តួ​ស្រទន់ ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍" ជា​អ្នក​ណា​?

  • 2015-10-27 17:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​ដែល​និយម​គាំ​ទ្រ​ប្រលោម​លោក​ Sabay ​គ្រាន់​តែ​ឃើញ​​ពាក្យ​ថា​ "ស្រទន់" ច្បាស់​ជា​​នឹក​ទៅ​ដល់​រឿង "ស្រទន់​មន្ត​ស្នេហ៍" ដែល​ជា​ស្នាដៃ​របស់​អ្នក​និពន្ធ ម៉ីសន សុធារី ជា​មិន​ខាន។

 

មក​ដល់​ចំណុច​នេះ សុំ​រំលឹក​ទៅ​ដល់​តួ ស្រទន់​ ​បន្តិច​ នាង​ជា​នារី​ម្នាក់​ដែល​មាន​ចរិត​ស្លូត​បូត​សុភាព​រាប​សារ​ ចូល​ចិត្ត​និយាយ​ត្រង់​ឃើញ​អ្វី​ថា​​ហ្នឹង​។ ក្នុង​រឿង ​"ស្រទន់​មន្ត​ស្នេហ៍​" នេះ​ទៀត​សោត​ នាង​ត្រូវ​បាន​តួ​​ផ្សេង​ៗ​តាម​ធ្វើ​បាប​នាង​ឥត​ល្ហែ ប៉ុន្តែ​ បាន​តួ​ប្រុស​ឈ្មោះ​ ដេត​ ភូមិន្ទ តាម​ជួយ​នាង​គ្រប់​ពេល​វេលា​ទៀត​ផង​​។

 

តើ​តួ​ស្រទន់​មាន​ជីវ​ប្រ​វត្តិ​បែប​ណា? តោះ​តាម​ដាន​ជាមួយ​ Sabay ទាំង​អស់​គ្នា៖

 

ស៊ឹម ស្រីមុំ ជា​ឈ្មោះ​ពិត​របស់​ស្រទន់ នាង​មាន​អាយុ​ ២១ឆ្នាំ​ កម្ពស់ ១៦៥ សង់ទី​ម៉ែត្រ ទម្ងន់ ៤៥ គីឡូ​ក្រាម​ បង​ប្អូន​ ២​នាក់​ ប្រុស​១​ ស្រី​១​ នាង​ជា​កូន​ពៅ។ លោក​ ឪពុក​ ឈ្មោះ ស៊ឹម​ សឿន ជា​អ្នក​ម៉ៅ​ការ​សំណង់ ​​អ្នក​ម្ដាយ​ឈ្មោះ តាំង ហ្កិចទៀង ធ្វើ​ការ​នៅ​រោង​ចក្រ។

 

 

ជីវិត​ពេល​នៅ​សិក្សា

 

ដោយសារ​ជីវភាព​ខ្វះ​ខាត លោក​ឪពុក​​​​ក៏​ឈឺ​ ស្រី​មុំ​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​ តាំង​ពី​ថ្នាក់​ទី​៧​មក​ម្ល៉េះ​។ ស្រី​មុំ​ ប្រាប់​ថា ​ឪពុក​ម្ដាយ​មិន​ចង់​ឲ្យ​នាង​ឈប់​​រៀន​ទេ ​ប៉ុន្តែ​ បើ​សិន​ជា​ទៅ​រៀន​ នាង​ត្រូវ​ការ​លុយ​ដើម្បី​ចំណាយ​ទៅ​លើ​សម្ភារៈ​សិក្សា​មួយ​ចំនួន​ទើប​បាន។ គួប​ផ្សំ​នឹង​ជីវភាព​ខ្វះ​ខាត​​ផង​នោះ​ នាង​​​​​មិន​អាច​​បន្ត​ទៀត​បាន​ទេ។ សព្វ​ថ្ងៃ​នេះ​នាង​ រៀន​អង់គ្លេស​នៅ​ផ្ទះ​តិច​តួច​ដើម្បី​ពង្រឹង​ចំណេះ​​ដឹង​នាង​បន្ថែម​ទៀត​ ។

 

ជីវិត​ចូល​សិល្បៈ

 

ស្រី​មុំ បោះ​ជំហាន​ចូល​សិល្បៈ​តាម​រយៈ​ការ​ប្រលង​កញ្ញា​ឯក ប្រីជ​តុន ​ឆ្នាំ ២០១៣ ។ នាង​ប្រាប់​ថា​ ការ​ប្រលង​តែង​តែ​មាន​ចាញ់​ឈ្នះ ដោយ​នាង​បាន​ឈាន​ដល់​វគ្គ​ជម្រុះ ១០​នាក់​ចុង​ក្រោយ​​​។ បន្ទាប់​ពី​ធ្លាក់​នៅ​ក្នុង​ការ​ប្រលង​នោះ​ មាន​ខាង​ក្រុម​ដើរ​ម៉ូដ​​​មួយ​ចាប់​អារម្មណ៍​នាង​ក៏​បាន​ទាក់​ទង​ឲ្យ​ទៅ​ដើរ​ម៉ូដ​​ឲ្យ​។ វិវត្ត​ន៍​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ខាង​ផលិត​កម្ម​នានា​បាន​មើល​ឃើញ​ពី​សមត្ថភាព ​និង​ស្គាល់​​នាង​​តាម​រយៈ​ការ​ដើរ​ម៉ូដ​ក៏​ត្រូវ​បាន​ផលិត​កម្ម​​ផ្សេង​ៗ​ទាក់​ទង​ថត​ MV ​។ បទ​ទាំង​នោះ​មាន​ដូចជា​បទ​ "ខ្ញុំ​ខ្លាច​ហើយ​លុយ​  " "បែក​អូន​បង​មាន​លុយ​ចាយ​ច្រើន​ជាង​មុន​" "កុំ​ដុត​បង​ឈឺ​ពេក"​ "លាក់​ទឹក​ភ្នែក​ក្រោយ​ខ្នង​​ " ចំណែក​រឿង​កុន​វិញ​​បាន​ ២​ ដូចជា​ "រនាត​ស្នេហ៍" និង "​អ្នក​លេង​ជើង​ខ្វេរ"​ជា​ដើម។

