យុវជនមួយក្រុមបង្កើត App ជួយបកប្រែភាសាគដល់ជនពិការ
- 2015-10-28 17:46:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនមួយក្រុមបង្កើត App ជួយបកប្រែភាសាគដល់ជនពិការ
ចន្លោះមិនឃើញ
យុវជនមួយក្រុមឈ្មោះ The Khmer Nerd បង្កើតកម្មវិធីឆ្លាតវៃ Gesture Translator ដើម្បីជួយបកប្រែភាសាគសម្រាប់ជនពិការគថ្លង់។
សមាជិកក្រុម The Khmer Nerd
Gesture Translator នេះអាចបកប្រែភាសាកាយវិការទៅជាពាក្យសម្រាប់អាន និងមានសំឡេងដោយប្រើប្រាស់កាមេរ៉ាចាប់យកចលនាដៃ (ភាសាកាយវិការ) ហើយបកប្រែវាទៅជាពាក្យនិងសំឡេង ដើម្បីសម្រួលដល់ការទាក់ទងគ្នារបស់ជនពិការ (គ ថ្លង់) ជាមួយមនុស្សនៅជុំវិញ។
លោក ជី សុថារិទ្ធ ដែលជាប្រធានក្រុម The Khmer Nerd បានឱ្យដឹងថា ក្រុមរបស់លោកជួបការលំបាកច្រើន ដើម្បីអាចបង្កើត App នេះឡើងដោយសារមានពេលតិចតួច និងកង្វះខាតផ្នែកធនធាន។
"ដោយសារពេលវេលាខ្លី ដូច្នេះសមាជិកទាំងអស់ក្នុងក្រុមត្រូវព្យាយាមយ៉ាងណាឱ្យ App នេះដំណើរការល្អ។ ការទាក់ទងគ្នាក្នុងក្រុមភាគច្រើនគឺត្រូវប្រើ Skype ជំនួស អ៊ីចឹងយើងលំបាកសម្រាប់ការតេស្តវា (កម្មវិធី) ដូច្នេះបង្ខំចិត្តឱ្យសមាជិកក្រុមម្នាក់ (ផាណា) ដែលទទួលខុសត្រូវក្នុងការសរសេរកូដ ប្រើជើងជំនួសដៃ"។
ការមើលឃើញការលំបាកក្នុងការប្រាស្រ័យទាក់ទងគ្នារបស់ជន ពិការ គ ថ្លង់ ទើបក្រុម The Khmer Nerd ព្យាយាមបង្កើតកម្មវិធី Gesture Translator នេះឡើង ដើម្បីជួយសម្រួលដល់ការទំនាក់ទំនងរបស់ជនពិការគថ្លង់ និងអាចឱ្យអ្នកជុំវិញអាចនិយាយស្តាប់យល់ពីអត្ថន័យ។
លោក ជី សុថារិ្ធ បន្តថា Gesture Translator ក្រុមលោកបង្កើតឡើងដោយប្រើរយៈពេលតែ១០ម៉ោងប៉ុណ្ណោះ និងបានយកទៅចូលរួមការប្រកួតក្នុងកម្មវិធី Hack+Marathon (ហៅកាត់ថា Hackathon) នាព្រឹត្តិការណ៍នៃការជួបជុំអភិវឌ្ឍបច្ចេកវិទ្យា Google GDG DevFest Cambodia 2015 កាលពីថ្ងៃទី ៣និងទី៤តុលាកន្លងទៅ ទទួលបានចំណាត់ថ្នាក់លេខ ១។
លោកថាApp នេះជាគំនិតបង្កើតថ្មីដែលអាចផ្តល់សារប្រយោជន៍ច្រើនដល់សង្គមបើធៀប App ក្រុមផ្សេងទៀត ហេតុដូច្នេះទើបធ្វើឱ្យ App របស់ក្រុមរបស់លោកទទួលបានចំណាត់ថ្នាក់លេខ១ តាមពីក្រោយដោយ Alpha Dev លេខ២ (App ឈ្មោះថា ភូមិរំដួល Phum rumdoul ) និងក្រុមលេខបីឈ្មោះ Dragon Moon (App ឈ្មោះថាញ៉ាំអី Nham Eii)។
យ៉ាងណាមិញ បើតាមក្រុម The Khmer Nerd គម្រោង App នេះនៅពុំទាន់អាចប្រើប្រាស់នៅលើ Play Store នៅឡើយទេ ដោយសារគុណភាពនៅមានកម្រិត ព្រោះមានតែមុខងារបកប្រែភាសាកាយវិការ៣សិនប៉ុណ្ណោះដូចជា សួរស្តី (លាម្រាមដៃទាំងអស់) ល្អ (លើកមេដៃ) និងជោគជ័យ (ក្ដាប់ដៃ)។
លោកបញ្ជាក់ថា The Khmer Nerd ត្រូវការដៃគូសហការ ដើម្បីជួយឱ្យគុណភាព Gesture Translator កាន់តែឆ្លាតវៃ មានភាសាកាយវិការច្រើនទៀត ដើម្បីឱ្យការប្រើប្រាស់កាន់តែទូលំទូលាយ សម្រាប់បម្រើជាប្រយោជន៍មួយផ្នែកជួយដល់សង្គម៕
អត្ថបទ៖ ប៉ែត ផាន់និត