ផលិត​ករ​រឿង "វិញ្ញាណ​លោក​ម្ចាស់​គ្រញូង" គ្រោង​ផលិត​​រឿង​ខ្មាត​ធំ​នាំ​ចូល​ទីផ្សារ​អន្តរជាតិ​ដើម​ឆ្នាំ​២០១៥!

  • 2014-10-18 15:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី ពាន់ ភួង​បុប្ផា ម្ចាស់​ផលិត​រឿង "វិញ្ញាណ​លោក​ម្ចាស់​គ្រញូង" គ្រោង​ផលិត​ខ្សែ​ភាពយន្ត​នាំ​ចូល​ទីផ្សារ​អន្តជាតិ​​នៅ​ដើម​ឆ្នាំ​២០១៥​ខាង​មុន។

 

ការ​ផលិត​នេះ​ខណៈ​ខ្សែ​ភាពយន្ត​ស្នាដៃ​ចុង​ក្រោយ​របស់​អ្នក​ស្រី​រឿង "វិញ្ញាណ​លោក​ម្ចាស់​ក្រញូង" ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​លំដាប់​អន្តរជាតិ Major Cineplex By Cellcard ថ្ងៃ​ទី ២៣ ខែ​តុលា​នេះ។

ផលិតករ​ល្បី​ឈ្មោះ​អ្នក​ស្រី ពាន់ ភួង​បុប្ផា និយាយ​ថា៖"យើង​ត្រៀម​រួច​រាល់​អស់​ហើយ ដោយ​សហការ​​ជា​មួយ​ផលិតកម្ម​ LD។ គាត់​ផ្នែក​បច្ចេកទេស ឯ​ខាង​ខ្ញុំ​ផ្នែក​សាច់​រឿង"។

 

 

ខ្សែ​ភាពយន្ត​​ផលិត​​ត្រៀម​នាំ​ចូល​ទីផ្សារ​អន្តរជាតិ​ផលិតករ​រូប​នេះ​មិន​ទាន់​បង្ហើប​ពី​ចំណង​ជើង​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ​អ្នក​ស្រី​បាន​ប្រាប់​ពី​សាច់​រឿង​ខ្លះៗ គឺ​ទាក់ទង​ទៅ​នឹង​ការ​ស៊ើបអង្កេត។ រឿង​បែប​ស៊ើបអង្កេត​របស់​អ្នក​ស្រី​​មាន​ភាព​ប្លែង​ពី​ត្រង់​ខ្មោច​ជា​អ្នក​ដាក់​ពាក្យ​បណ្ដឹង មិន​មែន​ជា​មនុស្ស​ដូច​ខ្សែ​ភាពយន្ត​ដទៃ​ឡើយ។

 

 

ដើម​ទុន​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​ខាង​លើ​​ត្រូវ​ម្ចាស់​ពាន​អាណាចក្រ​តារា​ពីរ​ម្នាក់​ឯង​ក្នុង​ឆ្នាំ​២០១៣​កន្លង​ទៅ​ប្រាប់​ថា អាច​នឹង​ក្បែរ ឬ​លើស​២០​ម៉ឺន​ដុល្លារ។

 

 

អ្នក​ស្រី​បន្ត​ថា មូលហេតុ​នាំ​​ឱ្យ​អ្នក​ស្រី​ផលិត​ខ្សែ​ភាពយន្ត​នាំ​ចូល​ទីផ្សារ​អន្តរជាតិ​ ក៏​ព្រោះ​តែ​​ខ្សែ​ភាពយន្ត​ខ្មែរ​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​ទស្សនា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ម្យ៉ាង​ទៀត​ការ​​ផលិត​នេះ​ក៏​ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​​ផលិតករ​ខ្មែរ អាច​ផលិត​ខ្សែ​ភាពយន្ត​ល្អៗ​មិន​ចាញ់​បរទេស​នោះ​ទេ។

 

 

យ៉ាង​ណា​ក៏​ដោយ​គម្រោង​នេះ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ ដោយ​អ្នកស្រី​​រង់​ចាំ​មើល​ខ្សែ​ភាពយន្ត​ខ្មែរ​មួយ​គឺ​រឿង "ស្បែក​គង់" របស់​ផលិតកម្ម Angkor Picture កំពុង​តែ​បញ្ចាំង​នៅ​ទីផ្សារ​ប្រទេសថៃ អាច​ជោគជ័យ​ឬ​យ៉ាង​ណា។

 

 

“យើង​រង់​ចាំ​មើល​ទីផ្សារ​រឿង ស្បែក​គង់ នៅ​ថៃ​សិន បើ​យើង​ជោគជ័យ​នឹង​ផលិត​រឿង​នេះ តែ​បើ​មិន​សូវ​ជា​ជោគជ័យ​ទេ យើង​ផលិត​ត្រឹម​តែ​ទីផ្សារ​ក្នុង​ស្រុក​ដោយ​ចាយ​ទុន​ត្រឹម ៦​ទៅ៧​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ"។ អ្នក​ស្រី ពាន់ ភួង​បុប្ផា​បន្ថែម។

 

 

ជា​លើក​ទី​មួយ​ហើយ​សម្រាប់​អ្នក​ស្រី ពាន់ ភួង​បុប្ផា មាន​គំនិត​ផលិត​ខ្សែ​ភាពយន្ត​នាំ​ចូល​ទីផ្សារ​អន្តរជាតិ។ អ្នក​ស្រី​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​ទស្សនិកជន​អំឡុង​ផលិត​​ខ្សែ​ភាពយន្ត​ឱ្យ​ស្ថានីយ​ទូរទស្សន៍ CTN។ កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ឈ្នះ​ពាន​ជា​បន្តបន្ទាប់​ពី​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​ទី១ និង​ឆ្នាំ​ទី២​កន្លង​ទៅ៕

អានអត្ថបទបន្ត៖“វិញ្ញាណ​លោក​ម្ចាស់​គ្រញូង” មើល​តែ​ឈុត​ក្រៅ​ឆាក ក៏​ទំនង​បាត់​ហើយ!

អានអត្ថបទបន្ត៖មើល Trailer “វិញ្ញាណ​លោក​ម្ចាស់​ក្រញូង” ត្រៀម​នឹង​បញ្ចាំង​នៅ Major Cineplex By Cellcard!

អានអត្ថបទបន្ត៖នេះ…! គឺ​ភាពយន្ត​ខ្មែរ​ដំបូង​គេ ដែល​និយាយ​អំពី​ទឹក​ភ្នែក​ឈើ​ព្រៃ

អត្ថបទ៖ អ៊ីង សុឡា

 

 

អត្ថបទពេញនិយម