 

 

ការ​លំបាក​ក្នុង​វិស័យ​សិល្បៈ

 

ការ​លំបាក​អ្នក​ណា​ក៏​​មាន​ដែរ អ្នកខ្លះ​ជួប​ប្រទះ​បែប​នោះ​អ្នក​ខ្លះ​បែប​នេះ អាស្រ័យ​ទៅ​តាម​រឿង​របស់​ពួកគេ។ ចំពោះ​ ស្រីមុំ វិញ​ នាង​ពិបាក​រឿង​យាន​ជំនិះ​សម្រាប់​ធ្វើ​ដំណើរ​ពេល​ទៅ​ណា​ម្ដង​ៗ ជា​ពិសេស​ពេល​ទៅ​ធ្វើ​ការ ជួន​កាល​ត្រូវ​ទៅ​ជាមួយ មិត្ត​ភក្តិ ជួន​កាល​​ឪពុក​អ្នក​ជូន​ទៅ ​ជួន​កាល​ទៀត​ក៏​​ម៉ូតូ​ឌុប​។

 

 

ស្រីមុំ ឬ​ស្រទន់ ក្នុង​វីដេអូ​ចម្រៀង "បើ​សិន​ជា​អូន​នៅ​ជិត​បង" របស់ Sabay E-novel

 

"ហើយ​ម៉ូតូ​ឌុប​ហ្នឹង​ញឹក​ញាប់​ជាទី​បំផុត​​បង​ ព្រោះ​ពេល​ខ្លះ​ការងារ​មាន​គេ​ទាក់ទង​ភ្លាមៗ​ប៉ា​ញ៉ុម​គាត់​មក​យក​អត់​ទាន់​ចឹង​មាន​តែ​ម៉ូ​តូ​ឌុប"។ ស្រីមុំ ថ្លែង។

 

ស្រីមុំ បន្ត៖ “ ហើយ​បង​ការងារ​ខ្លះ​គេ​ត្រូវ​ហៅ​ខ្ញុំ​ទៅ​ថត​ ប៉ុន្តែ​មាន​មនុស្ស​នៅ​ចាំ​រារាំង​ ថា​មិន​បាច់​ឲ្យ​ហៅ​ខ្ញុំ​ទេ ព្រោះ​គេ​ថា​ខ្ញុំ​ឥឡូវ​មាន​ការងារ​ច្រើន​ហើយ​។ អ្នក​ខ្លះ​ទៀត​គេ​មើល​ងាយ​ ព្រោះ​ខ្ញុំ​អ្នក​ក្រ គេ​មិន​ចង់​និយាយ​រក​ ហើយ​គេ​មើល​មក​យើង​ដូច​មិន​ដល់​គេ​ចឹង​បង​"។​​

 

គោល​បំណង​ថ្ងៃ​អនាគត​

 

តួ​ស្រី​​ស្រទន់ ក្នុង​រឿង​ "ស្រទន់​មន្ត​ស្នេហ៍" ប្រាប់​ថា​ បើ​សិន​ជា​មាន​លុយ​គ្រប់​គ្រាន់​នាង​ នឹង​បើក​ហាង​អ៊ុត​សក់​មួយ​ ព្រោះ​ជំនាញ​នេះ ស្រីមុំ​ ​​ចេះ​តាំង​ពី​នាង​មាន​អាយុ​ ៩​ ឆ្នាំ​មក​ម្ល៉េះ ​និង ​ទិញ​យាន​ជំនិះ​សម្រាប់​ធ្វើ​ដំណើរ កុំ​ចាំ​តែ​ពឹង​គេ​។ ចំពោះ​វិស័យ​សិល្បៈ​វិញ​បើ​មាន​ខាង​ផលិតកម្ម​ទាក់​ទង​ច្រើន​ការងារ​កាន់​តែ​រីក​ចម្រើន និង​មាន​ ទស្សនិកជន​ស្គាល់​ច្រើន​ នាង​នឹង​បន្ត​អា​ជីព​សិល្បៈ​ដដែល៕

 

ហេង ពិទូ ពី​តារា​ចម្រៀង​ទៅ​ជា​ឯក​អគ្គ​រាជ​ទូត​នៃ​ចម្រៀង Original

 

អត្ថបទ៖ ថា ម៉ាលីដា