អូ! ចឹងតើ ទើបបុរសមិនទាន់ឆាប់រៀបការ ទុកស្រីស្អាតខកចិត្តទទេ
- 2015-10-22 17:49:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូ! ចឹងតើ ទើបបុរសមិនទាន់ឆាប់រៀបការ ទុកស្រីស្អាតខកចិត្តទទេ
ចន្លោះមិនឃើញ
បុរសសម័យអ៊ីនធឺណែត ទោះជាមានសង្សារស្រលាញ់គ្នារាប់ឆ្នាំហើយក្ដី ខ្លះមិនទាន់ឆាប់រៀបការភ្លាមៗទេ ហើយខ្លះទៀត ក៏មិនសូវនឹកនាចង់បានប្រពន្ធកូនអីដែរ សុខចិត្តធ្វើខ្លួនជាកំលោះចាស់។
តើមានអាថ៌កំបាំងអីពីក្រោយទេដឹង ទើបបុរសរូបរាងសង្ហារទាំងនោះមិនទាន់ចង់ឆាប់រៀបការ ទុកឲ្យនារីស្អាតៗខកចិត្តរង់ចាំយូរទទេអីចឹង? ឬមួយពួកគេជាចេក?
រូបតំណាង
ទាក់ទិនរឿងនេះ កំលោះ សោម ចាន់ណា អាយុ ២៥ ឆ្នាំ បុគ្គលិកបម្រើការងារនៅក្រុមហ៊ុន Wing បានប្រាប់ថា មនុស្សប្រុសតាមពិតពេលចាប់ចិត្តនារីណាម្នាក់ ក្នុងចិត្តក៏គិតថា ចង់រៀបការឆាប់ៗដែរ តែបញ្ហាត្រង់អត់លុយចូលស្ដីដណ្ដឹងកូនគេតែម្ដង មិនមែនមកពីចេកអីទេ គឺចេះស្រលាញ់ស្រីដូចតែគេដែរហ្នឹង។
លោក និយាយផងសើចផងថា ៖ "អ្នកណាទៅចង់នៅលីវយូរ ចង់បានប្រពន្ធកូនដូចតែគេដែរហ្នឹង តែធ្វើម៉េច បើយើងអត់លុយ។ សព្វថ្ងៃដឹងលឺស្រាប់ហើយ បើចង់ដណ្ដឹងកូនគេទាល់តែមាន ៥ ពាន់ដុល្លារអីដែរ ព្រោះបណ្ណាការកូនស្រីគេថ្លៃៗណាស់។ ដល់តែយើងនេះ ប្រាក់ខែចាយសល់ថ្ងៃសឹងគ្រប់ពេល ដល់ចឹងចេះតែហីៗ អត់រហូតដូចឥលូវចឹងទៅ"។
ងាកមកលោក ទារ សាយ័ន្ត អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ថា រឿងរៀបការមិនមែនថាបុរសមិនចង់គិតគូនោះទេ តែពេលខ្លះមកពីមិនទាន់រកបាននារីណាម្នាក់ដែលអាចដឹកដៃគ្នាចូលរោងការបាន។
លោក បន្តថា អាពាហ៍ពិពាហ៍ក្នុងមួយជីវិតមនុស្សរៀបបានតែម្ដងទេ រើសខុសម្ដងគឺខុសរហូត បើទោះជាប្រុសមែន តែក៏មិនអាចចេះតែរៀបការជាមួយនារីណាងាយៗបានឡើយ។
រូបតំណាង
ចំណែក បុរសរាងស្ដើងខ្ពស់ស្រលះ ដែលគ្រប់គ្នាតែងហៅថា ចិត្រា ទម្លាយថា ជួនកាលបុរសយល់ថា រៀបការធ្វើឲ្យគេបាត់សេរីភាព។ ចិត្រាថា ៖ "កាលនៅកំលោះចង់ដើរហើរដល់ណា ក៏មិនបារម្ភ ហើយលុយរកបាន គឺទុកចាយខ្លួនឯង។ តែពេលមានប្រពន្ធគ្រប់យ៉ាងផ្លាស់ប្ដូរទាំងអស់ ដូចជាប់ច្រវាក់ចឹង"។
ចំពោះ បញ្ញា មកពីក្រុងតាខ្មៅ មានសង្សារទាក់ទងគ្នាជិត៥ឆ្នាំតែក៏នៅមិនទាន់រៀបការ ប្រាប់ថា ថ្វីត្បិតលោករកឃើញនារីក្នុងចិត្ត និង សេពគប់គ្នាយូរមកហើយក្ដី តែលោកមិនទាន់ចង់រៀបការភ្លាមៗទេ ចាំអាយុច្រើនជាងនេះបន្តិចទើបគិតគូ។
លោកបានបង្ហើបពីមូលហេតុថា ព្រោះចង់ស្វែងយល់និងមើលចិត្តគ្នាកាន់តែច្បាស់។ ម្យ៉ាង អតីតនិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្ត្ររូបនេះថា ខ្លួនទើបមានអាយុ២៨ឆ្នាំដែរ គឺក្មេងនៅឡើយសម្រាប់បង្កើតគ្រួសារ ចាំអាយុ៣០ប្លាយអីបានរៀបការល្អជាង ព្រោះប្រាក់កាសក៏នឹងធឹងមានលុយការខ្លួនឯង មិនពឹងឪពុកម្ដាយ រីឯចិត្តគំនិតក៏ចាស់ទុំទៀត។
សម្រាប់សុភាពបុរសដទៃទៀត គិតថានឹងរៀបការនៅអាយុប៉ុន្មានដែរ? ចុះសម្រាប់នារីវិញ អាចចាំបានអត់ បើបុរសថា ទាល់តែ ៣០ប្លាយជាងអីចឹង?
សូមអាន ៖ ស្រីៗយល់បែបណាដែរ ពេលឃើញមិត្តប្រុស និង ស្វាមីដាក់ស្រោមតាមខ្លួន?
អត្ថបទ៖ លឹម សុនា