តារា​ៗ​​ណា​ខ្លះ​ ដែល​ល្បី​តាំងពី​ឪពុកម្ដាយ​ដល់​កូន?

  • 2015-10-27 18:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ពិភព​ហូលីវូដ ឬ​បរទេស​ភាគច្រើន​ តារា​ៗ​ដែល​ឪពុក​ម្ដាយ​ជា​តារា​ល្បី​ឈ្មោះ​ស្រាប់ ច្រើន​ល្បី​ឈ្មោះ​តាម​ដែ ឬ​អាច​និយាយ​ថា​ល្បី​ជាង​អ្នក​មាន​គុណ​ផង​ក៏​ថា​បាន ក្រោយ​ហក់​​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​។ ចំណែក​ឯ​ស្រុក​យើង​​វិញ ក៏​មាន​សិល្បករ សិល្បការិនីខ្លះ មាន​លំនាំ​ដូច​គ្នា​នេះ​ដែរ គឺ​ល្បី​តាំង​ពី​ជំនាន់មុន មក​ដល់​ជំនាន់​ក្រោយ។ ថ្ងៃនេះ Sabay នឹង​បង្ហាញ​ថា ពួក​គេទាំង​នោះ ស្ថិត​ក្នុង​ត្រកូល​ណា​ខ្លះ​៖

 

១.យាយ​ ណយ សំណាង និង​កូន​ប្រុស វណ្ណា ស័ក្ដិ

 

 

 

លោក​យាយ  ណយ សំណាង ដែល​មាន​ជន្មាយុ ៧២ ឆ្នាំ​មក​ហើយ​នោះ គឺជា​តារា​ជើង​ចាស់​ដែល​ចេះ​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​ទាំង ល្ខោន ភ្លេង​ការ អាយ៉ៃ យីកេ មហោរី កំប្លែង និង​ទេព​កោសល្យ​មួយ​ចំនួន​ទៀត។ ចំណែក​កូន​ប្រុស​លោក​យាយ គឺ វណ្ណា ស័ក្ដិ ជា​តារា​ចម្រៀង​ដែល​វិវត្តន៍​ខ្លួន​ពី​អ្នក​រាំ​ប្រចាំ​បុស្ដិ៍​លេខ ៥ មក​​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម M ។ បទ​របស់ វណ្ណា ស័ក្ដិ ​ដែល​ប្រិយមិត្ត​គាំទ្រ​ខ្លាំង​ គឺ​បទ "ពេល​ស្រវឹង​ទើប​ដឹង​ថា​នឹក​អូន​ជាង​គេ”។

 

២.​តា​សង់ស៊ីស និង​កូន​ស្រី សុន ស្រីពេជ្រ

 

 

តារា​កំប្លែង​ស្ងួត​លោកតា សង់ស៊ីស មាន​កូនស្រី​ប្រុសពីរ​នាក់​ក៏​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នេះ​ដែរ គឺ​លោក​ សង់ សេត និង​កញ្ញា សុន ស្រីពេជ្រ តែ​កូន​ស្រី​លោក​តា​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង​កូន​ប្រុស។  ស៊ុន ស្រីពេជ្រ គឺជា​តារាចម្រៀង​ច្រៀង​ឲ្យ​​ផលិតកម្ម​រស្មី​ហង្សមាស តែ​កញ្ញា​មាន​ឈ្មោះ​ល្បី​តាម​រយៈ​បទ​ចម្រៀង​របស់​ក្រសួង​ទេសចរណ៍។

 

៣.យាយ យ៉យ និង​កូន​ប្រុស នាយ ព្រែក

 

 

នួន សារី ជា​ឈ្មោះ​ពិត​របស់ យាយ យ៉យ ។  យាយ យ៉យ​ ក៏​ជា​តារា​ជើងចាស់​ដែល​ចេះ​សិល្បៈ​ច្រើន​ទម្រង់​មិន​ចាញ់​យាយ ណាង ប៉ុន្មាន​ដែរ​។ តារា​វ័យ ៥៩ ឆ្នាំ​រូប​នេះ​លេ ចធ្លោ​ខ្លាំង​ក្រោយ​ចាប់​ដៃគូ​ច្រៀង​អាយ៉ៃ​ជាមួយ​លោក ព្រហ្ម ម៉ាញ។ តារា​ស្រី​សម្បុរ​សណ្ដែកបាយ​ខាងលើ​ ក៏​មាន​កូន​ប្រុស​ម្នាក់​ដែល​កំពុង​មាន​ឈ្មោះ​ល្បី​ក្នុង​​វិស័យ​សិល្បៈ​​ដែរ​ នោះគឺ​លោក ខេង រតនៈ ហៅ​នាយ​ព្រែក។ រលក​ក្រោយ​រូប​នេះ ធ្លាប់​ល្បី​ឈ្មោះ​ខ្លាំង​ពេល​សម្ដែង​ជាមួយ​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ច្រើន​លើក​ច្រើន​សារ ហើយ​បច្ចុប្បន្ន​លោក​គឺជា​ពិធី​ករ​មួយ​រូប​ផង​ដែរ៕

