅតាម​ព្រលាន​យន្តហោះ​និមួយៗ)។ សម្រាប់​ជើង​ហោះហើរ​អន្តរជាតិ អ្នក​ត្រូវ​តម្រូវ​ឲ្យ​បំពេញ​និង​បង្ហាញ​ឯកសារ​មកដល់ ឬ​ចាកចេញ​នៅ​បញ្ជរ​អន្តោប្រវេសន៍។

 

សម្រាប់​ការ​ចេញ​ដំណើរ​ពី​ព្រលាន​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា ទម្រង់​បែបបទ​បញ្ជាក់​អំពី​ការ​មក​ដល់ឬ​ក៏​ការ​ចាកចេញ​មាន​នៅ​ឯ​ព្រលាន​យន្តហោះ មុន​ពេល​ចូល​ទៅ​ដល់​បញ្ជរ​អន្តោប្រវេសន៍។ សម្រាប់​ការ​មក​ដល់​ប្រទេស​កម្ពុជា អ្នក​នឹង​ត្រូវ​បាន​គេ​ចែក​ជូន​នូវ​ទម្រង់​បែបបទ​នេះ​មុនពេល​ធ្វើការ​ហោះហើរ​នៅ​ឯ​បញ្ជរ​ឆែក សំបុត្រ ឬ​នៅ​ក្នុង​អំឡុង​ពេល​កំពុងហោះហើរ។

 

@ ត្រួត​ពិនិត្យ​សុវត្ថិភាព៖ អ្នក​ដំណើរ​នឹង​ឆ្លង​កាត់​បញ្ឈរ​ត្រួតពិនិត្យ និង​ត្រូវ​​ស្នើ​​យក​​សម្ភារៈ​ជាប់​​ខ្លួន​ទាំង​អស់​មាន​ដូចជា​​ស្បែក​ជើង កាបូប​លុយ ទូរសព្ទ​ នាឡិកា​ ខ្សែ​ក្រវ៉ាត់ និង​វត្ថុ​​ប្រើ​ប្រាស់​ដទៃ​ទៀត​ដើម្បី​​ត្រួតពិនិត្យ​ក្រែង​លោ​មាន​ដាក់​របស់​ហាមឃាត់​​​ដែល​អាច​បង្ក​គ្រោះថ្នាក់​ក្នុង​ពេល​​ជិះ​​ធ្វើ​ដំណើរ។

 

@ ស្វែងរក​ច្រក​ចេញ​ដំណើរ៖ បន្ទាប់​មានការ​ត្រួតពិនិត្យ​រួចរាល់ អ្នក​អាច​​ធ្វើដំណើរ​ឆ្ពោះ​​ទៅ​កាន់​ច្រក​ចេញ​ដំណើរ (Gate) ដែល​សរសេរ​នៅ​លើ​សំបុត្រ​យន្តហោះ​ និង​​​រង់ចាំ​ពេល​គេ​ប្រកាស​សម្រាប់​ការ​ចេញ​ដំណើរ​​ទៅ​គោលដៅ​ដែល​អ្នក​បាន​​កំណត់។

 

ដំណាក់​កាល​ទី ៣៖ នៅ​លើ​យន្តហោះ

 

 

@ កន្លែង​អង្គុយ៖ លេខ​កៅអី​របស់​អ្នក​ត្រូវ​បាន​សរសេរ​នៅ​លើ​ប័ណ្ណ​ឡើង​ជិះ​យន្តហោះ។ សូម​អង្គុយ​ស្វែង​រក​តាម​កន្លែង​ដែល​បាន​កំណត់។

 

@ ឥវ៉ាន់៖ ឥវ៉ាន់​យួរដៃ​របស់​អ្នក​ត្រូវ​តែ​រក្សា​ទុក​នៅ​ខាង​ក្រោម​កៅអី​នៅ​ចំ​ពី​មុខ​អ្នក​ឬ​ដាក់ទុក​នៅ​ក្នុង​ខ្លុប​នៅ​ពី​លើ​ក្បាល​​របស់​អ្នក។

 

ដំណាក់​កាល​ទី ៤ ៖ មក​ដល់​គោលដៅ​ប្រទេស​ធ្វើ​ដំណើរ

 

 

ពេល​អ្នក​ធ្វើ​ដំណើរ​មក​ដល់​ព្រលាន​យន្តហោះ​ប្រទេស​គោលដៅ អ្នក​ដំណើរ​​​នឹង​ទទួល​ការ​ពិនិត្យ​អន្តោប្រវេសន៍។ ក្រោយ​ពិនិត្យ​រួច​រាល់​​និង​គ្មាន​បញ្ហា​ ​អ្នកអាច​ទៅ​ស្វែង​រក​ឥវ៉ាន់​ដែល​ដាក់​តាម​យន្តហោះ​ (ករណី​ដែល​អ្នក​យក​វ៉ាលិស​មក​ជាមួយ)។ ចុងក្រោយ​ ជាពេលវេលា​ដ៏​រីករាយ​​សម្រាប់​ដំណើរ​ឆ្លង​ប្រទេស​ដែល​អ្នកដំណើរ​​បាន​កំណត់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ណា​មួយ​ដោយ​សុវត្ថិភាព​​​។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា