ក្ដារចុច​ឆ្លាត​វៃ​បន្ថែម​មុខងារ​ថ្មី​ទស្សន៍ទាយ​ពាក្យ​ដាក់​ប្រើ​ជា​ផ្លូវការ

  • 2015-10-07 14:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អភិវឌ្ឍ​ក្តារចុច​ឆ្លាត​វៃ​​របស់​​​លោក​គ្រុយ វណ្ណា បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្តារចុច​ឆ្លាត​វៃ​ជំនាន់​ថ្មី​​ដែល​បាន​បន្ថែម​មុខងារ​ទស្សន៍ទាយ​ពាក្យ​ ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់អក្សរ​ខ្មែរ​​កាន់​តែ​ងាយស្រួលថែម​ទៀត។

 

 

លោក គ្រុយ វណ្ណា​ ដែល​បាន​អភិវឌ្ឍ​ក្តារ​ចុច​ឆ្លាត​វៃ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​អភិវឌ្ឍន៍​អស់​រយៈ​​ពេល​​ជាង​ប្រាំ​ខែ លោក​​បាន​ដាក់​ឲ្យ​ប្រើប្រាស់​​ក្ដារចុច​ឆ្លាត​វៃ​ជំនាន់​ថ្មី​ ដែល​​អាច​ទស្សន៍ទាយ​ពាក្យ​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​​លើ​​ឧបករណ៍​​នានា​កាន់​តែ​ងាយស្រួល​។

 

លោក​បញ្ជាក់​​​ថា​ ក្តារ​ចុច​ជំនាន់​ថ្មី​នេះ​ នៅ​ពេល​អ្នក​ប្រើប្រាស់​វាយ​ពាក្យ​អ្វីមួយ ​វា​នឹង​លោត​ចេញ​ជា​ពាក្យ​ដែល​អ្នក​ប្រើប្រាស់​ចង់​វាយ​តែ​ម្តង។

 

"ឧទាហរណ៍​បើ​សិន​យើង​វាយ​អក្សរ​ “ក” វា​នឹង​​បង្ហាញ​នូវ​ពាក្យ​មួយ​ចំនួន​ដូច​ជា​ “ការ”​ “ក្នុង”​ ឬ “ក្រុម”។ ចំពោះ​ការ​ទស្សន៍ទាយ​ពាក្យ​ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​វាយ​ពាក្យ​អ្វី​មួយ ​វា​នឹង​បង្ហាញ​នូវ​ពាក្យ​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​ចង់​វាយ​បន្ទាប់។ ដូច​ជា​ពាក្យ​ “ផ្សារ”​ វា​នឹង​បង្ហាញ​ពី​ឈ្មោះ​ផ្សារ​មួយ​ចំនួន​ “ផ្សារអ៊ីអន” “ផ្សារ​ធំថ្មី” ជា​ដើម"។

 

 

ប្រិយមិត្ត​ប្រើប្រាស់​មួយ​ចំនួន​បាន​ដឹង​រួច​មក​ហើយ​ការអភិវឌ្ឍន៍​ក្តារចុច​ឆ្លាត​វៃ​របស់​លោក​គ្រុយ វណ្ណា ដែល​ជួយ​ឲ្យ​ការ​​ប្រើ​អក្សរ​ខ្មែរ​នៅ​លើ​ទូរសព្ទ កាន់​តែ​មាន​ភាព​ងាយ​ស្រួល​និង​រហ័ស​ជាង​មុន។ ឥឡូវ​ក្រុម​ការងារ​របស់​លោកបាន​អភិវឌ្ឍ​​ការ​ចុច​ជំនាន់​ថ្មី​ដោយ​បន្ថែម​មុខងារ​ទស្សន៍ទាយ​ពាក្យ​និង​​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​នេះ។

 

លោក​គ្រុយ​ វណ្ណា​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្តារចុចឆ្លាត​វៃ​ជំនាន់​ថ្មី​ដែល​មាន​ភ្ជាប់​មុខងារ​ទស្សន៍ទាយ​ពាក្យ​អាច​ប្រើ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android។ សម្រាប់​​នៅ​លើ iOS អាច​ដាក់​ដំណើរការ​នៅ​ចុង​ខែ​តុលា​នេះ។

 

ប្រិយមិត្ត​អាច​ទាញ​យក​បាន​តាម​រយៈ​តំណ​ភ្ជាប់​នេះ​ http://goo.gl/fdzO4x សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​​ដែល​មាន​ Version ចាប់​ពី​ Android 4.0 (Ice Cream Sandwich)។

 

អត្ថបទ៖ រក្សា