 

៤.វ័រ សារុន និង សារុន កល្យាណ ឬ Jimmy Kiss

 

 

តារា​ចម្រៀង​ស្រករ​ក្រោយ ដែល​មាន​និន្នាការ​មិន​ចម្លងបទ​បរទេស​ ពោល​គឺ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង លោក Jimmy Kiss ជា​កូន​ប្រុស​របស់​លោក វ័រ សារុន អតីត​តារា​ចម្រៀង​ល្បីល្បាញក្នុង​​​ទសវត្សរ៍​ ៦០ តាម​រយៈ​បទ “ម៉ាក់ស៊ី” និង​ បទ “ញៀន​បារី” ជា​ដើម។ អតីត​តារា​ចម្រៀងជើង​ចាស់​រូប​នេះ សព្វ​ថ្ងៃ​រស់​នៅ​រាជធានី​ភ្នំពេញ និង​បាន​​បោះបង់​សិល្បៈ​ទាំង​ស្រុង។

 

៥.នាយ កុយ និង​កូន​ប្រុស នាយ កយ

 

 

តារា​កំប្លែង​ដែល​នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព​មិន​ចេះ​​រីងស្ងួត​​លោក ជួង ជី ហៅ​នាយ​កុយ​ បាន​អូស​ទាញ​កូន​ប្រុស នាយ កយ ឲ្យ​ប្រឡូក​ក្នុង​អាជីព​កំប្លែង​ជាមួយ​គ្នា។ នាយ​កយ ក៏​ត្រូវ​បាន​ទស្សនិកជន​សរសើរ​ថា​មានតិចនិក​កំប្លែង​មិន​ចាញ់​ឪពុក​ប៉ុន្មាន​ដែរ។

 

៦.ហួរ ឡាវី និង​កូនស្រី វី ដាណែត

 

 

លោក ហួរ ឡាវី គឺជា​តារា​ចម្រៀង​សម័យ​ជើង​ចាស់​សំឡេង​ស្អក​គ្មាន​ពីរ​តាំង​ពី​ទសវត្សរ៍ ៨០ រហូត​ដល់​បច្ចុប្បន្ន។ សព្វ​ថ្ងៃ​លោក​ជា​តារា​ចម្រៀង​ប្រចាំ​ក្រុម​សិល្បៈ​ក្រសួង​ការពារ​ជាតិ និង​ជា​គ្រូ​បង្ហាត់​ប្រចាំ​ក្លឹប​សិល្បៈ​តារា​មាស។ លោក​ធ្លាប់​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន​ ដូច​ជា​បទ “អោយ​បង​សុំ​ស្រឡាញ់​ផង”  និង​ បទ "ស្គាល់​តែ​ក្លិន​មិន​បាន​ខ្លួន” “អាណែត​មាស​បង” ជា​ដើម។ ចំណែក​កូន​ស្រី​លោក  វី ដាណែត គឺជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ពី​សំណាក់​យុវវ័យ។

 

៧.តា​វីតាមីនសេ និង​កូន​ស្រី ប៉េងប៉ោង

 

 

តារា​កំប្លែង​មិន​រីង​ស្ងួត ​វីតាមីនសេ មាន​អាយុ ៦៧ ឆ្នាំ​រូប​នេះ​ មាន​អតីត​ភាព​ជា​អ្នក​សម្ដែង​ល្ខោនបាសាក់។ ពេល​ហក់​ចូល​អាជីព​ជា​អ្នក​កំប្លែង​នេះ លោក​ក៏​បាន​អូស​ទាញ​កូនស្រី​គឺ​អ្នកស្រី មឿន និមល ​ហៅ​នាង ប៉េង​ប៉ោង មក​ចូល​ក្នុង​វិស័យ​នេះ​ដែរ។

 

៨. សុះ ម៉ាត់ និង​​កូន​ប្រុស សុះ ម៉ាច

 

 

សព្វ​ថ្ងៃ​លោក សុះ ម៉ាច ជា​តារា​ចម្រៀង​ និង​​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ។ ប្រធាន​សមាគម​រូប​នេះ ជា​កូន​ប្រុស​បង្កើត​អតីត​តារា​ចម្រៀង សុះ ម៉ាត់ ល្បីល្បាញ​​រួម​ជំនាន់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ក្នុង​ទសវត្ស​ ៦០- ៧០ តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន​ដូច​ជា​បទ " អាកាសយាន”  ​បទ "ផ្ញើ​កង​ចង​ដៃ” “ទឹក​ភ្នែក​ម្ដាយ​ខ្ញុំ” ជា​ដើម។ លោក សុះ ម៉ាត់ ស្លាប់​ក្នុង​របប ប៉ុល ពត ហើយ​ស្នាដៃ​ចម្រៀងជា​ច្រើន ហាក់​​​​នៅ​រាយប៉ាយ​ទាំង​ក្នុង​ និង​ ក្រៅ​ប្រទេស៕

 

អត្ថបទ៖ទ្រី រ៉ាវី