ទិដ្ឋភាព​ទីលាន​ហែល​ទឹក​ស្តង់ដារ​អន្តរជាតិ​តម្លៃ​ជិត ២​លាន​ដុល្លារ​នៅ​កំពង់ចាម

  • 2015-10-08 22:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលាន​ហែល​ទឹក​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ​ដែល​​ចំណាយ​ប្រាក់​សាងសង់​អស់​ប្រមាណ ១​លាន ៨​សែន​ដុល្លារ​មាន​ឈ្មោះ​ថា «មណ្ឌល​កីឡា​ហែល​ទឹក​តេជោ​សែន» ក្នុង​ខេត្ត​កំពង់ចាម បាន​សម្រេច​ការ​សាងសង់​​រួចរាល់១០០​ភាគ​រយ​ហើយ ដោយ​រង់​ចាំ​តែ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ដើម​ខែ​ធ្នូ​ប៉ុណ្ណោះ។

 

 

លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​​ហែល​ទឹក​កម្ពុជា​បាន​ប្រាប់ Sabay ថា៖ «​បាទ! បើ​និយាយ​ទៅ សំណង់​ទីលាន​ហែល​ទឹក​នៅ​កំពង់ចាម​នេះ​រួច​រាល់ ១០០​%​ហើយ... នៅ​សល់​​តែ​​ការ​កែកុន​កន្លែង​ណា​មិន​សម ឬ​បំពេញ​ចន្លោះ​ខ្វះ​ខាត​តិច​តួច​ប៉ុណ្ណោះ»។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ទីលាន​ហែល​ទឹក​ដ៏​ធំ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ​ខាង​​មុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន។

 

សហព័ន្ធ​កីឡាហែល​ទឹក​ក៏​បាន​រៀប​ចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​ហែល​ទឹក​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន លើក​ទី​១ ​រយៈ​ពេល ៣ថ្ងៃ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី២ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​បើក​សម្ពោធ​ទីលាន​ហែល​ទឹក​តែ​ម្ដង។

 

កីឡាករ-កីឡា​ការិនី​មក​ពី​គ្រប់​ក្លិប​ទូទាំង​ប្រទេស​នឹង​ត្រូវ​ប្រកាស​ឲ្យ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ។ ចំណែក​កីឡាករ ហែម​ថុន ពន្លឺ និង កីឡា​ការិនី ហែម​ថុន វិទិនី ដែល​ទៅ​ហ្វឹក​ហាត់​នៅ​ថៃ​មួយ​ឆ្នាំ​កាល​ពី​​ដើម​ខែ​កញ្ញា នឹង​ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​រួម។ លោក ហែម គីរី បាន​បញ្ជាក់​​ថា ការ​ប្រកួត​នេះ នឹង​ត្រូវ​រៀប​ចំ​រៀង​រាល់​ឆ្នាំ​នៅ​មណ្ឌល​កីឡា​ហែល​ទឹក​តេជោ​សែន​ខេត្ត​កំពង់ចាម៕

 

​ទស្សនា​ទិដ្ឋភាព​​ទីលាន​ហែល​ទឹក​ដែល​ទើប​សាង​សង់​រួច៖

 

 

 

 

 

​​​​​​​​អត្ថបទ៖ គង់ វិសាល រូប​ភាព៖ ផ្ដល់​ឲ្យ